• Today: November 21, 2024

គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ម្នាក់ ដែលដកកាំភ្លើងខ្លីកណ្តាលហ្វូងមនុស្ស ព្រោះតែទំនាស់គ្នាបន្តិចបន្តូចក្នុងអំឡុងពេលប្រកួត កំពុងរត់គេចខ្លួន ខណៈពេលនេះប៉េអឹមខេត្តតាកែវដកហូតបានកាំភ្លើង និងកសាងសំណុំរឿងបញ្ជូនទៅតយុលាការ

តាកែវ៖ បុគ្គលជាគ្រូបង្វឹកក្រុមកីឡាបាល់ទាត់ម្នាក់ នៅខេត្តតាកែវ ដែលដកកាំភ្លើងពីចង្កេះ ដើម្បីគំរាមភាគីក្រុមកីឡាករម្ខាងទៀត នៅមុខហ្វូងមហាជន ខណៈពេលមានការប៉ះទង្គិចគ្នាបន្តិចបន្តូចក្នុងអំឡុងពេលការប្រកួតនោះ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តតាកែវ បានដកហូតអាវុធយកយមករក្សាទុក និងកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ខណៈម្ចាស់កាំភ្លើងបានរត់គេចខ្លួនដោយសុវត្ថុភាព។

តាមសេចរាយការណ៍ព័ត៌មាន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នេះ ជនស្លៀកពាក់ស៊ីវិលមានកាំភ្លើងខ្លីសៀតចង្កេះ ដែលគេស្គាល់ថាជាគ្រូបង្វឹកក្រុមកីឡាបាល់ទាត់ ត្រូវបានប៉េអឹមខេត្តតាកែវដកហូតយកមករក្សាទុក ប៉ុន្តែម្ចាស់កាំភ្លើងមិនត្រូវបានចាប់ខ្លួននោះទេ ដោយខាងប៉េអឹមអះអាងថា ជនសង្ស័យបានរត់គេចខ្លួនបាត់។

សូមជម្រាបថា ការបែកធ្លាយឃ្លីបវីដេអូបង្ហោះមួយត្រូវបានបង្ហោះ និងចែកចាយតាមបណ្តាញសង្គមកាលពីពេលថ្មីៗនេះ មានបុគ្គលជាគ្រូបង្វឹកកីឡាករបាល់ទាត់បានដកកាំភ្លើងគំរាមភាគីក្រុមកីឡាករម្ខាងទៀត ដែលមានការប៉ះទង្គិចគ្នាបន្តិចបន្តួចពេលប្រកួតគ្នាបង្កឱ្យមានការរិះគន់ពីសំណាក់មហាជនយ៉ាងខ្លាំង។ ហេតុការណ៍គ្រូបង្វឹកកីឡាបាល់ទាត់បង្អូតកាំភ្លើងនេះ កើតមាននៅវិទ្យាល័យសម្ដេចតេជោ វត្តអង្គព្រះស្ដេច ក្នុងភូមិបីពៃ ឃុំបឹងត្រាញ់ ស្រុកសំរោង ខេត្តតាកែវ។

យោងតាមបណ្តឹងរបស់ឈ្មោះ នួន តុលា ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ បានបញ្ជាក់ថា“នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោង ៥និង១០នាទីល្ងាច លោកបានដឹកនាំក្រុមកីឡាករបាល់ទាត់ពីស្រុកបាទី ចាប់ផ្តើមលេងជាមួយក្រុមរបស់ឈ្មោះ ស៊ន ប៊ុនធឿន ពេលកំពុងមានការប្រកួតនោះ ក្រុមកីឡាករមានការប៉ះទង្គិចគ្នារវាងកីឡាករនឹងកីឡាករ ហើយរូបលោកក៏បានសម្រុះសម្រួលដោយសុំទោស ស្រាប់តែពេលនោះ ឈ្មោះ ស៊ន ប៊ុនធឿន និងបក្ខពួកជាច្រើននាក់បង្ករឿងជាហិង្សាប្រើដាវ ដំបង ដុំថ្ម គប់មកលើរូបលោក និងក្រុមកីឡារបស់លោកតែម្តង”។

សូមបញ្ជាក់ថា ក្រោយពេលបែកធ្លាយវីដេអូនេះ និងមហាជនរិះគន់ខ្លាំងលើបណ្តាញសង្គមសមត្ថកិច្ចបានដកហូតអាវុធខ្លីដែលជនសង្ស័យប្រើប្រាស់គំរាមកំហែងភាគីម្ខាងទៀតបានហើយ ប៉ុន្តែមុខសញ្ញា គឺបានរត់គេចខ្លួនបាត់ស្រមោល ហើយសមត្ថកិច្ចកកំពុងតាមប្រមាញ់ផងដែរ៕

Tags

Comment