• Today: December 03, 2024

លោកឃួង ស្រេង ណែនាំដល់កងកម្លាំងនិងអាជ្ញាធរខណ្ឌទាំង១៤ត្រូវ ពង្រឹងការងារ ការពារសន្តិសុខសណ្ដាប់ធ្នាប់ អនាម័យបរិស្ថានឲ្យកាន់តែល្អ ពិសេសនៅទីតាំង រដ្ឋសភានិងនៅ មុខបរមរាជវាំង

 

ភ្នំពេញ៖ លោកឃួង ស្រេងអភិបាល រាជធានីភ្នំពេញ បានណែ នាំដល់កងកម្លាំងនិងអាជ្ញាធរខណ្ឌទាំង១៤ ពង្រឹងការងារ ការពារសន្តិសុខសណ្ដាប់ធ្នាប់ អនាម័យបរិស្ថានអោយកាន់តែល្អប្រសើរ ពិសេសនៅទីតាំង រដ្ឋសភានិងនៅមុខបរមរាជវាំងនៅថ្ងៃ ទី២១និង២២ សីហាខាងមុខនេះ ដែលជាថ្ងៃប្រជុំសភា និងការស្បថ ចូលកាន់តំណែង សម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មី។

លោកបានជំរុញបែបនេះ នៅរសៀលថ្ងៃទី១៤ សីហា ២០២៣ នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីកងកម្លាំង ចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញនិងអភិបាលខណ្ឌទាំង១៤ ។

ក្នុងកិច្ចប្រជុំនោះ លោក ឃួង ស្រេង បានអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ កងកម្លាំងនិងអាជ្ញាធរដែនដីទាំង១៤ខណ្ឌដែលបានយកអស់កម្លាំងកាយចិត្តក្នុងកិច្ចការពារ សន្តិសុខ សណ្ដាប់ធ្នាប់ នៅក្នុងពេលបោះឆ្នោតកន្លងមកនេះ បានយ៉ាងល្អ ហើយកិច្ចការនេះ លោក សុំឲ្យកងកម្លាំងក៏ដូចជាអាជ្ញាធរ បន្តការយកចិត្តទុកដាក់បន្ថែមទៀត។

លោក ឃួង ស្រេង បានបន្តទៀតថា៖ នៅថ្ងៃទី២១និង២២សីហាខាងមុខនេះ យើងនឹងមានព្រឹត្តិការណ៍ធំៗ២ នោះ គឺការប្រជុំសភានិងការស្បថចូលកាន់តំណែងសម្រាប់រាជរដ្ឋាភិបាលថ្មី។

ដូច្នេះទេ លោកស្នើអោយសមត្ថកិច្ចប៉ូលីសរៀបចំផែនការ ការពារសន្តិសុខឲ្យបានល្អប្រសើរបំផុត។

 លោកបញ្ជាក់បានបន្តទៀតថា ក្នុងនាមកងកម្លាំងនិងអាជ្ញាធរ ត្រូវជម្រុញកិច្ចការពារសន្តិសុខ សណ្តាប់ជាមួយនិងការរិត បន្តឹង ការពិនិត្យជាតិអាកុលនៅក្នុងមូលដ្ឋានអោយបានជាប់ជាប្រចាំ។ ជាមួយគ្នានោះ ការបង្ការគ្រោះអគ្គីភ័យ ក៏ជារឿងមួយដែល លោកឃួង ស្រេង ជម្រុញអោយកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ផងដែរ។

លោកឃួង ស្រេង បានបញ្ជាក់ផងដែរថា៖ សម្រាប់ថ្ងៃទី២១ និង២២ សីហា ខាងមុខនេះ អាជ្ញាធរខណ្ឌដែលមានរដ្ឋសភានិងបរមរាជវាំងនៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវតែរៀបចំ សណ្ដាប់ធ្នាប់ អនាម័យបរិស្ថានអោយបានល្អជាមួយនឹងការរក្សាអោយបាននូវសន្តិសុខខ្ពស់បំផុត នៅទីតាំងទាំង២នេះ៕

Tags

Comment