ភ្នំពេញ ៖ លោក សួន បូរិទ្ធ ដែលជាអធិការរងទទួលផែនចរាចរណ៍ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីឈ្នះ=ឈ្នះ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ សួន បូរិទ្ធ ភេទប្រុស អាយុជាង៤០ឆ្នាំ ជាមន្រ្តីនគរបាលទទួលផែនចរាចរណ៍មានតួនាទីជាអធិការរងខណ្ឌព្រែកព្នៅ រស់នៅផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បេីតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជាអធិការរងទទួលផែនចរាចរណ៍ខណ្ឌព្រែកព្នៅខាងលេីបានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខនគរបាល 1-6000 ចេញពីផ្ទះមិត្តភក្កិក្បែរនឹងកន្លែងកន្លែងកើតហេតុខាងលើក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ។ ពេលជិះចេញបានបន្តិចក៏ត្រូវរថយន្តមិនចាំម៉ាកមួយគ្រឿងបើកបរតាមបណ្តោយមហាវិថីវិមានឈ្នះ=ឈ្នះក្នុង ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿននិងមិនបង្អង់ក៏ជ្រុលទៅបុកម៉ូតូឌ្រីមជិះដោយជនរងគ្រោះខាងលេីចំពាក់កណ្តាលចំហៀងខាងឆ្វេងពេញទំហឹងបណ្តាលឱ្យដួលបោកក្បាលនៅនឹងថ្នល់ស្លាប់ភ្លាមមួយរំពេច ចំណែករថយន្តបង្កវិញបន្ថែមល្បឿនបេីកគេចខ្លួនបាត់ទៅ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយខាងជំនាញចរាចរណ៍ បានចុះមកដល់ធ្វេីការពិនិត្យនិងធ្វេីការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅជាបណ្ដោះអាសន្ន និងធ្វើកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
Comment