ភ្នំពេញ ៖ ស្រ្តីជនជាតិចិនម្នាក់ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនធ្វើការឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ពាក់ពន្ធករណីកែច្នៃ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រមាណជាង២៣ គីឡូក្រាម និងសារធាតុគីមីផ្សំជាង១២០ គីឡូក្រាម ។
ជនសង្ស័យមានឈ្មោះអ៊ូ ហរ័ ជិន (WU HUA ZHEN) ភេទស្រី អាយុ៤៣ ឆ្នាំ ជនជាតិចិន ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចដឹកតាមរថយន្តចូលទៅក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញ ដោយឆ្លងកាត់ទ្វាររបង”ចេញបិទចូលបិទ” មិនអនុញ្ញាតឱ្យអ្នកសារព័ត៌មានបាន(ឆ្លុះ)ថតផ្តិតយករូបភាពជនសង្ស័យទេ លុះពេលចូលទៅដល់ខាងក្នុងនោះទៀត សមត្ថកិច្ចបាននាំយកជនសង្ស័យទៅដាក់ក្នុងបន្ទប់ជាន់ក្រោមដីដើម្បីរង់ចាំការចាត់បញ្ជូនទៅតំណាងអយ្យការ ធ្វើការសាកសួរ ។សំណុំរឿងស្ត្រីជនជាតិចិនជួញដូរគ្រឿងញៀនជាង២៣ គីឡូក្រាម និងសារធាតុផ្សំជាង១២០ គីឡូក្រាមខាងលើនេះ ត្រូវបានស្ថិតនៅលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ ។
សូមជម្រាបថា ដោយអនុវត្តតាមបញ្ជាលោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់ពីឧត្ដមសេនីយ៍ឯកឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងសមត្តកិច្ចនគរបាលជំនាញការិយាល័យ (ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយឧត្ដមសេនីយ៍ទោ សារី បុត្រសត្យា ឧត្តមសេនីយ៍ត្រី យឹម សែនឧត្ដមនាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ វរសេនីយ៍ត្រី ផៃ កុសល នាយរងការិយាល័យ ដោយមានការសម្របសម្រួលពីលោក អ៊ុំ សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានចុះបង្ក្រាបករណីកែច្នៃ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្ដនៅចំណុចខុនដូមួយកន្លែង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យជាស្រ្តីជនជាតិចិនម្នាក់ ។ ប្រតិបត្តិការនោះសមត្តកិច្ចបានចាប់យកវត្ថុតាងរួមមាន ៖
-សារធាតុញៀនប្រភេទ មេតំហ្វេតាមីន ចំនួន ១៣២.៣៣ ក្រាម
-សារធាតុញៀប្រភេទកេតាមីនចំនួន ៩៨៤.២៩ ក្រាម
-ថ្នាំប្រភេទ MDMA ២២៥៧០.៥ ក្រាម សរុបទាំងអស់សាធាតុញៀនមានទម្ងន់ ២៣ ៦៧៦.៦៧ ក្រាម (ជាង២៣គីឡូក្រាម) ។
-សារធាតុមិនច្បាស់ទម្ងន់ ១២២ គីឡូក្រាម ៩៣៤ ក្រាម ៕
Comment