• Today: November 21, 2024

លោកឃួង ស្រេង ៖ ជំរុញឱ្យក្រុមជំនាញ ការងារសាងសង់ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព រួចរាល់ទៅតាមផែនការខែមិថុនា ២០២៣

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យ ក្រុមហ៊ុន ដែលទទួលម៉ៅការ សាងសង់ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ព្រែកព្នៅ ត្រូវ ពន្លឿនការងារ សាងសង់ឲ្យ បានលឿន ពោលគឺធ្វើយ៉ាងណាឲ្យ រួចរាល់ទៅតាមផែនការដែលបានគ្រោងទុក ។  

    លោកបានជំរុញបែបនេះ បានធ្វើឡើង នារសៀលថ្ងៃទី០៦ មេសា ឆ្នាំ២០២៣ ជាមួយ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមន្ដ្រីជំនាញ ក្នុងឱកាស ចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ជាថ្មីម្តងទៀត ដើម្បីជំរុញការសាងសង់មន្ទីរពេទ្យនេះឲ្យបានលឿន ទៅតាមអ្វីដែលបានគ្រោងទុក ពិសេសចំពោះកិច្ចដែល នៅសេសសល់មួយចំនួន។ 

   ក្រៅពីការដើរពិនិត្យដោយផ្ទាល់ហើយនោះ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក អភិបាលរាជធានីភ្នំពេញ ក៏បាន បើកកិច្ចប្រជុំនៅក្នុងទីតាំង នៃមន្ទីរពេទ្យនេះផងដែរ ដើម្បីរិះរកគ្រប់វិធីសាស្ត្រធ្វើយ៉ាងណាឲ្យ សំណង់ដ៏សំខាន់មួយនេះបានរួចរាល់ទៅតាមគម្រោងដែលគ្រោងទុក ពិសេសអគារH3 ដែលជាអគារ សម្រាប់វះកាត់និងព្យាបាលជំងឺ កីឡាករ កីឡាការិនីដែលរងរបួស ក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ តាមបទបញ្ជារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺធ្វើយ៉ាងណាឲ្យក្រសួងសុខាភិបាលរៀបចំបន្ទប់វះកាត់និងព្យាបាលជំងឺH3នេះឲ្យបានរួចរាល់នៅមុនការ ប្រកួតកីឡា ស៊ីហ្គេមលើកទី ៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ ២០២៣ ខាងមុខនេះ។

   មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ធ្វើពិធីក្រុងពាលីតាមបែបសាសនា សុំម្ចាស់ទឹក ម្ចាស់ដី ដើម្បីសាងសង់ កាលពីរសៀលថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០២២ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ។ 

    មន្ទីរពេទ្យជាតិ តេជោសន្ដិភាព មាន អគារសម្រាកព្យាបាល និងសង្គ្រោះបន្ទាន់ (E) អគារសម្រាកព្យាបាលកម្រិតធ្ងន់ (H1 និង H2)  អគារសម្រាកព្យាបាលកម្រិតស្រាល (H3, H4, H5, H6 និង H7) ។ សរុបចំនួនគ្រែអ្នកជំងឺពីអគារ ( H1 ដល់ H7) ទាំងអស់ មានប្រមាណ១ម៉ឺនគ្រែ ជាមួយនិងអគារបច្ចេកទេស (T) ។ មណ្ឌលនេះ មានចំណតរថយន្ត (P) សួនច្បារ (G3) មានសួនបៃតង អគារផ្គត់ផ្គង់ និងពត៌មាន (A) អគារស្នាក់នៅសម្រាប់បុគ្គលិក (S) ។សម្រាប់អគារ​ A, S, E, H1,H2,H3,H4,H5,H6,H7, T1,T2 ដែលអគារនីមួយៗសុទ្ធតែមានមុខងារសំខាន់ៗជាពិសេស អគារ T1,T2 ។មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ស្ថាបនាដោយក្រុមហ៊ុន ស៊ីជេអុីស៊ី CJEC.co,Ltdសហការជាមួយសាលារាជធានីភ្នំពេញ។

  មន្ទីរពេទ្យជាតិដ៏ធំមួយនេះ គ្រោងនឹងបញ្ចប់ការសាងសង់រួចជាស្ថាពរ និងដាក់ឱ្យដំណើរការជាផ្លូវការ នៅខែមិថុនា ឆ្នាំ២០២៣។ មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេសកម្ពុជា ដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសអ្នកជំងឺទាំង១៤ខណ្ឌ នៅរាជធានីភ្នំពេញ ព្រមទាំងអ្នកជំងឺដែលមកពីខេត្ដកណ្ដាល និងកំពង់ស្ពឺ ជាព្រំប្រទល់ជាប់រាជធានីភ្នំពេញ។ក្នុងករណីដែលមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំ គឺមន្ទីរពេទ្យជាតិដ៏ធំមួយនេះ អាចមានលទ្ធភាព ក្នុងការទទួលអ្នកជំងឺដោយមិនមានការព្រួយបារម្ដនោះទេ មន្ទីរពេទ្យនេះបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដា»

  អគារសម្រាប់មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ នឹងត្រូវសាងសង់ឲ្យបានរួចរាល់ក្នុងរយៈ ពេល១ឆ្នាំ ដើម្បីបំពេញតំរូវការចាំបាច់ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ។ ការចាប់ផ្តើមដំណើរការសាងសង់មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ពិតជាបានបង្ហាញឲ្យឃើញពី ការគិតគូរបស់អាជ្ញាធររាជធានីភ្នំពេញតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ៕

Tags

Comment