• Today: November 21, 2024

សកម្មភាពរបស់លោក កែវ សុខឃាង អគ្គនាយករងគយ និងរដ្ឋាករកម្ពុជា បើកបររថយន្តល្មើសសញ្ញាចរាចរណ៍ និងជេរប្រមាថមន្ត្រីអ្នកអនុវត្តច្បាប់ អាចចាត់ទុកជាបទល្មើសប្រឆាំងនឹងរាជការសាធារណៈដែរឬទេ?

ភ្នំពេញ៖       មហាជនកំពុងផ្ទុះការរិះយ៉ាងខ្លាំងចំពោះសកម្មភាពរបស់លោក កែវ សុខឃាង អគ្គនាយករងគយ និងរដ្ឋាករកម្ពុជា ដែលមនុស្សមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងមានឥទ្ធពលខ្លាំងបំផុត ដោយសារតែបើកបររថយន្តស៊េរីទំនើបមួយគ្រឿង ពាក់ស្លាកលេខរដ្ឋ បំពានភ្លើងសញ្ញាចរាចរណ៍ ហើយត្រូវបានមន្ត្រីនគរបាលផ្នែកជំនាញចរាចរណ៍ធ្វើការឃាត់ដើម្បីជាការអនុវត្តច្បាប់ចរាចរណ៍ ប៉ុន្តែបុគ្គលអ្នកមានមុខ មានមាត់រូបនេះ ចុះមកចង្អុលមុខព្រមទាំងជេរប្រមាថយ៉ាងចាស់ដៃ។ 

ករណីមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជេរប្រមាថកូនមន្ត្រីប៉ូលិសចរាចរណ៍ជាអ្នកអនុវត្តន៍ច្បាប់ចរាចរណ៍ បានកើតឡើងនៅវេលាម៉ោង ៩និង៤០នាទីព្រឹក ត្រង់ចំណុចគោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ ស្តុបសន្ធរម៉ុក ស្ថិតតាមផ្លូវកម្ពុជាក្រោម ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

មហាជនមានលើកឡើងថា មុនពេលកើតហេតុឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកឡង់គ្រីស័រប្រាដូ ពណ៌ខ្មៅ ពាក់ស្លាកលេខរដ្ឋ10 2-0252 បានបើកឆ្លងកាត់ផ្លូវបំពានភ្លើងសញ្ញាចរាចរណ៍ ខណៈភ្លើងស្តុបលោតពណ៌ក្រហម ដោយពិនិត្យឃើញរថយន្តនោះបំពានច្បាប់បែបនេះ នគរបាលចរាចរប្រចាំគោលដៅ បានចេញធ្វើការឃាត់រថយន្ត ដើម្បីធ្វើការណែនាំ និងផាកពិន័យតាមច្បាប់ចរាចរណ៍ ប៉ុន្តែស្រាប់តែបុរសម្នាក់ ចុះពីក្នងរថយន្តខឹងត្រឡោតតោតតូង ជេរប្រមាថ​ និង​ចង្អុលមុខមន្ត្រី​ចរាចរណ៍ម៉ាចាស់ដៃ។ 

ចំពោះមហាជនដែលឃើញទិដ្ឋភាពកន្លែងកើតហេតុមិនស្គាល់បុរសម្នាក់នេះជាអ្នកណាទេ បានជាហ៊ានជេរប្រមាថប៉ូលិសបែបនេះ ប៉ុន្តែក្រោយពីមានការបង្ហោះរូបភាពប៉ុន្មានសន្លឹកលើបណ្តាញសង្គមទើបមានអ្នកស្គាល់ថាបុរសចរិកដ៏កាចសាហាវនោះ មានឈ្មោះ​ កែវ​ សុខឃាង​ មានតួនាទីជា​អគ្គ​នាយករងគយ​ និង​ រដ្ឋាករ​កម្ពុជា។ 

តាមសាក្សីនៅកន្លែងកើតហេតុលើកឡើងថា "ខណៈពេលបុគ្គលជិះរថយន្តស្លាកលេខរដ្ឋ10 2-0252 កំពុងជេរប្រមាថ និងចង្អុលមុខមៗមន្ត្រីនគរបាលចរាចរណ៍ជាអ្នកអនុវត្តច្បាប់នោះ ស្រាប់តែឃើញមាន​នគរបាលស័ក្តិ៥ម្នាក់​ ចុះមក​អន្តរាគមន៍​នាំចេញទៅ​បាត់តែម្តង។ 

យោងសកម្មភាពរបស់លោក កែវ សុខឃាង អគ្គនាយករងគយ និងរដ្ឋាករកម្ពុជា អាចចាត់ទុកជាបទល្មើសប្រឆាំងនឹងអ្នករាជការសាធារណៈត្រូវបានបញ្ញត្តិទ្បើងដើម្បីការពារចំពោះអំពើបំពារបំពានទាំងទ្បាយ ទៅលើអ្នករាជការសាធារណៈក្នុងពេល បំពេញបេសកកម្ម និងធានាឱ្យការបំពេញបេសកកម្ម ទទួលបានជោគជ័យ ព្រមទាំងដាក់ទោសទណ្ឌទៅលើជនបង្កដែលបានប្រើហិង្សាគ្រប់រូបភាព ទៅលើអ្នករាជសាធារណៈ និងធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍សាធារណៈ។ 

បទប្រឆាំងនឹងអ្នករាជការសាធារណៈ បញ្ញត្តិទ្បើងក្នុងគោលបំណងដើម្បីការពារចំពោះអំពើបំពារបំពានទាំងទ្បាយទៅលើអ្នករាជការសាធារណៈ ក្នុងពេលបំពេញបេសកកម្ម និងធានាឱ្យការបំពេញបេសកកម្ម ទទួលបានជោគជ័យ។ យោងតាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា ៥០៣ បានបញ្ញត្តិថា «ការប្រឆាំងនឹងអ្នករាជការសាធារណៈ គឺជាអំពើប្រឆាំងដោយការតទល់ដោយប្រើហិង្សានឹងអ្នករាជកាសាធារណៈដែលធ្វើសកម្មភាពដើម្បីអនុវត្តច្បាប់ បញ្ជារបស់អាជ្ញាធរសាធារណៈ ឬសេចក្ដីសម្រេចតុលាការ»។ 

តាមខ្លឹមសារនេះ គឺសំដៅលើរាល់សកម្មភាពទាំងឡាយណាដែលធ្វើការប្រឆាំងតទល់នឹងអ្នករាជការសាធារណៈ ដែលកំពុងបំពេញការងារក្នុងក្របខណ្ឌ តួនាទីរបស់ខ្លួន ហើយការប្រឆាំងក្នុងសញ្ញាណនៃបទល្មើសនេះ គឺផ្ដោតលើសកម្មភាពប្រឆាំងទាំងឡាយណាស្ដែងឡើងមានលក្ខណៈជាហិង្សា ដែលធ្វើឱ្យមានការរំខាន ឬប៉ះពាល់ដល់ការបំពេញតួនាទីរបស់អ្នករាជការសាធារណៈ។ ពាក្យថាហិង្សាត្រង់ចំណុចនេះសំដៅលើសកម្មភាពមួយចំនួនដូចជា ការប្រើកម្លាំងដោយមានសកម្មភាពវាយតប់ ទាត់ធាក់ ប្រើអាវុធ ឬការគប់ដុំថ្ម និងសកម្មភាពហិង្សាក្រោមរូបភាពផ្សេងៗទៀតទៅលើអ្នករាជការសាធារណៈ ដែលជនបង្កបានដឹងយ៉ាងជាក់លាក់ថាជាអ្នករាជការសាធារណៈដែលកំពុងបំពេញបេសកកម្មការងាររបស់ខ្លួន។

សកម្មភាពដែលស្ដែងឡើងក្នុងរូបភាពដូចបានរៀបរាប់ខាងលើ ត្រូវបានកំណត់ថាជាបទប្រឆាំងនឹងអ្នករាជការសាធារណៈ ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ៣ (បី) ខែ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ៥០០.០០០ (ប្រាំសែន) រៀល។ លើសពីនេះ យោងតាមមាត្រា ៥០៤ ពាក់ព័ន្ធនឹងស្ថានទម្ងន់នៃបទប្រឆាំងនឹងអ្នករាជការសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ២.០០០.០០០ (ពីរលាន) រៀល នរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នេះ អង្គភាព សារព័ត៌មាន msjtv មិនអាចស្វែងរកការបកស្រាយជុំវិញរឿងរ៉ាវខាងលើនេះ ពីលោក​ កែវ​ សុខឃាង បានឡើយ៕

Tags

Comment