• Today: November 21, 2024

ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ អំពាវនាវដល់សមាជិកត្រៀមខ្លួន និងឯកសារ ដើម្បីទៅបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា


(កំពង់ធំ)៖     លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ អំពាវនាវដល់សមាជិក សមាជិកាដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ត្រៀមខ្លួន និងឯកសារ ដើម្បីទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានលេខរៀងទី១៨។


លោកស្រីបានថ្លែងបែបនេះក្នុងពិធីសំណេះសំណាល និងបង្រៀនពីរបៀបគូសសន្លឹកឆ្នោតដល់ប្រជាពលរដ្ឋនៅអូរសំបួរ ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំជាង១០០នាក់ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។
លោកស្រី ឃួន ឃុនឌី បានសម្ដែងសេចក្តីភាពរីករាយជាទីបំផុតនិងថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ក្រុមការងារចុះមូលដ្ឋានឃុំ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានមកជួបជុំគ្នាថ្ងៃនេះ ដើម្បីគាំទ្រគោលនយោបាយ និងគោរពស្រឡាញ់ចំពោះគណបក្សប្រជាជនកម្ពុជា។
លោកស្រីបានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី ពិសេសមិនទុកឲ្យបងប្អូនណាម្នាក់នៅឯកការដោយមានការរើសអើងនោះឡើយ។
លោកស្រីបន្ថែមថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាមានការអភិវឌ្ឍ និងសម្រេចបាននូវសមិទ្ធិផលនានាជាច្រើនដូចជា សាលារៀន ស្ពាន ផ្លូវបេតុង ផ្លូវក្រាលកៅស៊ូ ផ្លូវក្រាលគ្រួសក្រហម ច្រាំងស្ទឹង អគារសិក្សា មណ្ឌលសុខភាព និងការបន្ត សាងសង់សមិទ្ធផលផ្សេងៗជាបន្តបន្ទាប់ទៀត ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលបម្រើដល់សេចក្ដីត្រូវការចាំបាច់របស់សហគមន៍ទាំងមូល។
លោកស្រីបានណែនាំឲ្យក្រុមការងារបន្តពង្រឹងរចនាសម្ព័ន្ធរក្សាសមាជិកចាស់ បង្កើនសមាជិកថ្មី រួមគ្នាធ្វើការចុះឲ្យដល់មូលដ្ឋានធ្វើយុទ្ធនាការឃោសនាស្វែងរកសម្លេងឆ្នោតឲ្យបានសកម្មបំផុត និងជំរុញដល់សមាជិកឲ្យទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឱ្យបានគ្រប់ៗ។
សមាជិកបក្ស និងប្រជាពលរដ្ឋបានប្តេជ្ញាគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាប្រកបដោយ
សុខសន្តិភាពដែលមានសម្តេចតេជោ ហ៊ុន សែន ព្រមទាំងបានសាទរចំពោះសមិទ្ធផលដែលសម្រេចបាននានាលើគ្រប់វិស័យទាំងសេវាសាធារណៈ និងមានហេដ្ឋារចនាសម្ព័ន្ធដែលបានជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ៕

Tags

Comment