• Today: November 21, 2024

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមពាក់ព័ន្ធករណីកាច់សោ.កម៉ូតូបុគ្គលិកកាស៊ីណូក្រុងបាវិត


ខេត្តស្វាយរៀង ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមម្នាក់ពាក់ព័ន្ធករណីកាច់សោ.កម៉ូតូបុគ្គលិកកាស៊ីណូនៅក្រុងបាវិតផ្អើលទាំងយប់។


  ហេតុការណ៍ឃាត់ខ្លួនធ្វើឡើងនាវេលាម៉ោង ១:៥៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣  នៅតាមបណ្តោយផ្លូវជាតិលេខ១ ខាងមុខក្រុមហ៊ុនកាស៊ីណូពិភពថ្មី ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
   យោងតាមសមត្ថកិច្ចនគរបាលក្រុងបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ង្វៀង ជុងហៀប  អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិភឿកឡើយ ឃុំភឿកបិន ស្រុកត្រាងបាង ខេត្តតៃនិញ ។
   ចំណែកម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះ ថាន់ រ៉ាឌី ភេទប្រុស អាយុ២៥ឆ្នាំជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅភូមិអន្លង់ស្ពាន ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលលេខ៥ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
   ចំពោះម៉ូតូដែលជនសង្ស័យជិះយកទៅបាត់នោះ ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១S-៣២៤៩។
  ប្រភពបន្តថា កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃខែឆ្នាំដូចខាងលើ ប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិតបានទទួលពាក្យបណ្តឹង០១ច្បាប់ពីជនរងគ្រោះឈ្មោះ ថាន់ រ៉ាឌី បានប្តឹងចោទប្រកាន់ទៅលើជនសង្ស័យ(មិនស្គាល់អត្តសញ្ញាណ) ភេទប្រុស  បានធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូ០១គ្រឿងម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1S-3249 ដែលបញ្ឈរទុកនៅខាងមុខបន្ទប់ជួល រួចគេចខ្លួនបាត់ ។
   ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចនគរបាលបានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងពិនិត្យមើលតាមប្រព័ន្ធកាមេរ៉ាសុវត្ថិភាពជុំវិញកន្លែងកើតហេតុ ក៏កំណត់បានមុខសញ្ញាដែលជាជនសង្ស័យ  ។
 បន្ទាប់មកកម្លាំងប៉ុស្តិ៍បានធ្វើការល្បាតរុករករហូតដល់វេលាម៉ោង ១:៥៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក៏ប្រទះឃើញជនសង្ស័យដែលមានភិនភាគខាងលើ កំពុងដើរនៅតាមបណ្តោយផ្លូវជាតិលេខ១ ខាងមុខក្រុមហ៊ុនកាស៊ីណូពិភពថ្មី ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង សមត្ថកិច្ចយើងធ្វើការនាំខ្លួនជនសង្ស័យមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតដើម្បីសាកសួរ ។
 នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ង្វៀង ជុងហៀប បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូប្រាកដមែន ដោយសារតែត្រូវការប្រាក់ជាចាំបាច់ ។
  បន្ទាប់ពីទទួលបានចម្លើយសារភាព រួចមក សមត្ថកិច្ចនគរបាលបាននាំខ្លួនជនសង្ស័យមកផ្ទះរបស់គេដែលបានលាក់ទុកម៉ូតូរបស់ជនរងគ្រោះក្រោយពីធ្វើសកម្មភាពកាច់ករួចមក។
  ក្រោយមក សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់៕

Tags

Comment