• Today: November 21, 2024

តំបន់ទេសចរភ្នំទឹកធំក្នុងស្រុកកំពង់ត្រាចបានទាក់ទាញទេសចរច្រើនជាងមុន បន្ទាប់ពីបានរៀបកែលម្អបានស្អាត

 

(កំពត)នាថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៣នេះនៅនៅវត្តភ្នំរាបជាតំបន់ភ្នំទឹក ស្ថិតនៅជាប់ខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ក្នុងភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច មានភាពទាក់ទាញទេសចរជាងមុន បន្ទាប់ពីមានគំនិតផ្តួចផ្តើមរៀបជាតំបន់ទេសចរណ៍ ធម្មជាតិ ផ្សាភ្ជាប់នឹងទេសចរណ៍សាសនា ពីព្រះចៅអធិការវត្តភ្នំរាបមក។
ប្រជាពលរដ្ឋ អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធបានគាំទ្រនិងចូលរួមគំនិតផ្តួចផ្តើមក្នុងបំណងអភិរក្ស និងបម្រើប្រយោជន៍សាធារណៈ ។ 
    ព្រះចៅអធិការវត្តភ្នំរាប ព្រះភិក្ខុ សុត ដាវី បានឲ្យដឹងថា ដោយមើលឃើញអំពីសក្តានុពលតំបន់ភ្នំទឹកដែលជាតំបន់ជាប់ខ្សែបន្ទាត់ព្រំដែន និងដើម្បីរួមចំណែកជាមួយអាជ្ញាធរក្នុងការអភិវឌ្ឍន៍មូលដ្ឋាន  ព្រះអង្គមានគំនិតផ្តួចផ្តើមច្នៃប្រឌិត រៀបចំតំបន់ភ្នំទឹក ឲ្យក្លាយទៅជាតំបន់ធម្មជាតិមួយ ដែលអាចទាក់ទាញទេសចរឲ្យមកលេង ដើម្បីបង្កើតឱកាសការងារនៅក្នុងមូលដ្ឋានផង និងដើម្បីអភិរក្សភ្នំទឹកដ៏កម្រនេះផង។
     ព្រះអង្គបានបង្កើតស្ពានឫស្សីដើរជុំវិញភ្នំទឹកសម្រាប់ថតរូបអនុស្សាវរីយ៍  ជិះទូកដោយឥតគិតថ្លៃក្នុងល្អាងភ្នំ និងតំបន់ជុំវិញ និងសាងកាំជណ្តើរសម្រាប់ដើរទស្សនានៅក្នុងរូងភ្នំជាដើម។ 
     ពលរដ្ឋលក់ដូរចំណីអាហារនៅតំបន់ភ្នំទឹកបានប្រាប់ឲ្យដឹងថា ចាប់តាំងពីព្រះចៅអធិការវត្តបានមកជួយរៀបចំភ្នំទឹកធំ និងតូច រយៈពេលប្រមាណជា៦ខែមកនេះ  បានទាក់ទាញទេសចរជាច្រើនមកពីតាមបណ្តាខេត្តនានាទូទាំងប្រទេស ឲ្យមកកម្សាន្ត ហើយពលរដ្ឋក្នុងមូលដ្ឋានជាច្រើនគ្រួសារ អាចមកលក់ដូរនៅទីនេះ។ 
    ភ្ញៀវទេសចរណ៍មកពីខេត្តតាកែវ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ដោយមើលឃើញគំនិតផ្តួចផ្តើមរបស់ព្រះចៅអធិការវត្តល្អ ជួយគាំទ្រដល់ជីវភាពពលរដ្ឋ និងការអភិវឌ្ឍន៍មូលដ្ឋាន ពិសេសរក្សាបាននូវកេរដំណែលធម្មជាតិដ៏កម្រផងនោះ ពួកគាត់បាននាំគ្នាមកធ្វើបុណ្យនៅភ្នំរាបផង និងមកដើរកម្សាន្តនៅភ្នំទឹកនេះផង ដើម្បីជួយគាំទ្រដល់គំនិតផ្តួចផ្តើមរបស់ព្រះអង្គ។ ប្រធានមន្ទីរទេសចរណ៍ខេត្តលោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា លោកគាំទ្រចំពោះគំនិតច្នៃប្រឌិតតំបន់ភ្នំទឹក ជាកន្លែងទេសចរណ៍ធម្មជាតិ  និងបានទាក់ទាញទេសចរឲ្យមកកម្សាន្តច្រើន  ប៉ុន្តែប្រសិនបើព្រះចៅអធិការវត្តមានចក្ខុវិស័យ ចង់ប្រែក្លាយតំបន់ភ្នំទឹកឲ្យទៅជាតំបន់ទេសចរណ៍សាសនា  គឺត្រូវមានការស្នើសុំ និងការចុះពិនិត្យ និងវាយតម្លៃទៅលើទិដ្ឋភាពច្បាប់ពាក់ព័ន្ធផ្សេងៗជាមុន។
    លោកចៅអធិការវត្តភ្នំរាបបានបញ្ជាក់ផងដែរថា ការច្នៃប្រឌិតបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិក្នុងសហគមន៍ ក្នុងន័យអភិរក្ស គឺរឿងល្អបំផុត ហើយមន្ត្រីជំនាញ និងអាជ្ញាធរខេត្តកំពតតែងតែយកចិត្តទុកដាក់ នឹងចូលរួមគាំទ្រជានិច្ច ពិសេសភ្នំទឹកដែលជាភ្នំកម្រមួយរបស់កម្ពុជា ដែលមានប្រភពទឹកចេញ ជាប់ជាប្រចាំ មិនដែលរីងស្ងួន តាំងពីបុរមបូរាណ មកដល់បច្ចុប្បន្ននេះ។(សឹង រ៉ាត់)


Tags

Comment