• Today: September 17, 2024

មុខសញ្ញាហែកមន្ទីរឃុំឃាំងរត់ចេញពីក្នុងអធិការនគរបាលខណ្ឌឬស្សីកែវ ត្រូវបានតាមចាប់ខ្លួនបានម្នាក់មកវិញ


ភ្នំពេញ៖ មុខសញ្ញាចោររថយន្ត RANG ROVER ដែលបានហែកមន្ទីរឃុំឃាំងបណ្តោះអាសន្នរត់ចេញពីក្នុងអធិការដ្ឋានខណ្ឌឬស្សីកែវ កាលពីពេលថ្មីៗនេះ ជាមួយឧក្រិដ្ឋជនស្បែកខ្មៅពាក់ព័ន្ធករណីសម្លាប់មនុស្ស ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនបានមកវិញ ដល់ខេត្តឧត្ដមានជ័យ។


ជនសង្ស័យម្នាក់ ក្នុងចំណោម០២នាក់មានឈ្មោះ ផល ភីរុំ ភេទប្រុស អាយុ ២៣ឆ្នាំ ជាងជួសជុល និងតោនរថយន្ត ស្នាក់នៅយានដ្ឋានជួសជុលរថយន្តផ្លូវលេខ១៨០៥ ក្រុមទី៣ ស្ថិតក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលលួច RANG ROVER ស៊េរីឆ្នាំ២០១៤ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2BT5818 មួយគ្រឿង បានហែកមន្ទីរឃុំឃាំងបណ្តោះអាសន្នរត់គេចខ្លួនបាត់នោះ ត្រូវបានចាប់បានវិញហើយ។ ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួចរថយន្តមួយគ្រឿង កាលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ចំណុចផ្លូវ1805 ក្រុម3 ស្ថិតក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ហើយបានបើករថយន្តគេចខ្លួនដល់ខេត្តបន្ទាយមានជ័យចូលចាក់សាំងអត់លុយឱ្យគេត្រូវសមត្ថកិច្ចចាប់ខ្លួន។
សូមរំឭកថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ កន្លងមក ជនសង្ស័យ ចំនួន០២នាក់ បានហែកបន្ទប់ឃុំខ្លួនបណ្តោះអាសន្នក្នុងអធិការនគរបាលខណ្ឌឬស្សីកែវ រត់ចេញដោយសុវត្ថិភាព ខណៈពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង។ ចំពោះមុខសញ្ញាជនសង្ស័យដែលបានហែកមន្ទីរឃុំខ្លួនបណ្តោះអាសន្នរត់គេចខ្លួននោះ មានជនជាតិស្បែកខ្មៅម្នាក់ ជាប់ចោទពីបទឧក្រិដ្ឋ សម្លាប់មនុស្ស និងជនសង្ស័យម្នាក់ទៀត ជាមុខសញ្ញាលួចរថយន្ត។ 
ជនសង្ស័យដែលហែកមន្ទីរឃុំខ្លួនខាងលើមានឈ្មោះAYU KINGSLEX ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិនីហ្សេរីយ៉ា មានទីលំនៅស្នាក់នៅខុនដូបាលីC12 ផ្លូវជាតិ៦A ស្ថិតសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរអ្នកជំនួញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោងប្រមាណ ៤និង២០នាទីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នៅចំណុចមុខផ្ទះលេខ១៨-២០ ផ្លូវលេខ១១ (បុរីពិភពថ្មី) ក្រុមទី៤ ភូមិបឹងឈូក សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងម្នាក់ទៀតមានឈ្មោះ ផល ភីរុំ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅយានដ្ឋានជួសជុលរថយន្តផ្លូវ១៨០៥ ក្រុមទី៣ ស្ថិតក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ 
បច្ចុប្បជនសង្ស័យម្នាក់មានឈ្មោះ ផល ភីរុំ ត្រូវសមត្ថកិច្ចខេត្តឧត្តមានជ័យ ចាប់ខ្លួនបានមកវិញ និងជនសង្ស័យជនជាតិស្បែកខ្មៅសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្តទៀត៕

Tags

Comment