• Today: November 21, 2024

ក្រុមជនអន្ធពាល ជនជាតិវៀតណាម ចំនួន ១៤នាក់ ព្រួតគ្នាកាប់លើបុរសម្នាក់ ក្នុងហាងលក់ដូរមួយកន្លែងបណ្តាលឲ្យរងបួសធ្ងន់ត្រូវបានចាប់ខ្លួន

ស្វាយរៀង៖ ក្រុមជនអន្ធពាលជនជាតិវៀតណាម ចំនួន ១៤នាក់ ដែលធ្វើសកម្មភាពព្រួតកាប់ទៅលើជនរងគ្រោះម្នាក់ ក្នុងហាងលក់ដូរមួយកន្លែង ក្នុងក្រុងបាវិតនោះ ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវ និងឃាត់ខ្លួន ដើម្បីកសាងសំណុំចាត់ការតាមផ្លូវច្បាប់។

ករណីបង្ក្រាប និងចាប់ខ្លួនក្រុមជនអន្ធពាលខាងលើ ធ្វើឡើងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នេះ នៅត្រង់ចំណុច វីឡាលេខ 03 Y04 នៅក្នុងបរិវេណកាស៊ីណូសៀងហៃរីសត ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ដោយមានការសម្របសម្រួលពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្តស្វាយរៀង។

ប្រតិបត្តិការនេះលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរង ទទួលផែនព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង  កម្លាំងអធិការដ្ឋាននគរបាលស្រុកចន្រ្ទា និងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ចុះបង្ក្រាប និងចាប់ចាប់ខ្លួនក្រុមជជាតិវៀតណាមទាំង ១៤នាក់ ដកហូតកាំភ្លើងខ្លីកែច្នៃ ០៣ដើម និងកាំបិត រួមទាំងវត្ថុតាងមួយចំនួនទៀត។

សូមរំឭកថា កាលពីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ស្រុកចន្រ្ទា ខេត្តស្វាយរៀង ក្នុងវិដេអូឃ្លីបត្រូវបានចែកចាយលើបណ្តាញសង្គម ដោយមានក្រុមជនជាតិវៀតណាម ប្រមាណជាង ១០នាក់ បានធ្វើសកម្មភាព កាប់លើជនរងគ្រោះយ៉ាងសាហាវបំផុត បណ្តាលឲ្យរងបួសធ្ងន់។ ក្រោយមានករណីនេះ សមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌបើកការស៊ើបអង្កេត និងស្រាវជ្រាវរហូតកំណត់បានមុខសញ្ញាជនសង្ស័យដោយមានការសម្របសម្រួលនិតិវិធីពីតំណាងអយ្យការសមត្ថកិច្ចឃាតខ្លួនជនសង្ស័យបានចំនួន ១៤នាក់។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការសាកសួរ ជនជាតិវៀតណាមទាំង ១៤នាក់ និងរៀបចំកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

Tags

Comment