ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះលោកវរសេនីយ៍ឯក គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែន បានឱ្យដឹងថា កម្លាំងនគរបាលក្រុងស្ទឹងសែន ចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធមានករណីលួច (ឆក់) មានស្ថានទម្ងន់ទោស កាលពីរសៀលថ្ងៃទី០៦ ខែកក្កដាម្សិលមិញនេះ។
លោកអធិការក្រុង បន្តថា កាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង២១ និង០៥នាទី តាមបណ្ដោយផ្លូវជាតិលេខ ៦A ចំណុចមុខផ្សារត្រពាំងវែង ភូមិពោធិ៍សែនស្នាយ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន មានករណីលួច (ឆក់) មានស្ថានទម្ងន់ទោស កើតឡើងចំនួន ០១លើក បណ្តាលឲ្យមានជនរងគ្រោះចំនួន ០៣នាក់ ក្នុងនោះអ្នកបើកបរម្នាក់ និងអ្នករួមដំណើរចំនួន ០២នាក់ ។
បន្ទាប់ពីទទួលបានពត៌មាន ករណីខាងលើនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក ស៉ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងនគរបាលបានប្រើប្រាស់វិធានការជំនាញ ឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ពិន ស៊ីថុល ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលវិហារ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ដកហូតបាន ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរ៊ីឆ្នាំ២០២២ លេខម៉ាស៊ីនND125ME-6403264 ស្លាកលេខ កំពង់ធំ 1S- 4055 និងទូរស័ព្ទដៃចំនួន ០១គ្រឿង។
លោកវរសេនីយ៍ឯក គឹម សុខមករា បានបញ្ជាក់ថា ៖ ករណីខាងលើនេះមន្ត្រីនគរបាលជំនាញ នៅព្រឹកថ្ងៃទី៧ ខែកក្កដានេះ បានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាង ទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
Comment