ខេត្តកោះកុង៖ កម្លាំងនគរបាលស្រុកមណ្ឌលសីមា បានបេីកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន២នាក់ ម្នាក់ដោយអនុវត្តតាមដីការបស់តុលាការខេត្តកោះកុង និងម្នាក់ទៀតក្នុងបទល្មើសជាក់ស្ដែង។
បើតាមការបញ្ជាក់ពីលោកវរសេនីយិ៍ឯក លឹម សែងច័ន្ទ អធិការនគរបាលស្រុកមណ្ឌលសីមា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ករណីទី១, កម្លាំងជំនាញស្រុក កាលពីវេលាម៉ោង ១០ និង១០នាទីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ បានចុះអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អ៊ូ សាវៀង ភេទប្រុសអាយុ ៤៤ឆ្នាំ មានទីលំនៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា តាមដីកាលេខ ១៦១៤ ត.ព ២០២២ ចុះថ្ងៃទី ១៧ ខែសីហាឆ្នាំ ២០២២ និងលេខ១៦៧៥ ត.ព ២០២២ចុះថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២២ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ករណីទី២, បានធ្វេីឡេីងនៅវេលាម៉ោង ១១និង២០នាទីយប់ កម្លាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា បានបង្ក្រាបករណីជួញដូររក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចវង្សកឋៈ ភូមិចាំយាម ឃុំប៉ាក់ខ្លង និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គុល ទឿន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ចំណែកវត្ថុតាងចាប់យកពីជនសង្ស័យរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ៦កញ្ចប់តូច នឹងឧបករណ៍ជក់និងវេចខ្ចប់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់នេះ ត្រូវកម្លាំងជំនាញជំនាញកសាងសំណុំរឿង បញ្ជូនទៅផែនការងារប្រឆាំងបទល្មើសគ្រឿងញៀនចាត់ការតាមនីតិវិធី ៕
Comment