• Today: November 21, 2024

ស្នងការនគរបាលខេត្តពោធិ៍សាត់ ដឹកនាំកម្លាំងចុះសួរសុខទុក្ខកម្លាំងនគរបាល នៃវរសេនាតូចការពារខ្សែក្រវ៉ាត់ព្រំដែនគោកលេខ៨២៥

ពោធិ៍សាត់៖ ដោយមានការគិតគូ និងយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត បានដឹកនាំគណៈស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខបងប្អូនកងកម្លាំងនគរបាលនៃវរៈសេនាតូចការពារបន្ទាត់ខ្សែក្រវ៉ាត់ព្រំដែនគោកលេខ៨២៥ ។ 
 

ពិធីចុះសួសុខទុកនេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០២៣ នៅទីបញ្ជារការលេខ៨២៥ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ 

លោកវរសេនីយ៍ឯក លន់ លាង មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ បានឡើងអានរបាយការណ៍អំពីទីតាំងភូមិសាស្ត្រ និងសភាពការណ៍សន្តិសុខ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ និងកិច្ចសហការប្រតិបត្តិការល្បាតការពារតាមគោលដៅ និងស្ថានភាពទំនាក់ទំនងបានយ៉ាងល្អរវាងប្រទេសទាំងពីរឱ្យថ្នាក់ដឹករូច។ 

លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត បានសំណេះសំណាលទៅកាន់កងកម្លាំងនគរបាលការពារខ្សែក្រវ៉ាត់ព្រំដែនលេខ៨២៥ ហើយបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ដែលតែងតែយកចិត្តទុកដាក់ របស់កងកម្លាំងនគរបាល ជាពិសេសកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែន ដែលជាកម្លាំងជួរមុខ ប្រឈមក្នុងសមរភូមិការពារបូរណភាពទឹកដែន រក្សាការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន ។ 

លោកស្នងការ បានសំណូមពរដល់កងកម្លាំង ត្រូវរួមចិត្ត រួមកម្លាំងគ្នា រក្សាការពារ សន្តិភាព ដើម្បីឲ្យប្រទេសជាតិ បន្តការអភិវឌ្ឍន៍ រីកចម្រើនបន្ថែមទៀត ក្នុងឱកាសនោះដែរ លោកស្នងការ បានប្រគល់ជូនអង្ករ ចំនួន ២តោន, មី ចំនួន ២០កេសធំ, ទឹកពិសារបរិសុទ្ធ ចំនួន ៥០កេស, ភេសជ្ជៈ ចំនួន ៥០កេស ក្រមារ ចំនួន ១៦០ ត្រីខ ចំនួន ១៣កេស និងជូនថវិកាក្នុងម្នាក់បាន ចំនួន ២មុឺនរៀល៕

Tags

Comment