កំពត៖ ទីបំផុត! នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នេះ ឧកញ៉ា ជា សារ៉ន និងបក្ខពួក ត្រូវបានចៅក្រមស៊ើបសួរ ភាព សុភា នៃសាលាដំបូងខេត្តកំពត សម្រេខឃុំខ្លួនជាបណ្តោះអាសន្ន ក្នុងពន្ធនាគារ ស្ថិតនៅក្រោមការពិនិត្យពីបទៈ ឆបោកមានស្ថានទម្ងន់ទោស។
យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោក ភាព សុភា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពត ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នេះ ឧកញ្ញ៉ា ជា សារ៉ន និងបក្សពួកដែលបានឆបោក ប្រជាពលរដ្ឋរាប់ពាន់នាក់ពីបទៈ ឆបោកមានស្ថានទម្ងន់ទោស និងត្រូវបានបញ្ជូនដល់ពន្ធនាគារខេត្តកំពត។
ជនត្រូវចោទឈ្មោះ ជា សារ៉ន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ សាសនាព្រះពុទ្ធ កម្រិតវប្បធម៌មធ្យម សិក្សាទុតិយភូមិ មុខរបរអគ្គនាយកក្រុមហ៊ុន ជាសារ៉ន រៀលធី ទីកន្លែងកំណើតភូមិទួល ឃុំល្បើក ស្រុកឈូក ខេត្ត កំពត ទីលំនៅបច្ចុប្បន្ននៅភូមិទួល ឃុំល្បើក ស្រុកឈូក ខេត្តកំពត។
ជនត្រូវចោទទាំងនេះ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទៈ ឆបោកមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិបឹងនិមល និងភូមិត្រពាំងបី ស្រុកឈូក ខេត្តកំពត និងភូមិព្រៃវែង ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត ចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០១៨ រហូតដល់បច្ចុប្បន្ន បទល្មើសមានចែង និងបញ្ញត្តឲ្យផ្ដន្ទាទោសតាមមាត្រា៣៧៧, មាត្រា៣៨០ នៃក្រម ព្រហ្មទណ្ឌ។
បច្ចុប្បន្ន ឧកញ៉ា ជា សារ៉ន និងបក្ខពួកត្រូវបាននគរបាលបញ្ជូនខ្លួនឲ្យដេកក្នុងពន្ធនាគារខេត្តកំពតជាបណ្តោះអាសន្ន៕
Comment