• Today: November 21, 2024

នគរបាលឃាត់ខ្លួនជនសង្ស័យ៤នាក់ករណីប្រើហិង្សាកាប់ម៉ូតូនិងជនរងគ្រោះនៅស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឃាត់ខ្លួនជនសង្ស័យ៤នាក់ករណីប្រើហិង្សាកាប់ម៉ូតូនិងជនរងគ្រោះចំនួន៣នាក់ផ្អើលអ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២៥នាទីព្រឹកថ្ងៃទី២៦ខែសីហាឆ្នាំ២០២៣ត្រង់ចំណុចភូមិត្របែកប្រហោង  ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

យោងតាមលោក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំបានឱ្យដឹងនារសៀលថ្ងៃទី២៧ ខែសីហាឆ្នាំ២០២៣នេះថា ប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស បានទទួលពាក្យបណ្តឹងពីម្ដាយជនរងគ្រោះ រស់នៅភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រំ បានមកដាក់ពាក្យបណ្តឹងថា មានជនសង្ស័យ ជាច្រើននាក់(ប្រុស) ដែលរស់នៅភូមិអង្កាញ់ ភូមិប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានជិះម៉ូតូដេញកាប់កូនខ្លួន និងមិត្តភក្តិចំនួន២នាក់ទៀតប៉ុន្តែមិនត្រូវដោយកូនខ្លួនផ្តួលម៉ូតូរត់គេចខ្លួន នៅពេលនោះជនសង្ស័យ និងក្រុមបក្សពួកជនសង្ស័យបានរួមគ្នាកាន់ដាវកាប់ម៉ូតូខូចខាតអស់។

លោកបន្តថា ពេលទទួលបានពាក្យបណ្តឹងរួចហើយ កម្លាំងជំនាញស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងបានរាយការណ៍ ដល់លោកស្នងការនគរបាលខេត្តស្វាយរៀងព្រមទាំងសុំយោបល់ លោក ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្វាយរៀង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រធាតុ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ខេត្តព្រៃវែង ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់និងដកហូតយកវត្ថុតាង ដាវចំនួន០១ ម៉ូតូចំនួន០២គ្រឿងផងដែរ។

តាមបំភ្លឺពីជនរងគ្រោះ និងសាក្សី បានឆ្លើយថា កាលពីថ្ងៃទី២៥ខែសីហាឆ្នាំ២០២៣ វេលាម៉ោង ៣និង១០នាទីរសៀល ខ្លួននិងមិត្តភក្តិ២នាក់បានជិះម៉ូតូឌុបគ្នាចេញពីផ្ទះគោលបំណងទៅរៀននៅវិទ្យាល័យហ៊ុនសែនក្រោលគោ ខណៈកំពុងជិះម៉ូតូតាមផ្លូវ ស្រាប់តែមាន ជនសង្ស័យជាច្រើននាក់បានជិះម៉ូតូចំនួន០៣គ្រឿងកាន់ដាវដេញកាប់រហូត ដល់ចំណុចភូមិត្របែកប្រហោង  ឃុំតាសួស ស្រុកស្វាយជ្រំ  ខ្លួននិងមិត្តភក្តិភ័យ ក៏ផ្តួលម៉ូតូរត់គេចខ្លួន ពេលនោះក្រុមបក្សពួកជនសង្ស័យបានរួមគ្នាកាប់ម៉ូតូខ្លួនខូចខាតអស់។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាពួកខ្លួនពិតជាបានរួមគ្នាខ្លះកាន់ដាវខ្លះកាន់ជំពាមកៅស៊ូ ដេញបាញ់ និងកាប់ជនរងគ្រោះមែនប៉ុន្តែជនរងគ្រោះបានផ្តួលម៉ូតូរត់គេចខ្លួន ពួកខ្លួនក៏កាប់ម៉ូតូបណ្តាលឱ្យបាក់បែកខូចខាតមែន។

បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ និងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីចាត់ការបន្តតាមច្បាប់ ៕

Tags

Comment