ភ្នំពេញ ៖ ស្ត្រីជាអ្នកជំនួញម្នាក់និងជាអ្នកលេងតុងទីនវេចលុយរត់ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចហាងកាហ្វេក្រោន ពោធិ៍ចិនតុង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ពាក់ពន្ធពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពោលគឺប្រើ ប្រាស់មូលប្បទានប័ត្រគ្មានសាច់ប្រាក់”សែកស្អុយ”ចំនួន៣០ម៉ឺនដុល្លារអាមេរិក ។
ជនសង្ស័យមានឈ្មោះ សារ៉ាន សុជាតា ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរអ្នករកស៊ី ស្នាក់នៅផ្ទះលេខB៦០-៦២ ផ្លូវលេខ៧២២A សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមសមត្តកិច្ចឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យគឺបានអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងទៅលើពាក្យបណ្តឹង របស់ឈ្មោះ គង់ ណាក់នីន ។ អង្គហេតុក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា នៅក្នុងអំឡុងឆ្នាំ២០២២ ឈ្មោះ សារ៉ាន សុជាតា បានទំនាក់ទំនងជាមួយដើមបណ្តឹង ដោយនិយាយអង្វរសុំខ្ចីប្រាក់ចំនួន៣០ ម៉ឺនដុល្លារអាមេរិកដើម្បីយកទៅធ្វើដើមទុនរកស៊ីជាបន្ទាន់ ហើយឈ្មោះ សារ៉ាន សុជាតា បានចេញមូលប្បទានប័ត្រមួយសន្លឹកដែលមានទឹកប្រាក់ចំនួន ៣០ម៉ឺនដុល្លារអាមេរិក ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ។ មូលប្បទានប័ត្រនោះតម្រូវឱ្យដើមបណ្តឹងទៅបើកប្រាក់នៅធនាគារវឌ្ឍនៈអាស៊ីចំកាត់ ដោយមានការជឿទុកចិត្តរាប់អានគ្នា ទើបដើមបណ្តឹងបានប្រគល់ប្រាក់ឱ្យទៅជនសង្ស័យគ្រប់ចំនួន។
លុះមកដល់ថ្ងៃកំណត់ ដើមបណ្តឹងបានយកមូលប្បទានប័ត្រនោះទៅបើកប្រាក់ ស្រាប់តែខាងធនាគារបញ្ជាក់ថា មូលប្បទានប័ត្រនេះពុំមានសាច់ប្រាក់ទេ ។ ចាប់ពីពេលនោះមកដើមបណ្តឹងបានទំនាក់ទាក់ទៅជនសង្ស័យ តែមិនអាចទាក់ទងបាន ព្រមទាំងគេចខ្លួនមិនចូលដោះស្រាយបំណុលដែលខ្ចីដើមបណ្តឹងនោះទេ ម្ល៉ោះហើយទើបដើមបណ្តឹងដាក់ពាក្យប្តឹងមកសមត្តកិច្ចឱ្យជួយចាត់ការតាមផ្លូវច្បាប់ ។
លើសពីនេះជនសង្ស័យឈ្មោះ សារ៉ាន សុជាតា ជាកូនតុងទីនម្នាក់ដែលលេងជាមួយដេីមបណ្តឹង និងបានដេញប្រមូលយកប្រាក់អស់ហើយគេចខ្លួន ដោយមិនបានបង់ឱ្យមេវិញទេ ធ្វើឱ្យមេតុងទីនរកលុយសងជំនួសជាច្រើន រហូតថាមេតុងទីនបោកកូនតុងទីន ប៉ុន្តែដូចឃើញស្រាប់ហើយ ប៉ុន្មានករណីកន្លង មកនេះ កូនតុងទីនទេដែលបោកមេតុងទីន និងបានប្រមូលទឹកលុយច្រើនៗ ដូច្នេះចង់និយាយថា មិនប្រាកដមេតុងទីនទាំងអស់សុទ្ធតែអាក្រក់នោះទេ កូនតុងទីនមួយចំនួនធ្វើបាបមេតុងទីនឱ្យចេញសងជំនួសក្នុងទឹកប្រាក់ជាច្រើន រហូតទាល់តែជំពាក់កូនតុងទីនវិញ ហើយត្រូវគេប្តឹងផ្តល់ដាក់គុកថែមទៀតផង ។
ជនសង្ស័យខាងលើកំពុងស្ថិតនៅដំណាក់កាលសមត្តកិច្ចជួបដោះស្រាយបំណុលជាមួយដើមបណ្តឹង តែបើមិនត្រូវគ្នាទេ នឹងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕
Comment