• Today: November 21, 2024

មន្ត្រីយោធាវរសេនាតូច៤២១ ចំណុះកងពលតូចថ្មើរជើង៤២ ជាន់មីនផ្ទុះបណ្ដាលឲ្យបាត់បង់ជីវិត ខណៈពេលដើរល្បាតតាមបន្ទាត់ព្រំដែន

ភ្នំពេញ៖ មន្ត្រីយោធាម្នាក់ កងអនុសេនាតូច២ ចំណុះអនុសេនាធំ២ វរសេនាតូច៤២១ នៃកងពលតូចថ្មើរជើង៤២ បានជាន់មីនផ្ទុះបណ្ដាលឲ្យស្លាប់ ខណៈពេលដើរល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ករណីយោធិនរងគ្រោះក្នុងពេលប្រតិបត្តិការល្បាតតាមព្រំដែននេះ បានកើតឡើងនៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២៣ វេលាម៉ោង ៦និង១០នាទីព្រឹក ស្ថិតលើខ្នងភ្នំដងរែក ទិសប្រាសាទតាមាន់ នៅភូមិសាស្ត្រ ភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ 

យោធិនរងគ្រោះជានាយទាហានរង គឺលោកព្រិន្ទបាលឯក ម៉ុយ ទឿម អត្ថលេខ ០៧១០០៦ មុខងារ នាយក្រុម១ កងអនុសេនាតូច២ ចំណុះអនុសេនាធំ២ វរសេនាតូច៤២១ នៃកងពលតូចថ្មើរជើង៤២ ជាន់មីនចាស់ប្រភេទ K59 របស់សូវៀត ខណៈពេលសម្រាកទៅបន្ទោបង់។

ក្រោយពេលកើតហេតុ សពរបស់នាយទាហានរង ដែលទទួលមរណៈភាពបំពេញភារកិច្ចការពារបូរណភាពទឹកដីតាមព្រំដែនរូបនេះ ត្រូវបានយកតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន ភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ 

ក្នុងករណីខាងលើនេះ នាយឧត្តមសេនីយ៍ វង់ ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ និងបានឧបត្ថម្ភដល់ក្រុមគ្រួសារសព ចំនួន ១០លានរៀល ដើម្បីរៀបំពិធីបុណ្យសពផងដែរ៕

Tags

Comment