កែប៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឆ្លើយតបទៅនឹងការចោទសួររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថា "ចាប់ពីម៉ោងនេះទៅ (១៥ មេសា ២០២៣) រដ្ឋបាលខេត្តកែបណែនាំក្រុមវិនិយោគបញ្ឈប់មិនអោយយកថ្លៃភាស៊ីឡើយ ហើយរដ្ឋបាលខេត្តនឹងធ្វើកិច្ចការនេះបន្តទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជូនបងប្អូនភ្ញៀវទេសចរមកលេងកម្សាន្តដោយសេរីនៅខេត្តកែប ក្រោមដំបូលសន្តិភាពសម្ដេចតេជោ"។
គណនីហ្វេសប៊ុកឈ្មោះ Samnang Nov បានសរសេរថា "គិតថាមិនចង់ទៅលេងកំពង់សោម ក៏ប្ដូរមកលេងកំពត ហើយក៏ឆ្លៀតពេលហួសមកលេងកែបមួយជុំ តែបែជាត្រូវមកខកចិត្តនិង រឿងនេះ ស្រុកគេបន់អោយតែគេនាំគ្នាមកលេងអោយច្រើ តែខេត្តនេះ ប្លែកខុសគេ គ្រាន់តែចូលដល់ត្រូវចំណាយលុយបាត់ទៅហើយ (ជិះកាត់ មិនឈប់ក៏ត្រូវបងលុយដែរ)"។
គណនីដដែលបានសរសេរទៀតថា "រឿងនេះយ៉ាងម៉េចវិញលោកអ្នកគ្រប់គ្រង ខេត្ត ជួយមើលផង តិចទៀតអស់ភ្ញៀវមកលេងខេត្តលោកទៀតតើ លោកបានអ្វីអួតគេ? មានរបស់ល្អហើយមិនផ្សព្វផ្សាយបជា មកយក លុយទាំងអស់បែបនេះ"។ គណនី Samnang Nov បានបន្ថែមថា "សួរទៅថាយកថ្លៃអនាម័យ តែកុំមើលក្រុង"។
ការឆ្លើយតបរបស់ចៅហ្វាយខេត្តកែប ធ្វើឡើងនៅថ្ងៃទី១៥ ខែមេសា បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានសរសេរបង្ហោះលើបណ្តាញតេលេក្រាម តើរឿងនេះជាការពិតទេឯកឧត្តមអភិបាលខេត្តកែប?
ករណីខាងលើកើតមានជាច្រើនឆ្នាំកន្លងមកហើយ ប៉ុន្តែអាជ្ញាធរខេត្តកែប គ្មានដំណោះស្រាយទេ រហូតមានប្រតិកម្មពីនាយករដ្ឋមន្ត្រីសួរនាំពីបញ្ហាយកលុយភ្ញៀវធ្វើដំណើរឆ្លងកាត់ឬចូលទៅកម្សាន្តក្រុងកែបទើបលោកចៅហ្វាយមានវិធានការ៕
Comment