ភ្នំពេញ ៖ សូមគោរពជម្រាបជូនថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្កើតឡើងនូវមូលនិធិតេជោ១២៥ សម្រាប់ទ្រទ្រង់ ដោះស្រាយទុក្ខលំបាករបស់សមាជិកនៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ដែលមានជីវភាពខ្សត់ខ្សោយខ្វះខាត។
ជាក់ស្តែងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារនៃ “យ.ជ.ប.ទ.” បានអញ្ជើញទៅសួរសុខទុក្ខ និងនាំយកថវិកាចំនួន៥លានរៀលរបស់សម្តេចតេជោ ឧបត្ថម្ភជូនលោកស្រី អិន សុខុម ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកេតុមាលា “១៧៩”។ លោកស្រីសុខុមបានចូលបម្រើកងទ័ពនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៧៨ ក្រោមការដឹកនាំ គ្រប់គ្រងបញ្ជាផ្ទាល់របស់សម្តេចតេជោ នាពេលនោះ។ លោកស្រីបានចាកចេញពីកងទ័ពនៅឆ្នាំ១៩៨១ ដោយសារឪពុកម្តាយចាស់ជរាត្រូវការថែទាំ។ នេះជាការបញ្ជាក់ឱ្យដឹងពីលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅថ្ងៃទី៦ ខែមេសា ឆ្នាំ ២០២៣។
នេះសបញ្ជាក់ថា ការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ចំពោះបងប្អូនយុទ្ធមិត្តដែលបានតស៊ូប្រយុទ្ធស្លាប់រស់ជាមួយគ្នាដើម្បីសង្គ្រោះអាយុជីវិតប្រជាជន រំដោះប្រទេសកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍។
សម្ដេចតេជោបានរួមរស់ជាមួយយើងទាំងអស់គ្នាគ្រប់កាលៈទេសៈ ដើម្បីបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ជាពិសេសបច្ចុប្បន្នរក្សាបានសុខសន្តិភាព ឯកភាពជាតិពេញលេញ និងការអភិវឌ្ឍប្រទេសរីកចម្រើន ឈរលើឆាកអន្តរជាតិយ៉ាងរឹងមាំ៕
Comment