• Today: November 21, 2024

សូមចូលរួមរំលែកទុក្ខ! លោកមេភូមិជីកដី ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលមកពីអ្នកបើកបរថយន្ដប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នប៉ះជាមួយម៉ូតូ


ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មានករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាបណ្ដាលអោយបុរសម្នាក់ជាមេភូមិជីកដី ឃុំអណ្ដូងត្របែកស្រុករមាសហែកស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាករណីទី១បានកើតឡើងកាលពីវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅលេីផ្លូវជាតិលេខ៣១៤D ចន្លោះគីឡូម៉ែត្រ១ ស្ថិតនៅភូមិប្រសូត្រ១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានម៉ូតូ ម៉ាកហុងដា ស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២ GB ៨៨៥២ បេីកបរ ឈ្មោះឡឹក សុីណា ភេទប្រុស ជនជាតិខ្មែរ អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិព្រះពន្លា ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង បេីកបរម៉ូតូមិនប្រកាន់ស្តាំ ក៏បុកជាមួយ រថយន្ត ម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ ស្លាកលេខស្វាយរៀង៣A ៣៣៣០យ៉ាងពេញទំហឹងបណ្ដាលអោយរងរបួសធ្ងន់។


ក្រោយកើតហេតុអ្នកបេីកបរដែលមិនស្គាល់អត្តសញ្ញាណ ឃើញសភាពការណ៍មិនស្រួលក៏បានរត់គេចខ្លួនពីកន្លែងកើតហេតុភ្លាមៗតែម្ដង។

ករណីទី២ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣  លើផ្លូវលំ ក្រាលកៅស៊ូ ស្ថិតនៅចំណុចភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង  មានបុរស ឈ្មោះ ភាន ភាគ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិព្រៃវ័រ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បើករថយន្ដ ម៉ាក ហ៊ីយ៉ាន់ដាយ  ពណ៌ស ពាក់ផ្លាកលេខ ត្បូងឃ្មុំ 3A-0558 បើកពីទិសខាងលិចមកកើត  ដោយប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏បុកជាមួយម៉ូតូ ម៉ាក ហុងដា វ៉េវ សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1J-2520 បើកបរដោយឈ្មោះ ឡុង សុខ ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរ មេភូមិ រស់នៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀងក្នុងទិសដៅពីទិសខាងត្បូងទៅជើង មិនពាក់មួកសុវត្ថិភាពពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។ក្រោយបង្កហេតុ អ្នកបើករថយន្ដត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុករមាសហែកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ចំណែក សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕

Tags

Comment