កំពង់ស្ពឺ៖ សមត្ថកិច្ចនគរបាល នៃអធិការដ្ឋានស្រុកគងពិសី បានធ្វើការអំពាវនាវស្វែងរកសាច់ញាតិ យុវជនម្នាក់ជាភ្នាក់ងារអង្គភាពសារព័ត៌មាន “មហាជន” ដែលជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគូតគូតរថយន្តបណ្តាលឱ្យរងរបួសធ្ងន់ស្លប់ស្តូកស្តឹងមិនទាក់ដឹងខ្លួន កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកគងពិសី។
មន្ត្រីនគរបាលផ្នែកចរាចរណ៍ នៃអធិការដ្ឋានស្រុកគងពិសី បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ នី រ៉ូសេត អាយុជាង ២០ឆ្នាំ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកគងពិសី កំពុងត្រូវបានយកចិត្តទុកដាក់ការព្យាបាលពីក្រុមគ្រូពេទ្យ នៅមិនទាន់ដឹងខ្លួននៅឡើយនោះទេ។ នគរបាលបានឱ្យដឹងទៀតថា ជនរងគ្រោះបានជិះម៉ូតូបុករថយន្តពីក្រោយពេញទំហឹង នៅវេលាម៉ោង ០៦និង១០នាទីព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវក្រាលកៅស៊ូលេខ ១៤៣ ត្រង់ចំណុច ភូមិភែក ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
តាមរបាយការណ៍របស់នគរបាល បានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូតែម្នាក់ឯង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1N-4761 តាមបណ្តោយផ្លូវលេខ១៤៣ ក្នុងទិសដៅពីលិចទៅកើត លុះធ្វើដំណើរមកដល់ចំណុចកើតហេតុបានជ្រុលទៅបុករថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបានរត់គេចបាត់។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានរកឃើញនៅជាប់ខ្លួនមានបណ្ណសម្គាល់ខ្លួនជាអ្នកយកព័ត៌មានអង្គភាព “មហាជន” មានឈ្មោះ នី រ៉ូសេត អាយុជាង ២០ឆ្នាំ និងបានដឹកយកទៅមន្ទីរពេទ្យបង្អែកស្រុកគងពិសីជំនាញកំពុងស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះ និងសាច់ញាតិក្រុមគ្រួសារផងដែរ។
បប្ចុប្បន្ន ជនរងគ្រោះកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ និងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកគងពិសី ប៉ុន្តែមិនទាន់ស្គាល់់អត្តសញ្ញាណច្បាស់លាស់ ព្រមទាំងមិនទាន់ស្វែងរកសាច់ញាតិឃើញនៅឡើងទេ៕
Comment