• Today: November 21, 2024

ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) ចាប់ផ្តើមឱ្យកម្មករជាច្រើននាក់ ចូលកាប់បំផ្លាញព្រៃឡង់ ក្នុងខេត្តព្រះវិហារ យ៉ាងរង្គាល សមត្ថកិច្ចពាក់ព័ន្ធគ្មានវិធាន

ព្រះវិហារ៖ ក្រុមសកម្មជនការពារព្រៃឈើ និងបណ្តាញសហគមន៍ព្រៃឡង់ បានរកឃើញថា ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) ដែលមាទីតាំងស្ថិតនៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ បានដាក់កម្លាំងកម្មករជាច្រើននាក់ ឱ្យចូលទៅកាប់ឈើក្នុងតំបន់ស្នូលនៃព្រឡង់រួចដឹកចូលក្នុងបរិវេណក្រុមហ៊ុនដើម្បីប្រែក្លាយឈើទាំងនោះឱ្យស្របបន្លំភ្នែកសមត្ថកិច្ចជំនាញ។

ក្រុមសកម្មជនការពារព្រៃឡង់ បានបង្ហាញថា ក្រុមការពារបណ្តាញសហគការពារព្រៃឡង់ បានចុះល្បាតព្រៃប្រទះឃើញហ្វូងកម្មករជាច្រើនកំពុងធ្វើសកម្មភាពអារច្រៀកឈើយ៉ាងអនាធិបតេយ្យ ត្រង់ចំណុចបុស្សរាំង ,ជ្រាប់ក្បាលដំរី ,ស្រែកណ្ដាល ,អូរអាចម៍ដែក ,ភូមិចាស់ ,ភ្នំចោទប្រាសាទគោលព្រៃស្រឡៅនិងចំណុចស្រែតាង៉ុត។ ប្រភពបានបន្តទៀតថា ក្រុមអ្នកកាប់ឈើបានដឹកឈើទាំងនោះចូលទៅលក់ឲ្យក្រុមហ៊ុន PNT co.,ltd ដើម្បីវ៉ៃប៉េសេឱ្យទៅជាឈើស្របច្បាប់រួចដឹកជញ្ជូនតាមរថយន្តយីឌុប ទៅលក់នៅទីក្រុងភ្នំពេញ និងមួយចំនួនទៀត។

របាយការណ៍របស់បណ្តាញសហគន៍ព្រៃឡង់ បានបង្ហាញថា ចាប់ពីថ្ងៃទី១៦ ដល់១៩ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមកនេះ សហគមន៍បានឃ្លាំមើល និងតាមដានបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ ក្នុងភូមិសាស្រ្ដខេត្ដក្រចេះ មានអ្នកចូលរួម ចំនួន២២នាក់ និងម៉ូតូ ចំនួន២២គ្រឿង ត្រង់ចំណុចភ្នំក្រហម អូរក្រាក់ អូរជាំ វាលស្រែតាព្រហ្ម និងចំណុចផ្សេងទៀត បានជួបប្រទះគល់ឈើជាង ១០០គល់មិនទាន់ដឹកចេញពីព្រៃ រួមទាំងគោយន្ត ចំនួន០៣គ្រឿង និងជម្រកបទល្មើសច្រើនកន្លែងផងដែរ។

តាមរបាយការណ៍បានឱ្យដឹងទៀតថា ក្រុមអ្នកកាប់បំផ្លាញព្រៃឈើជាច្រើនបោះជំរំស្នាក់នៅបណ្តោះអាសន្ន ដើម្បីកាប់ឈើ និងអាច្រៀកឈើដឹកយកទៅលក់ឲ្យក្រុមហ៊ុន PNT co.,ltd របស់ឧកញ៉ា ឡេង ឬទ្ធី តាមរយៈគោយន្តកន្ត្រៃយ៍ជាច្រើនគ្រឿង ដឹកជញ្ជូនឈើចេញពីព្រៃឡង់ចូលទៅលក់ឲ្យក្រុមហ៊ុនហើយក្រុមហ៊ុនបានប្រើប្រាស់រថយន្តប្រភេទអារ៉េវប៉ាកុងជាច្រើនគ្រឿងសម្រាប់ដឹកជញ្ញូនឈើដែលគេប្រមូលទិញបានចូលទៅក្នុងតំបន់រោងចក្រកែច្នៃឈើហើយបំលែងឈើខុសច្បាប់ទាំងនោះជាឈើស្របច្បាប់។ របាយការណ៍បានបង្ហាញទៀតថា ឈើដែលរងការកាប់បំផ្លាញ អារច្រៀក ដឹកជញ្ជូនចេញពីព្រៃឡង់ ភាគច្រើនមុខកាត់ធំៗចាប់ពី ០,៤០ម៉ែត្រដល់១,១០ម៉ែត្រ ជាប្រភេទលេខ១ និងលេខ២។ 

សកម្មភាពក្រុមកម្មកររជាច្រើននាក់ ដែលនាំគ្នាចូលកាប់ឈើក្នុងដែនជម្រកព្រៃឡង់យកទៅលក់ឱ្យក្រុមហ៊ុន PNT co.,ltd មិនត្រូវបានមន្ត្រីបរិស្ថានដែលមានភារកិច្ចការពារ និងអភិរក្សព្រៃឡង់នេះគ្មានវិធានការទប់ស្កាត់ឡើយ។ ក្រុមសកម្មជនព្រៃឈើ និងក្រុមបណ្តាញសហគមន៍ព្រៃឡង់មានការលំបាកក្នុងសហការជាមួយមន្ត្រីអនុរក្សបរិស្ថានខ្លាំងណាស់។

សូមរំឭកថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ បានអនុញ្ញាតឱ្យក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) ធ្វើការកាប់ប្រមូលផលអនុផលព្រៃឈើ ក្នុងអនុតំបន់ II អនុតំបន់ III និងអនុតំបន់ IV នៃដីសម្បទានសេដ្ឋកិច្ចរបស់ ក្រុមហ៊ុន ភី អ៊ិន ធី ខូ អិលធីឌី។ ក្នុងករណីការប្រមូលផលអនុផលព្រៃឈើ របស់ក្រុមហ៊ុនខាងលើនេះ ធ្វើមិនត្រឹមត្រូវទៅតាមគោលការណ៍អនុញ្ញាត និងច្បាប់ស្តីពីព្រៃឈើនោះ រដ្ឋបាលព្រៃឈើ នឹងចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។

នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ អង្គភាពសារព័ត៌មាន MSJ TV មិនអាចទំនាក់ទំនងសុំការបកស្រាយពីភាគីក្រុមហ៊ុន PNT co.,ltd និងក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) ដែលទទួលសិទ្ធក្នុងការកាប់ប្រមូលផលអនុផលព្រៃឈើ ក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ចនោះបានឡើយ៕

Tags

Comment