ភ្នំពេញ ៖ អបអរសាទរទិវាកុមារអន្តរជាតិ, កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៣នេះ បានឧបត្ថម្ភថវិកា ១លានដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ជាលើកទី៦ ដែលត្រូវជាលើកទី១២ (ឆ្នាំទី១២) សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា គិតចាប់តាំងពីឆ្នាំ២០១២រៀងមក។
ពិធីប្រគល់-ទទួលថវិកាខាងលើនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមវត្តមាន លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ ថវិកាចំនួន ១លានដុល្លារនេះ ក៏ត្រូវបានមូលនិធិគន្ធបុប្ផាកម្ពុជា ប្រគល់ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលតំណាងដោយ លោកវេជ្ជ. Denis Laurent អគ្គនាយក និងជាតំណាងមូលនិធិគន្ធបុប្ផាស្វីស និងលោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យកុមារគន្ធបុប្ផាភ្នំពេញ ក្នុងពេលនោះដែរ។
ក្នុងឱកាសជួបសវនាការនោះ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី បានសម្តែងនូវក្តីសោមស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញដល់របស់គណៈប្រតិភូ និងបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរជូនចំពោះគណៈប្រតិភូ ក៏ដូចជាស្ថាបនិក-ថ្នាក់ដឹកនាំ នៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលខិតខំប្រឹងប្រែងកៀរគររកមូលនិធិដើម្បីទ្រទ្រង់ដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ជាពិសេស ក្រុមគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យកុមារគន្ធបុប្ផាទាំងអស់ ដែលបានខិតខំប្រឹងប្រែងផ្តល់សេវាកម្មសុខភាព ជូនស្ត្រីមានផ្ទៃពោះ និងកុមារកម្ពុជារាប់ម៉ឺន រាប់សែននាក់នៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះ លោកស្រីកិត្តិបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិគន្ធបុប្ផាស្វីស ដែលនៅតែបន្តឧបត្ថម្ភគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីធ្វើយ៉ាងណាធានាឱ្យបាននិរន្តរភាពទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យកុមារគន្ធបុប្ផា។
លោកស្រីកិត្តិបណ្ឌិត បានគូសបញ្ជាក់ថា «ចំពោះមន្ទីរពេទ្យកុមារគន្ធបុប្ផា គឺជាអាទិភាពមួយដែលកាកបាទក្រហមកម្ពុជា បានគិតគូរ យកចិត្តទុកដាក់ និងចូលរួមចំណែករែកពន់ជាមួយរាជរដ្ឋាភិបាល និងមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យ មន្ទីរពេទ្យកុមារគន្ធបុប្ផា អាចបន្តបេសកកម្មផ្តល់សេវាសុខភាពជូនដល់កុមារកម្ពុជារាប់ម៉ឺនសែននាក់បន្តទៅទៀត»។ បន្ថែមពីនេះ លោកជំទាវកិត្តិបណ្ឌិត ក៏បានជម្រាបជូនគណៈប្រតិភូអំពីការកៀរគររកមូលនិធិរបស់កាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានឧបត្ថម្ភជាថវិកា និងសម្ភារៈដល់កាកបាទក្រហមកម្ពុជា ដែលគិតមកត្រឹមខែឧសភា ឆ្នាំ២០២៣ ទទួលបានមូលនិធិសរុបសមមូលជាប្រាក់ដុល្លារចំនួន ១៣.៩៧០.១៩០ដុល្លារអាមេរិក។
ជាកិច្ចឆ្លើយតប លោក រស់ សីលវ៉ា ក្នុងនាម លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានបន្តចូលរួមចំណែកជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដែលនេះបានបង្ហាញពីការគិតគូររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការលើកកម្ពស់សុខុមាលភាពកុមារ ដែលជាមូលធនមនុស្សនៅកម្ពុជា និងជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ, បន្ទាប់ពីបង្កើត និងដាក់ឱ្យដំណើរការជាផ្លូវការមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចទាំងទ្វេជាស្ថាបនិក និងជាប្រធានកិត្ដិយសរបស់មូលនិធិផ្ទាល់។
លោក ក៏បានថ្លែងប្រកបដោយសុទិដ្ឋិនិយមថា «វិភាគទានដ៏ថ្លៃថ្លារបស់កាកបាទក្រហមកម្ពុជា នឹងចូលរួមចំណែកធានានូវចីរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យកុមារគន្ធបុប្ផា ព្រមទាំងធានាថាកុមារកម្ពុជា នឹងបន្ដទទួលបានការធានានូវការគាំពារផ្នែកសុខភាព។» ទន្ទឹមនឹងនេះ លោក ក៏បានជម្រាបជូនផងដែរអំពីបញ្ហាប្រឈមរបស់មន្ទីរពេទ្យកុមារគន្ធបុប្ផា ដូចជា៖
ស្ត្រីសម្រាលកូននៅពុំទាន់មានគ្រែសម្រាកគ្រប់គ្រាន់, អត្រាមរណភាពទារកទើបកើតនៅមន្ទីរពេទ្យកុមារគន្ធបុប្ផាភ្នំពេញ នៅមានកម្រិតមួយដែលគួរត្រូវយកចិត្តទុកដាក់បន្ថែម, និងមន្ទីរពេទ្យក៏កំពុងសាងសង់អគារសម្ភពថ្មីមួយ ដែលមានគ្រែសម្រាកចំនួន ១២០គ្រែ (ក្នុងនោះមានគ្រែសម្រាកព្យាបាលសង្គ្រោះទារកចំនួន ២០គ្រែ) នៅមន្ទីរពេទ្យជ័យវរ័្មនទី៧សៀមរាប និងបានពង្រីកបន្ថែមលើការព្យាបាលជំងឺមហារីកផ្សេងៗលើកុមារ តាមវិធីព្យាបាលដោយថ្មាំគីមីផងដែរ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍សកម្មភាពក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៣ របស់មន្ទីរពេទ្យកុមារគន្ធបុប្ផា បានឱ្យដឹងថា ៖
– កុមារមានជំងឺចំនួន ៣២០.៩២១នាក់ ត្រូវបានពិនិត្យព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ (កើន ៥២% ច្រើនជាងឆ្នាំ២០២២)។
– កុមារមានជំងឺធ្ងន់ធ្ងរចំនួន ៧៤.៩៧៥នាក់ ត្រូវបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ (កើន ១០៨% ច្រើនជាងឆ្នាំ២០២២)។
– កុមារចំនួន ៣៧៥នាក់ មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ ត្រូវបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។
– កុមារចំនួន ១០.៣៩១នាក់ បានទទួលការវះកាត់។
– វះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម នៅមន្ទីរពេទ្យកុមារគន្ធបុប្ផាសៀមរាប និងភ្នំពេញ បានចំនួន ៣៦៧នាក់។
– ស្ត្រីមានផ្ទៃពោះចំនួន ៤២.០៩៥ករណី បានមកពិនិត្យតាមដានផ្ទៃពោះនិងព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ នៃមន្ទីរសម្ភព និងសម្រាលកូននៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣ ខេត្តសៀមរាប) បានចំនួន ៨.៣១៩នាក់ (កើន ៣៥%)៕
Comment