• Today: December 03, 2024

រូបភាពសត្វដំរីព្រៃអាស៊ីដែលថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិនៅតំបន់អភិរក្សក្នុងភូមិភាពឦសាន

 

ភ្នំពេញ៖ រូបភាពរបស់សត្វដំរីព្រៃអាស៊ីជាច្រើនសន្លឹក ដែលថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ នៅតំបន់អភិរក្សក្នុងភូមិភាពឦសាននៃប្រទេសកម្ពុជា។ 


កម្ពុជាបច្ចុប្បន្ននេះ មានដំរីព្រៃចន្លោះពីប្រមាណ ៤០០ ទៅ ៦០០ក្បាលប៉ុណ្ណោះ។ ជាការកត់សម្គាល់រូបភាពដែលម៉ាស៊ីនថតស្វ័យប្រវត្តិ បានចាប់បានក្នុងហ្វូងដំរី ក៏មានឃើញកូនដំរីតូចៗផងដែរ ដែលនេះ គឺបង្ហាញពីការបន្តពូជ និងការមានកូនដំរីព្រៃតូចៗដែលនឹងរក្សាបាននិរន្តរភាព នៃវត្តមានដំរីព្រៃក្នុងតំបន់អភិរក្ស។ 
ដំរីព្រៃភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ ,តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី ខេត្តរតនគិរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែបប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថា មានចំនួនប្រមាណជាង ៧០ក្បាល។ 
យោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ក្នុងរយៈពេល ៦០ទៅ៧០ឆ្នាំចុងក្រោយនេះ ចំនួនដំរីអាស៊ីនៅលើពិភពលោកបានថយចុះប្រហែលជា ៥០ភាគរយ។ ចំណែកឯទីជម្រករបស់វាបានបាត់បង់អស់ជិត ៩០ភាគរយ។ 
ក្នុងចំណោមដំរីអាស៊ីសរុបប្រមាណពី ៣៩ ៤៦៣ ក្បាលទៅ ៤៧ ៤២៧ ក្បាលដែលកំពុងរស់នៅក្នុងព្រៃសព្វថ្ងៃ ក្នុងនោះប្រហែល ៧៥ភាគរយ រស់នៅក្នុងប្រទេសឥណ្ឌា និងស្រីលង្កាហើយដំរីអាស៊ីត្រូវបានចាត់ទុកថា ជាប្រភេទសត្វបង្គោលដ៏សំខាន់ដោយសារសារៈសំខាន់ផ្នែកវប្បធម៌ តួនាទីក្នុងប្រព័ន្ធអេកូឡូស៊ី និងសក្តានុពលដែលអាចការពារប្រភេទសត្វផ្សេងទៀតនៅក្នុងដែនជម្រករបស់វា។ 
ទោះបីជាស្ថានភាព នៃការអភិរក្សតំបន់ការពារធម្មជាតិមានភាពល្អប្រសើរផ្តល់ទីជម្រក ប្រភពទឹក និងចំណីសម្រាប់សត្វដំរីរស់នៅ តែកត្តាគំរាមកំហែងមួយចំនួននៅតែមាន ជាពិសេសជម្លោះរវាងមនុស្ស និង ដំរី ពោលគឺការរុករានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋខុសច្បាប់ របស់ក្រុមជនខិលខូច បានប៉ះពាល់ដល់ទីជម្រករបស់សត្វដំរី និងកន្លែងដែលដំរីធ្លាប់រស់នៅ រកចំណី និងប្រភពទឹក ដែលពេលខ្លះមានការជាន់កម្ទេចដំណាំដាំដុះរបស់ប្រជាពលរដ្ឋ ពីសំណាក់សត្វដំរីជាដើម។ 
ម្យ៉ាងទៀត គេក៏បានរកឃើញថា កូនដំរីព្រៃកំពុងទទួលរងការគំរាមកំហែងដោយសារតែការដាក់អន្ទាក់ និងការចាប់ដំរីព្រៃមកចិញ្ចឹម និងហ្វូងដំរីព្រៃមានចំនួនតិចតួចជាកត្តាគំរាមកំហែងផងដែរ។ 


ប្រទេសកម្ពុជា បានចូលរួមយ៉ាងសកម្មជាមួយពិភពលោកក្នុងការអភិរក្សសត្វដំរី ដែលនៅសេសសល់នៅលើពិភពលោកហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជ នៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN)។  
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន ជាមួយអង្គការដៃគូ បានខិតខំរៀបចំផែនការសកម្មភាពដើម្បីអភិរក្សសត្វដំរីអាស៊ី។ ឯកឧត្តមបានថ្លែងថា ក្រុមអភិរក្សដំរីព្រៃនៅកម្ពុជា (CECG) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ ដោយមានការចូលរួមពីក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ និងអង្គការផ្សេងៗទៀត ដើម្បីអភិរក្សដំរីអាស៊ីនៅកម្ពុជា តាមរយៈការរក្សាស្ថិរភាពនិងជំរុញឱ្យមានកំណើនចំនួនប្រភេទសត្វដំរីនេះនៅក្នុងព្រៃនៃប្រទេសកម្ពុជា។ ចំពោះផែនការសកម្មភាព ដើម្បីអភិរក្សសត្វដំរីអាស៊ីឱ្យនៅគង់វង្ស ត្រូវបានរៀបចំឡើងសម្រាប់រយៈពេល ១០ ឆ្នាំ គឺចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ ដោយបានកំណត់នូវបញ្ហាអាទិភាពចំនួន ៦ ក្នុងនោះរួមមាន៖ 
១- ការកាត់បន្ថយការបាត់បង់ទីជម្រក ,២- អភិរក្ស និងតភ្ជាប់ច្រករបៀង និងហ្វូងដំរីព្រៃឡើងវិញ ,៣- ពង្រឹងការអនុវត្តច្បាប់ ,៤- បង្ការមិនឱ្យមានការចាប់ដំរីព្រៃមកចិញ្ចឹម ,៥- បន្ធូរបន្ថយជម្លោះរវាងសត្វដំរីព្រៃ និងមនុស្ស ,៦- អប់រំផ្សព្វផ្សាយ និងដាក់ចេញសកម្មភាពយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាទាំងនោះ។ 
យោងតាមការប៉ាន់ស្មានផែនការសកម្មភាពរយៈពេល ១០ ឆ្នាំ ដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនេះ ត្រូវការថវិកាចំនួន ៤០,៥លានដុល្លារសហរដ្ឋអាមេរិក ដែលជាគម្រោងថវិការំពឹងថានឹងបានមកពីប្រភពរួមបញ្ចូលគ្នាទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។ 
ក្រុមអ្នកភិរក្សមានសុទិដ្ឋិនិយមថា  ជាមួយនឹងផែនការអភិរក្សសត្វដំរី ការដោះស្រាយជម្លោះរវាងមនុស្ស និងដំរី និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ លើការងារការពារ និងអភិរក្សតំបន់ការពារធម្មជាតិ នោះនឹងកាន់តែធ្វើឱ្យទីជម្រករបស់សត្ចដំរីកាន់តែមានសុវត្ថិភាពរួមនឹងការយល់ដឹងនិងការចូលរួមអភិរក្សពីសំណាក់ប្រជាពលរដ្ឋផងដែរ៕

Tags

Comment