• Today: November 21, 2024

កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចាប់ខ្លួនសង្ស័យម្នាក់ រឹបអូសគ្រឿងញៀនជាង១៣គីឡូក្រាម

ភំ្នពេញ៖ ជនសង្ស័យម្នាក់រួមនឹងគ្រឿងញៀនជាង ១៣គីឡូក្រាម ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចាប់ខ្លួនដោយរឹបអូសបានគ្រឿងញៀនជាង១៣គីឡូក្រាម កំពុងរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលការចាត់ការតាមផ្លូវច្បាប់។

តាមប្រភព័ត៌មានបានឱ្យដឹងថា ជនសង្ស័យឈ្មោះ នៅ សុខ អាយុ ៤២ឆ្នាំ ភេទប្រុស កើតឆ្នាំ ១៩៨២ ជនជាតិខ្មែរ ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជាមួយនឹងសារធាតុញៀន ជាង១៣គីឡូក្រាម នៅចំណុចផ្លូវជាតិលេខ១ ក្បែរស្តុបផ្សារច្បារអំពៅ សង្កាត់ ខណ្ឌច្បារអំពៅ និងនៅចំណុចផ្ទះលេខ១០៧Eo ផ្លូវលេខ២១៧ សង្កាត់អូរឬស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។

ប្រតិបត្តិការខាងលើ ធ្វើឡើងដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់ពីឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅវេលាម៉ោង ១៧និង០០នាទី នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ កម្លាំងជំនាញ  (ក១០) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា លោកឧត្តមសេនីយ៍ត្រី យឹម សែនឧត្តម នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន និងមានសម្របសម្រួលនិតិវិធីលោក អ៊ុំ សុភ័ក្រ ព្រះរាជអាជ្ញារង អមអយ្យការសាលដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងទ្រង់ទ្រាយធំនេះតែម្តង។

ចំពោះវត្ថុតាងដកហូតបាន រួមមាន ៖ សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ៨ គីឡូក្រាម និង០.១៤ ក្រាម , សារធាតុញៀន ប្រភេទ មេតំហ្វេតាមីន (ទឹក) ១គីឡូក្រាម និង១៣៨ ក្រាម , សារធាតុញៀន ប្រភេទ អ៊ិចស្តាស៊ី (MDMA) ៤គីឡូក្រាម និង១៨៤ក្រាម , សារធាតុញៀន ប្រភេទ កេតាមីន(Ketamine) ៥៤ក្រាម សរុបរួម ១៣គីឡូក្រាម និង៣៩០ក្រាម,  រថយន្ត ០១គ្រឿង ម៉ាក High Lander ពណ៌ខ្មៅ ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ដើម្បីចាត់ការតាមនីតិវិធី៕

Tags

Comment