ភ្នំពេញ៖ បុរសជាប្តីស្ត្រីរងគ្រោះបានអំពាវនាវស្វែងរកការអន្តរាគមន៍ និងយុត្តិធម៌សម្រាប់ក្រុមគ្រួសារគាត់ដោយសារធ្វេសប្រហែស និងការទទួលខុសផ្នែកក្នុងវិជ្ជាជីវៈគ្រូពេទ្យ បណ្តាលឱ្យភរិយាជាទីស្រឡាញ់ និងកូនបានស្លាប់បន្ទាប់ពីបានចូលឆ្លងទន្លេ នៅគ្លីនិកឯកជនមួយ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នៅព្រប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នេះ បុរសឈ្មោះ ប៉ោង សោភ័ណ បច្ចុប្បន្នរស់នៅភូមិទួលលៀប សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានប្រាប់សារព័ត៌មាន MSJ TV ថា ប្រពន្ធរបស់គាត់មានឈ្មោះ អ៊ឹង សុខា អាយុ ៣៤ឆ្នាំ បានស្លាប់ទាំងម្តាយ និងកូនបន្ទាប់ពីចូលឆ្លងទន្លេនៅមន្ទីរសំរាកព្យាបាល & សម្ភព "ឯក សុវណ្ណមុនី" ស្ថិតតាមផ្លូវ២០១១ ឧកញ៉ា ទ្រី ហេង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បុរសជាប្តីបានរៀបរាប់ពីការឈឺចាប់ដែលបាត់បង់មនុស្សជាទីស្រឡាញ់អោបនឹងទ្រូងផ្ញើមកកាន់អង្គភាព MSJ TV យ៉ាងដូច្នេះថា "យើងខ្ញុំបានសុំអនុញ្ញាត ចំពោះពុកម៉ែ បងប្អូន ដោយសេចក្តីអនុគ្រោះដោយគ្រួសារខ្ញុំរងនូវភាពអយុត្តិធម៌ ដោយការសម្រាលកូននៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ កូនកើតមកស្លាប់បាត់បង់ជីវិតភ្លាមៗ នៅមន្ទីរព្យាបាល និងសម្ភព ឯក សុវណ្ណមុនី (ឈូកមាស)"។
បុរសជាប្តីបានរៀបរាប់ថា គ្រួសារខ្ញុំមានសុខភាពល្អធម្មតាមុនសម្រាល លុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៩ៈ៤៥នាទីយប់ គ្រួសារខ្ញុំសម្រាលកូន។ ដោយឡែកខ្ញុំជាប្តីត្រូវបានក្រុមគ្រូពេទ្យហាមឃាត់មិនឲ្យនៅក្នុងបន្ទប់ប្រពន្ធសម្រាលកូនទេ ក្រុមគ្រូពេទ្យឲ្យមកអង្គុយចាំខាងក្រៅនៃបន្ទប់សម្រាលដល់ប្រពន្ធខ្ញុំពិបាកក្នុងការសម្រាល ទើបក្រុមគ្រូពេទ្យទាំងនោះ ហៅខ្ញុំចូលក្នុងបន្ទប់សម្រាលកូន ដើម្បីផ្តល់កម្លាំងចិត្តដល់ប្រពន្ធ តែគ្រប់យ៉ាងខ្ញុំស្ទើរគាំងបេះដូងទៅហើយ ដោយឃើញកូនមានបញ្ហារួចទៅហើយ គឺកូនបានបាត់ដង្ហើមទៅហើយ។ ដោយងាកមកមើលខាងប្រពន្ធឯណេះវិញបន្ទាប់ពីសម្រាលកូនហើយគ្រូពេទ្យឆ្មបក៏បានសម្អាតគាត់តែការសម្អាតនោះក៏មិនដឹងថា សម្អាតរបៀបម៉េចដែរ? ព្រោះបច្ចេកទេសពេទ្យ បន្ទាប់ពីសម្អាត និងការដេររួចមកខ្ញុំក៏បាននាំប្រពន្ធមកកាន់បន្ទប់សម្រាកវិញ។ នៅយប់នោះប្រពន្ធមានការឈឺខុសប្រកតីនៅពេលគាត់ឈឺម្តងៗ គាត់ប្រាប់ខ្ញុំជាប្តីថា បងទៅហៅពេទ្យមកប្រពន្ធមិនស្រួលទេ នៅពេលខ្ញុំប្រាប់គ្រូពេទ្យៗក៏មក ពេលនោះប្រពន្ធខ្ញុំបានប្រាប់ពីអាការៈនៃការឈឺរបស់គាត់អស់ហើយៗ គ្រូពេទ្យនោះក៏មិនយកចិត្តទុកដាក់ ឬពិនិត្យតាមដានសុខភាពប្រពន្ធខ្ញុំឡើយ គ្រូពេទ្យបានត្រឹមតែដាក់សេរ៉ូមបំបាត់ការឈឺចាប់ហើយក៏ចេញទៅវិញបាត់ទៅ ។
បុរសជាប្តីបានរៀបរាប់ទៀតថា ក្នុងមួយយប់នោះ ប្រពន្ធខ្ញុំមានអាការៈបែបនេះ ៤ដង ដោយការនិយាយក៏ពិបាកថប់ៗ ជាពិសេសការឈឺច្រាលរង្វង់ចុងដង្ហើមរបស់គាត់។ ដោយឡែកក្រុមគ្រូពេទ្យមិនមានអ្វីប្លែកសម្រាប់គ្រួសារខ្ញុំ ក្រៅពីដាក់សេរ៉ូមបំបាត់ការឈឺចាប់តែប៉ុណ្ណោះ។ លុះព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ទើបក្រុមគ្រូពេទ្យ១ក្រុមចូលទៅមើលប្រពន្ធខ្ញុំ ពេលឃើញប្រពន្ធខ្ញុំ មានអាការៈមិនស្រួលខ្លាំង ទើបហៅឡានដឹកនាំប្រពន្ធខ្ញុំមកកាន់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្គ្រោះបន្ទាន់។ តែការធ្វើដំណើរតាមឡានពេទ្យប្រពន្ធសួរខ្ញុំថា «ជិតដល់នៅប្តី ប្រពន្ធពិបាកក្នុងខ្លួនណាស់» ខ្ញុំក៏ឆ្លើយថា «អូនទ្រាំបន្តិចអូនជិតដល់ហើយ» ដោយមានគ្រូពេទ្យវ័យក្មេងម្នាក់នៅជាមួយតាមឡានក៏ប្រាប់បន្តទៅតៃឡានថា «បងសុំពន្លឿនបន្តិច»។
ពេលទៅដល់មន្ទីរពេទ្យព្រះកុសុមៈភ្លាមក្រុមគ្រូពេទ្យក៏បញ្ជូនគ្រួសារខ្ញុំទៅកាន់កន្លែងសង្គ្រោះបន្ទាន់ (អគារមិត្តភាព កម្ពុជា ចិន)។ នៅភ្លាមនោះក្រុមគ្រូពេទ្យក៏ចាប់ផ្តើមអេកូមើលឃើញថា នៅពោះប្រពន្ធខ្ញុំមានឈាមដក់ច្រើនហើយខ្ញុំក៏បានឃើញដោយផ្ទាល់នៅពេលអេកូ ខ្ញុំក៏សួរគ្រួពេទ្យថា «បណ្តាលមកពីអ្វីបានទៅជាចឹងលោកគ្រូ?» គ្រូពេទ្យបានប្រាប់ខ្ញុំថា «បណ្តាលមកពីធ្លាយស្បូនទើបធ្វើឲ្យមានឈាមបែបនេះ»។ ខ្ញុំក៏សួរគ្រូពេទ្យថា «តើត្រូវយ៉ាងម៉េចទៀត ទើបអាចសង្គ្រោះជីវិតប្រពន្ធខ្ញុំបាន?» គ្រូពេទ្យក៏ប្រាប់វិញថា «មានតែការវះកាត់ និងបូមឈាមចេញទេទើបអាចសង្ឃឹមខ្លះ»។ ពេលនោះខ្ញុំក៏មិនបង្អង់យូរប្រាប់គ្រូពេទ្យថា ធ្វើតាមបច្ចេកទេសចុះ ធ្វើយ៉ាងណាសង្គ្រោះជីវិតប្រពន្ធខ្ញុំឲ្យបាន?
បន្ទាប់ពីធ្វើការវះកាត់រួចសម្រាកព្យាបាលរយៈពេល ២យប់ គឺយប់ថ្ងៃទី១២-១៣ ខែមេសា លុះដល់វេលាម៉ោង ៥និង៥១នាទីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ប្រពន្ធខ្ញុំក៏បានផុតដង្ហើម។ សូមពុកម៉ែ បងប្អូន មេត្តាជួយរកយុត្តិធម៌ឲ្យគ្រួសារខ្ញុំផង ដោយក្តីមេត្តាកូនស្លាប់យប់ថ្ងៃទី១១ ខែមេសា។ ចំណែកប្រពន្ធស្លាប់ព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ បន្តបន្ទាប់គ្នា។
លោក ប៉ោង សោភ័ណ ជាប្តីស្ត្រីរងគ្រោះ បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថា "ករណីនេះលោកមិនទាន់បានដាក់ពាក្យបណ្តឹងទេ ប៉ុន្តែនៅថ្ងៃទី២២ ខែមេសាម្សិលមិញ លោកបានទៅជួបគ្រូពេទ្យនៅមន្ទីរសំរាកព្យាបាល & សម្ភព «ឯក សុវណ្ណមុនី» ដោយមិនចង់ប្តឹងផ្តល់ ឬផ្សព្វផ្សាយអ្វីទេ គឺដើម្បីសម្របសម្រួលគ្នាសំណងជំងឺចិត្តណាមួយសម្រាប់ជីវិតកូន និងប្រពន្ធជាទីស្រឡាញ់របស់គាតប៉ុណ្ណោះ ព្រោះកូនស្លាប់ក្នុងគ្លីនិចនឹងហើយប្រពន្ធបានស្លាប់នៅពេទ្យលោកសង្ឃ ប៉ុន្តែមូលហេតុផ្តើមចេញមន្ទីរពេទ្យឯកជននេះ"។
បុរសជាប្តីស្ត្រីដែលសម្រាលកូនស្លាប់ទាំងម្តាយ និងកូន បានបន្ថែមទៀតថា "ពេលលោកទៅជួបគេខាងគ្រូពេទ្យ ឯក សុវណ្ណមុនី គឺគេមិននិយាយជាមួយទេ ដោយប្រាប់ថា ចង់ប្តឹងចងផ្តល់ ចង់ចុះផ្សាយ ឬបង្ហោះស្អីក៏បង្ហោះទៅ បើសិនជាប៉ះពាល់ខ្លាំងក្រសួងចុះបិទក៏បិទទៅ"។ លោកបន្តទៀតថា ករណីប្រពន្ធ និងកូនស្លាប់នេះ លោកចង់ឱ្យមានការទទួលខុសត្រូវខ្លះចំពោះគ្រួសារលោកដែលបានរងគ្រោះបាត់បង់មនុស្សជាទីស្រឡាញ់តាមមនោសញ្ចេតនាជាក់ស្តែង។
ពាក់ព័ន្ធករណីសម្រាកកូនបណ្តាលឲ្យស្លាប់នារក និងម្តាយបានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យលោកសង្ឃនោះ លោកវេជ្ជបណ្ឌិតប្រចាំមន្ទីរសំរាកព្យាបាល និង សម្ភព «ឯក សុវណ្ណមុនី» បានឆ្លើយបំភ្លឺតាមទូរសព្ទជាមួយ MSJ TV នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នេះថា "ករណីហ្នឹងជារឿងបច្ចេកទេសទាល់តែខាងបច្ចេកទេសទើបអាចដោះស្រាយបាន។ ជាធម្មតាអ្នកគ្រោះថ្នាក់តែងតែគិតថាពេទ្យខុស។ អញ្ចឹងខាងយើងថាត្រូវ ប៉ុន្តែខាងគាត់ថាខុស មានអ្នកណាអាចនិយាយពន្យល់គាត់កើត"។
លោកវេជ្ជបណ្ឌិតនៃមន្ទីរព្យាបាល និងសម្ភព ឯក សុវណ្ណមុនី បានបន្តទៀតថា "ដោយសារខាងមន្ទីរពេទ្យពុំមានលទ្ធភាពវះកាត់ជូនគាត់ក៏បញ្ចូនបន្តទៅមន្ទីរពេទ្យលោកសង្ឃ។ ក្រោយមកបានវះកាត់នៅមន្ទីរពេទ្យលោកសង្ឃសង្គ្រោះមិនបានក៏ទទួលមរណៈភាព"។ លោកបន្តទៀតថា "អញ្ចឹកក្រុមគ្រួសារស្ត្រីរងគ្រោះមានអារម្មណ៍ថាយ៉ាងម៉េច? លោកមិនដឹងអ្វីដែរ? ព្រោះលោកគ្រូពេទ្យជំនាញផ្សេងទេ ទាល់ខាងឆ្មមបានច្បាស់ពីបញ្ហានឹង គឺជំនាញខុសគ្នា។ បើឆ្មមថា គាត់បានធ្វើតាមបច្ចេកទេសហើយ ប៉ុន្តែខាងគ្រួសាររងគ្រោះថាអញ្ចេះជាធម្មតា…….ពិបាកនិយាយអីហួសពីហ្នឹង»។
លោកវេជ្ជបណ្ឌិតនៃមន្ទីរសំរាកព្យាបាល និងសម្ភព ឯក សុវណ្ណមុនី បានលើកជាឧទាហរណ៍ថា «ក្រុមគ្រួសាររងគ្រោះថា មកពីពេទ្យបានកូនគាត់ស្លាប់ ហើយខាងពេទ្យថា តាមបច្ចេកទេសប្រឹងអស់លទ្ធភាពនៅតែជួយមិនបាន។ ពេលគាត់មករកដំណោះស្រាយខាងមន្ទីរពេទ្យមានតែតាមលក្ខណៈមនោសញ្ចេតនា ប៉ុន្តែខាងបច្ចេកទេសមិនដឹងត្រូវពន្យល់ម៉េចដើម្បីឱ្យស្រុះស្រួលគ្នា»៕
Comment