• Today: November 21, 2024

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរំលោភសេពសន្ថវៈ ប្អូនថ្លៃបានសម្រេច៤ដង

ខេត្តស្វាយរៀង ៖ ជនសង្ស័យត្រូវជាបងថ្លៃម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនពាក់ពន្ធ័ករណីរំលោភសេពសន្ថវៈ ប្អូនថ្លៃបានសម្រេចចំនួន៤ដង។យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះថា ជនសង្ស័យមានឈ្មោះ ចាន់ វ៉ាង  អាយុ៣៨ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

 ចំណែកជនរងគ្រោះមានឈ្មោះ ច.ស.ព អាយុ១៩ឆ្នាំជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល  សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

 ប្រភពបន្តថា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០នាទី ប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត បានទទួលពាក្យបណ្តឹងមួយច្បាប់ពីជនរងគ្រោះ បានប្តឹងចោទប្រកាន់ទៅលើជនសង្ស័យត្រូវជាបងថ្លៃ ដែលបានធ្វើសកម្មភាពរំលោភសេពសន្ថវ:ទៅលើខ្លួន កាលពីវេលាម៉ោង២:០០នាទីទៀបភ្លឺឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ នៅបន្ទប់ U15 មជ្ឈមណ្ឌលកម្សាន្ដបាវិត   

 សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ  នៅចំពោះមុខសមត្ថកិច្ច ជនរងគ្រោះបានឆ្លើយបំភ្លឺថា ឈ្មោះ ចាន់ វ៉ាង ត្រូវជាបងថ្លៃ បានចាប់រំលោភខ្លួនបានចំនួនសរុប៤ដងមកហើយ ដោយបានគម្រាម កំហែងធ្វើបាបលើរូបខ្លួន ទើបខ្លួនមិនហ៊ានប្រាប់អ្នកដទៃ។

 ជនសង្ស័យឈ្មោះ ចាន់ វ៉ាង បានឆ្លើយសារភាពថា ខ្លួន ពិតជាបានធ្វើសកម្មភាពរំលោភទៅលើជនរងគ្រោះ ជាប្អូនថ្លៃបានសម្រេចចំនួន០៤លើក ប្រាកដមែន ទើបសមត្ថកិច្ចបានឃាត់ខ្លួន ដើម្បីចាត់ការបន្តតាមច្បាប់ ៕

Tags

Comment