• Today: November 21, 2024

អភិបាលខេត្តកំពតបានប្រកាសបង្ក្រាបនឹងដកហូតយកដីរបស់រដ្ឋមកវិញទាំងអស់

នាថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានប្រកាសថាបង្ក្រាបនិងដកហូតយក ដីរបស់រដ្ឋដែលត្រូវបានជនខិលខូចកាប់ទន្ទ្រានយក ឬរំលោភយកធ្វើជាកម្មសិទ្ធិឯកជនរបស់ខ្លួន រដ្ឋបាលខេត្តកំពតនឹងធ្វើការដកហូតយកមកវិញទាំងអស់ ដោយគ្មានការយោគយល់ ឬលើកលែងអ្វីនោះឡើយ និងបានណែនាំឲ្យមន្ត្រីជំនាញតាមផ្នែកនីមួយៗត្រូវអនុវត្តឲ្យបានឆាប់រហ័ស ហើយបើទើសកន្លែងណាធ្វើមិនបែកសូមរាយការណ៍ ឯកឧត្តមនឹងមានចំណាត់ការដោយផ្ទាល់។ 

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត នៅថ្ងៃទី ៣១ ខែសីហាម្សិលមិញនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងហើយបានប្រកាស និងបានណែនាំទៅកាន់មន្ត្រីមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការបង្ក្រាប និងដកហូតយកដីរបស់រដ្ឋមកឲ្យរដ្ឋគ្រប់គ្របវិញ ក្នុងនោះមានដូចជា ការកាប់ទន្ទ្រានដីព្រៃខុសច្បាប់ ដីព្រែក អូរ និងព្រៃលិចទឹកជាដើម ចំពោះការចុះអនុវត្ត គ្មានការយោគយល់ ឬលើកលែងចំពោះបុគ្គលណាម្នាក់ណាឡើយ ព្រោះទង្វើទាំងនោះ វាជាគំរូអាក្រក់ក្នុងសង្គម ហើយធ្វើឱ្យខូចប្រយោជន៍សាធារណៈ ក៏ដូចជាប្រយោជន៍របស់ជាតិទាំងមូល។

ចាប់តាំងពីចូលកាន់តំណែងជាអភិបាលខេត្តកំពត ឯកឧត្តម ម៉ៅធនិន ក្រៅពីបានដោះស្រាយជម្លោះដីធ្លី សំណើរ សំណូមពររាប់ពាន់ករណីជូនប្រជាពលរដ្ឋ ឯកឧត្តមក៏ជាអភិបាលខេត្តដំបូង ដែលបានដកហូតយកដីរបស់រដ្ឋជាច្រើនទីតាំង មកឲ្យរដ្ឋគ្រប់គ្រងវិញ ជាក់ស្តែងដីចំណីព្រែកតំបន់ខាងលិចស្ពានក្បាលរមាស តំបន់ឆ្នេរខ្សាច់កម្សាន្តកោះស្មៅ តំបន់ឆ្នេរខ្សាច់ងូតទឹកកម្សាន្តចន្លោះស្ពានថ្មី និងស្ពានដេក ដីចំណីព្រែកកំពង់បាយត្រើយខាងលិច(កំពុងអនុវត្ត) និងកន្លែងទីតាំងដីរដ្ឋជាកន្លែងទៀត។ (សឹង រ៉ាត់)

Tags

Comment