ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះស្រាវជ្រាវនិងឃាត់ខ្លួនប្តីប្រពន្ធពីរនាក់ បន្ទាប់ពីជនរងគ្រោះប្ដឹងពាក់ព័ន្ធករណីចេញសែកស្អុយ និងឆបោកលុយ ចំនួន៤ម៉ឺនដុល្លារ។
បេីតាមមន្រ្តីនគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី០៤ ខែមេសា ឆ្នាំ២០២៣នេះថា៖ ការឃាត់ខ្លួននេះ ធ្វើឡើងតាមបណ្ដឹងរបស់អាជីវកម្មម្នាក់នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ។
មន្ត្រីដដែលបន្តថា ប្តីប្រពន្ធមួយគូរដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីចេញសែកស្អុយនេះ ប្ដីឈ្មោះ ប៊ុន ណារិទ្ធ អាយុ៣២ឆ្នាំ និងប្រពន្ធឈ្មោះ ឌុន សំអាត អាយុ៣៣ឆ្នាំ អ្នកទាំងពីរស្នាក់នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការឃាត់ខ្លួននេះ ធ្វើឡើងតាមបណ្ដឹងរបស់អាជីវករម្នាក់នៅរាជធានីភ្នំពេញ។
សូមជម្រាបជូនថា ក្នុងអំឡុងខែមីនា ឆ្នាំ២០២១ ដើមបណ្ដឹងបានដាក់លុយតាមធនាគារ ABA ដើម្បីឲ្យពីរនាក់ប្ដីប្រពន្ធ ជួយទិញម៉ូតូផ្គត់ផ្គង់ឲ្យខ្លួនដើម្បីលក់នៅភ្នំពេញ ជាបន្ដបន្ទាប់សរុបជាង១៤ម៉ឺនដុល្លារ ប៉ុន្ដែបុគ្គលទាំងពីរនាក់នេះ ទិញម៉ូតូឲ្យដើមបណ្ដឹងបានតែជាង១០ម៉ឺនដុល្លារប៉ុណ្ណោះ នៅសល់លុយ៤ម៉ឺនទៀត។
ក្រោយមកបុគ្គលទាំងពីរនាក់នេះ មិនបានទិញម៉ូតូមកផ្គត់ផ្គង់ឲ្យដើមបណ្ដឹងទៀតនោះទេ ហើយដើមបណ្ដឹងបានជួបចចារក្នុងអំឡុងខែមករា ឆ្នាំ២០២២ ដើម្បីជជែកគ្នារឿងលុយដែលនៅសល់។ ពេលនោះបុគ្គលពីរនាក់ប្ដីប្រពន្ធនេះ បានចេញសែកមួយសន្លឹកឲ្យដើមបណ្ដឹង ដើម្បីសងប្រាក់នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ លុះដល់ថ្ងៃកំណត់ជនរងគ្រោះទៅបើកប្រាក់ តែខាងធនាគារបញ្ជាក់ថា សែកនោះមិនមានលុយឡើយ។ ទើបសម្រេចចិត្តដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចដោះស្រាយតាមច្បាប់តែម្ដង។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់នេះ ត្រូវបានសមត្ថកិច្ចជំនាញនាំខ្លួនយកទៅសាកសួរ ដេីម្បីបន្តនីតិវិធីច្បាប់៕
Comment