• Today: December 03, 2024

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី បានបន្តចុះជួបសកម្មជន និងសមាជិកគណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកដំណាក់ចង្អើរ


(ខេត្តកែប)នៅព្រឹកថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២៣ នេះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា  និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានបន្តចុះជួបជាមួយសកម្មជន និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ យ៉ាងច្រើនកុះករ ។


   ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី បានផ្តល់ការណែនាំដល់ក្រុមការងារ និងសកម្មជនគណបក្សបន្តសកម្មភាពចុះបង្រៀនការគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ តាមការកំណត់របស់ គ.ជ.ប និងត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ឲ្យខាងតែបាន ចំពោះក្រុមជនទុច្ចរិតដែលបន្លំខ្លួនជាមនុស្សរបស់ គណបក្សប្រជាជន ហើយទៅណែនាំប្រជាជនឲ្យគូសសន្លឹកឆ្នោតខុស។
   ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធបានសម្ដែងនូវអំណរគុណដល់សកម្មជន និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងឃុំពងទឹកទាំងអស់ ពិសេសបងប្អូនខ្មែរឥស្លាម ដែលតែងបាន ផ្តល់ការគាំទ្រ ហើយនឹងបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពបន្តវេននាពេលអនាគត ដើម្បីថែរក្សាសន្តិភាព, ឯកភាពជាតិ, ឯករាជ្យភាព, អធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងសមិទ្ធផលនានា ឱ្យ បាន គង់វង្ស ក៏ដូចជាដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែជឿនលឿន និងបន្តរីកចម្រើនលូតលាស់ទៅមុខ ឲ្យស្មើមុខស្មើមាត់ ដូចប្រទេសនានាក្នុងតំបន់ និងពិភពលោក ពោលគឺសំដៅក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ទៅដល់ថ្ងៃខាងមុខ។
   ទេសរដ្ឋមន្ត្រី បានអំពាវនាវដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ សូមនាំគ្រួសារ បងប្អូន និងញាតិមិត្ត  អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដែលមានរូបសញ្ញាទេវតាបាចផ្កា ដើម្បីសន្ដិភាព, ស្ថេរភាព និងការអភិវឌ្ឍ ព្រមទាំងដើម្បីលើកតម្កើងជីវភាពខ្លួននៅពេលអនាគត។

Tags

Comment