ភ្នំពេញ៖ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម សខេងឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) បានណែនាំកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសភ្នាក់សន្ដិសុខបោះឆ្នោតទាំងអស់ ត្រូវបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយ ប្រកបដោយតម្លាភាព និងគ្មានការរើសអើង។
នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារ នៃសេចក្ដីណែនាំរួម ស្ដីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្ដិសុខបោះឆ្នោត ក្នុងយុទ្ធនាការការពារដំណើរការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ដែលជាគណៈបញ្ហាការសន្តិសុខអចិន្ត្រៃយ៍រាជធានី-ខេត្ត សម្រាប់ការបោះឆ្នោត ទទួលខុសត្រូវដឹកនាំដោយ ផ្ទាល់ក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងភូមិសាស្ត្ររបស់ខ្លួន និងធានាឱ្យបានដាច់ខាតនូវស្ថិរភាពសន្តិសុខសម្រាប់ការបោះឆ្នោត ពិសេសធានាឱ្យកិច្ចដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ ឱ្យប្រព្រឹត្តទៅ ដោយរលូន ប្រកបដោយភាពស្ងប់ស្ងាត់ គ្មានការគំរាមកំហែង គ្មានអំពើហិង្សា និងតម្លាភាព។
សម្ដេចក្រឡាហោម ស ខេង ប្រធាន គ.ស.អ មានប្រសាសន៍បញ្ជាក់ថា “កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសភ្នាក់សន្តិសុខបោះឆ្នោតទាំងអស់ ត្រូវមានអព្យាក្រឹត្យភាព និងគោរពឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ដោយត្រូវបង្កលក្ខណៈងាយស្រួល និងផ្តល់សេវាសន្តិសុខដល់គ្រប់គណបក្សនយោបាយ បេក្ខជនទាំងអស់ តំណាងគណបក្សនយោបាយ វាគ្មិន អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ គ្រប់រូប ប្រកបដោយតម្លាភាព និងគ្មានការរើសអើង”។
លើសពីនេះ សម្ដេចក្រឡាហោម ក៏បានក្រើនរំឮកដល់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍រាជធានី-ខេត្ត សម្រាប់ការបោះឆ្នោត និងកងកម្លាំងភ្នាក់ងារសន្តិសុខបោះឆ្នោតទាំងអស់ ត្រូវលើកកម្ពស់ស្មារតីប្រុង ប្រយ័ត្ន និងមានការទទួលខុសត្រូវខ្ពស់ចំពោះភារកិច្ចរបស់ខ្លួន ជាពិសេសក្នុងដំណាក់កាលបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដែលជាដំណាក់កាលយ៉ាងសំខាន់ ដោយត្រូវសហការឱ្យបាន ល្អជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រធានការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដើម្បីម្ចាស់ការគ្រប់គ្រងសភាពការណ៍នៅតាមការិយាល័យបោះឆ្នោតនីមួយៗ ឱ្យបានល្អប្រសើរ៕
Comment