ភ្នំពេញ៖ លោក គឹម បញ្ញា ជាអភិបាលរងក្រុងបូកគោ ត្រូវបានស្នងការដ្ឋាននគរបាលកោះហៅឱ្យចូលខ្លួនជាបន្ទាន់ដើម្បីបំភ្លឺនៅស្នងការដ្ឋានខេត្តកំពត ជុំវិញករណីប្រើហិង្សាលើភរិយា និងកូន។ ការកោះហៅលោកអភិបាលរងក្រុងបូកគោឱ្យចូលខ្លួនបំភ្លឺភ្លាមៗនេះ ធ្វើឡើងបន្ទាប់ពីភរិយារបស់លោកបានបង្ហោះលើបណ្តាញសង្គម អំពីសកម្មភាពជេរប្រមាថ និងប្រើហិង្សាដ៏ឃោរបំផុត។
នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នេះ គណនីហ្វេសប៊ុកឈ្មោះថា «Ah leak» បានអះអាងថា ខ្លួនជាភរិយារបស់លោក គឹម បញ្ញា មានតួនាទីជាអភិបាលរងក្រុងបូកគោ ខេត្តកំពត បានប្រើហិង្សា ជេរប្រមាថ វាយដំច្រំធាក់ និងធ្វើទារុណកម្មស្ទើរស្លាប់ស្ទើររស់ជាញឹកញាប់ រហូតទ្រាំលេងបានក៏សម្រេចចិត្ត បង្ហោះនូវរូបភាព និងវីដេអូអំពីសកម្មភាពហិង្សារបស់លោកអភិបាលរងក្រុងបូកគោលើរូបនាងជាប្រពន្ធ ដើម្បីស្វែងរកភាពយុត្តិធម៌។
ស្ត្រីឈ្មោះឈ្មោះ ម៉ាត់ លក្ខិណា ដែលប្រើប្រាស់គណនីហ្វេសប៊ុក «Ah leak» បានសសេរយ៉ាងដូច្នេះថា «នាងខ្ញុំឈ្មោះ ម៉ាត់ លក្ខិណា ដែលមានស្វាមីឈ្មោះ គឹម បញ្ញា ដែលមានតួនាទីរាល់ថ្ងៃ ជាអភិបាលរងក្រុងបូកគោ ខេត្តកំពត។ នាងខ្ញុំបានរួមរស់នៅជាមួយគ្នាតាំងពី២០១៩ ដែលនៅក្នុងអំឡុងពេលរួមរស់ នៅជាមួយគាត់ នាងខ្ញុំមិនដែលបានទទួលការស្រលាញ់ មានតែការឈឺចាប់ទាំងរាងកាយ និងផ្លូវចិត្តគាត់បានប្រើអំពើហិង្សា ដាក់នាងខ្ញុំ ម្តងហើយម្តងទៀត ទាំងដែលគាត់ធ្លាប់ធ្វើកិច្ចសន្យាថាគាត់ឈប់ប្រើអំពើហឹង្សា ដាក់នាងខ្ញុំទៀតហើយ»។
ស្ត្រីឈ្មោះ ម៉ាត់ លក្ខិណា បានសរសេរទៀតថា «គាត់នៅតែបន្តវាយដំរូបនាងខ្ញុំមករហូតរហូតមកដល់ពេលនេះនាងខ្ញុំឆ្អែតនឹងទង្វើដែលគាត់បានធ្វើមកកាន់នាងខ្ញុំ និងអស់ការទ្រាំបន្តទៀត ទើបនាងខ្ញុំបង្ហោះ រូប និង video ទាំងនេះដើម្បីអោយបងប្អូននិងមហាជនជួយរកយុតិ្តធម៌ មកលើរូបនាងខ្ញុំផង។ សូមបងប្អូនជួយគិតមើលថា តើទង្វើហឹង្សាបែបនេះវាសមជាអ្នកដឹកនាំទេ (អភិបាលរងក្រុងបូកគោ) ហេតុដូចនេះ សូមបងប្អូន អ៊ុំ ពូ មីង ទាំងអស់ជួយចែករំលែកដើម្បីអោយរឿងនេះ បានដឹងដល់លោកពូអភិបាលខេត្តកំពត បានជ្រៀបនិងជួយរកយុតិ្តធម៍មកកាន់នាងខ្ញុំ»។
ក្រោយពីស្ត្រីឈ្មោះ ម៉ាត់ លក្ខុណា ភរិយាលោកអភិបាលរងក្រុងបូកគោ បង្ហោះសារលើបណ្តាញសង្គមមិនបានប៉ុន្មាននាទីផង ស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើការកោះហៅលោក គឹម បញ្ញា ភ្លាមៗថា «សូមអញ្ជើញលោក គឹម បញ្ញា អភិបាលរងក្រុងបូលគោ មកបំភ្លឺករណីហិង្សាលើភរិយានៅស្នងការដ្ឋាននគរបាលខេត្តកំពតដោយខ្លួនឯង ឬឱ្យសមត្ថកិច្ចអញ្ជើញលោកដោយផ្ទាល់»។ ស្នងការនគរបាលខេត្តកំពត បានសរសេរទៀតថា «អរគុណលោក គឹម បញ្ញា ដែលបានមកដល់អធិការក្រុងកំពត ដើម្បីបំភ្លឺករណីហិង្សាលើភរិយា»។
បន្ទាបពីមានការព្រមានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត ជុំវិញករណីប្រើហិង្សាលើភរិយានេះ លោក គឹម បញ្ញា អភិបាលរងក្រុងបូលគោ បានភ័យស្លន់ស្លោរប្រញាប់ទៅកាន់ទៅដល់អធិការដ្ឋានក្រុងកំពត ព្រោះខ្លាចនគរបាលទៅនាំខ្លូនដល់ផ្ទះខ្មាស់គេ ដោយសារធ្លាប់មានរឿងជាច្រើនលើច្រើនសារករណីហិង្សានេះ ប៉ុន្តែចំណាត់ការពេលនេះ មិនដឹងច្បាស់យ៉ាងណានៅឡើយទេ។
មហាជនបានសំណែងការហួសចិត្តយ៉ាងខ្លាំង ដែលខ្លួនមានតួនាទីជាអភិបាលរងក្រុងបូកគោ ដែលថ្នាក់ដឹកនាំជាគំរូសម្រាប់ប្រជាពលរដ្ឋ ចូលរួមលើកម្ពស់តម្លៃស្ត្រីភេទ និងជួយអភិវឌ្ឍន៍ប្រទេសជាតិ ប៉ុន្តែបែរជាលើកដៃវាយដំច្រំធាក់លើប្រពន្ធកូន និងធ្វើទារុណកម្មដ៏ព្រៃផ្សៃបែបនេះទាល់តែសោះ។
ជុំវិញករណីខាងលើអង្គភាព MSJ TV មិនអាចទំនាក់ទំនងសុំការបកស្រាយពីលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ ដែលប្រើហិង្សាលើភរិយា និងកូនបានឡើយ៕
Comment