• Today: November 21, 2024

បុគ្គលឈ្មោះ រស់ ពុទ្ធា រហស្សនាម «អាក្របី» ជើងខ្លាំងប្រចាំខេត្តមណ្ឌលគិរី បាញ់នារីអ៊ុតសក់បណ្តាលឱ្យរងរបួសធ្ងន់

មណ្ឌលគិរី៖ បុគ្គលជើងខ្លាំងប្រចាំភូមិភាគឦសាន្តមានឈ្មោះ រស់ ពុទ្ធា រហស្សនាម «អាក្របី» ដែលល្បីល្បាញខាងរកស៊ីបទល្មើសព្រៃឈើ និងបាញ់បោះសេរីនោះ បានធ្វើសកម្មភាពបាញ់នារីអ៊ុតសក់ម្នាក់បណ្តាលឱ្យរងរបួសធ្ងន់រួចរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។

បុគ្គលជើងខ្លាំងឈ្មោះ រស់ ពុទ្ធា រហស្សនាម «អាក្របី» បាញ់នារីជាជាងអ៊ុតសក់ម្នាក់ បានកើតមានឡើងនៅម៉ោង ១និង២០នាទីរំលងអាធ្រាតចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ កន្លងមកនេះ នៅចំណុចចំការស្រល់ នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ខណៈពេលចេញផឹកស៊ី និងរាំសប្បាយក្នុងក្លឹបកម្សាន្តមួយកន្លែង ក្នុងក្រុងសែនមនោរម្យ។

សេចក្តីរាយការណ៍ បានឱ្យដឹងថា នារីវ័យក្មេងម្នាក់ឈ្មោះ ចន សុវណ្ណណេត ហៅហ្សា អាយុ ២៥ឆ្នាំ មុខរបរ ជាងអ៊ុតសក់ មានទីលំនៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបុគ្គលជើងខ្លាំងប្រចាំភូមិភាគឦសាន្តឈ្មោះ រស់ ពុទ្ធា រហស្សនាម «អាក្របី» បាញ់មួយគ្រាប់ត្រូវចំដើមដោះខាងស្ដាំក្បាលគ្រាប់ចូលបៀមនៅក្រោមស្លាបប្រចៀវ រងរបួសធ្ងន់ ត្រូវបានមិត្តភក្តិដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ប៉ុន្តែដោយសារស្ថានភាពធ្ងន់ពេកកបញ្ជូនបន្តមកកាន់រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឱ្យដឹងថា ក្រោយផ្ទុះអាវុធត្រូវចំនារីរងគ្រោះជនបង្កឈ្មោះ រស់ ពុទ្ធា រហស្សនាម «អាក្របី» បានរត់គេចខ្លួនបាត់ស្រមោលតែម្តង។

សូមរំឭកថា កាលពីវេលាម៉ោង ២១និង២០នាទីយប់ថ្ងៃទី០៤ ខែសីហា ឆ្នំា២០២១ កន្លងមក មន្ត្រីនគរបាលម្នាក់ឈ្មោះ អ៊ន់ លាងអេង ភេទប្រុស អាយុជាង ៣០ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់ស្ពាន មានជ័យ  ក្រុងសែនមនោរម្យ  ត្រូវបានបុគ្គលឈ្មោះ រស់ ពុទ្ធា រហស្សនាម «អាក្របី» បាញ់នឹងអាវុធបាញ់ ម៉ាក វ៉្វាំងដឺឡុង បណ្តាលឱ្យរងបួសធ្ងន់ ពេលចុះល្បាតអន្តរាគមន៍ នៅចំណុចមុខហាង «ស៊ុបបៃតង» ស្ថិតក្នុងភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ បន្ទាប់ពីបាញ់មន្ត្រីនគរបាលបណ្តាកឱ្យរងរបួសបុគ្គលដ៏មានឥទ្ធិពលរូបនេះ បានរត់គេចខ្លួនសំងំលាក់ខ្លួនបាត់។

ចំពោះមូលហេតុបុគ្គលមានអំណាចបាញ់មន្រ្តីនគរបាលប៉ុស្តិ៍សង្កាត់ស្ពានមានជ័យពេលនោះ ដោយសារឈ្មោះ រស់  ពុទ្ធា ហៅក្របី ជាជនដៃដល់ និងឈ្មោះ  ឌី  សុខជា បានឈ្លោះទាស់ទែង និងប្រតាយប្រតប់គ្នាហើយមន្ត្រីនគរបាលចុះទៅអន្តរាគមន៍ក៏កើតមានករណីផ្ទុះអាវុធបណ្តាលឱ្យត្រូវចំមន្ត្រីនគរបាលឈ្មោះ លោក អ៊ន់  លាងអេង រងរបួសធ្ងន់តែម្តង។

សូមបញ្ជាក់ថា បុគ្គលឈ្មោះ រស់  ពុទ្ធា រហស្សនាម «អាក្របី» មានអាយុជាង ៤០ឆ្នាំ មានទីលំនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលជាបុគ្គលមានឥទ្ធិពលម្នាក់ ក្នុងទឹកដីខេត្តមណ្ឌលគិរី និងជាអតីតមេឈ្មួញរកឈើឆ្លងដែនដោយខុសច្បាប់ទៅប្រទេសវៀតណាម និងមានមេកើយថ្នាក់ឧត្តមសេនីយ៍តែងតែជួយអត្តរាគមន៍ជួយស្ទើរគ្រប់ពេល។

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នេះ មិនអាចទំនាក់ទងសុំការបញ្ជាក់បន្ថែមជុំវិញករណីផ្ទុះអាវុធបណ្តាលឱ្យនារីជាជាងអ៊ុតសក់រងរបួសធ្ងន់បានឡើយ ដោយគ្មានការឆ្លើយតប៕


Tags

Comment