• Today: November 21, 2024

បង្រ្កាបទីតាំងបើកសាខាក្រុមហ៊ុនអាជីវកម្មឆ្នោត លាភមហាសម្បត្តិ ឡូតូ ០២កន្លែង ឃាត់មនុស្ស ចំនួន ០៤នាក់ នៅស្រុកកណ្តៀង

ពោធិ៍សាត់៖ ទីតាំងបើកអាជីវកម្មឆ្នោតឡូតូតាមប្រព័ន្ធអេឡិចត្រូនិក សាខាក្រុមហ៊ុន លាភមហាសម្បត្តិ ចំនួន ០២កន្លែង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានចុះត្រួតពិនិត្យ បង្ក្រាប និងឃាត់ខ្លួនមនុស្ស ចំនួន ០៤នាក់ និងដកហូតវត្ថុតាងមួយចំនួនយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីអនុវត្តតាមផ្លូវច្បាប់។

ការចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងបង្កប់ល្បែងស៊ីសងខុសច្បាប់ខាងលើ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីតាំងចំនួន ០២ ផ្សេងគ្នាក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ 

នគរបាលបានឲ្យដឹងថា ទីតាំងបើកអាជីវកម្មឆ្និតឡូតូ ក្រុមហ៊ុន លាភមហាសម្បត្តិ ទាំង ០២កន្លែង រួមមាន៖ទី១- ទីតាំងតូបលក់ដូរផ្ទះរបស់ឈ្មោះ ជឿន សុភី ភេទស្រី អាយុ ៣៤ឆ្នាំ រស់នៅភូមិស្វាយចំបក់ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ និងទី២- ទីតាំងតូបលក់ផ្ទះឈ្មោះ គឹម សុខខេង ភេទស្រី អាយុ ៥២ឆ្នាំ រស់នៅភូមិដងរុង ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ កម្លាំងសមត្ថកិច្ចឃាត់អ្នកបញ្ជាម៉ាស៊ីនចំនួន ០២នាក់ទៀត ទី១- ឈ្មោះ ម៉ៅ ដានី ភេទស្រី អាយុ ២៤ឆ្នាំ រស់នៅភូមិដងរុង ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ និងទី២- ឈ្មោះ ហៀង ច័ន្រ្ទា ភេទស្រី អាយុ ២៤ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ឯក អ៊ុន ស៊ី អធិការនៃអធិការដ្ឋាននគរបាលស្រុកកណ្តៀង បានឲ្យដឹងថា ក្នុងកិច្ចសហប្រតិបត្តិការនៃការត្រួតពិនិត្យរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានធ្វើឡើងជាច្រើនទីតាំង ហើយជាលទ្ធផលកម្លាំងបានរកឃើញទីតាំងឆ្នោតឡូតូខាងលើ មានបង្កប់ល្បែងអាប៉ោងតាមអនឡាញមានចំនួន ០២ទីតាំង។ 

ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ កម្លាំងបានចាប់យកវត្ថុតាងមួយចំនួនរួមមាន ម៉ាស៊ីនកុំព្យូទ័រ ចំនួន ០២ឈុត ដុំវាយហ្វាយ (ប្រព័ន្ធភ្ជាប់) អ៊ីនធ័រណេតចំនួន ០១ និងព្រីខ្សែភ្លើងប្រវែង ០៤ម៉ែត្រ ចំនួន ០១ខ្សែ។ លោកអធិការស្រុក ជនសង្ស័យទាំង ០៤នាក់ ត្រូវបានក្រុមការងាររបស់គណៈបញ្ជាការឯកភាពស្រុកកណ្តៀងធ្វើកិច្ចសន្យាអប់រំនៅនឹងកន្លែង។ ចំណែកវត្ថុតាង កម្លាំងបានចាប់យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកណ្តៀងជាបណ្ដោះអាសន្ន។ 

សូមបញ្ជាក់ថា បច្ចុប្បន្នឆ្នោតឡូតូជាច្រើនប្រភេទបាននឹងកំពុងរីកដុះដាលដូចផ្សិតនៅតាមបណ្ដារាជធានី-ខេត្តទូទាំងប្រទេស រហូតដល់តំបន់ជនបទក៏មាន ជាពិសេសនៅក្នុងរាជធានីភ្នំពេញតែម្តង។ ការដាក់ល្បែងឆ្នោតឡូតូនេះ គឺតែងមានបង្កប់ល្បែងស៊ីសងជាច្រើន តែក៏មានអាជ្ញាធរនៅតាមបណ្ដាលខណ្ឌ ស្រុក មួយចំនួនបានចុះត្រួតពិនិត្យ និងបង្ក្រាប និងមួយចំនួនទៀតមិនទាន់បង្ក្រាបនោះទេ៕

Tags

Comment