ភ្នំពេញ ៖កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ មានការភ្ញាក់ផ្អេីលមួយបានកេីតឡេីង ខណៈដែលស្ត្រីមេម៉ាយម្នាក់មានជំងឺប្រចាំកាយ ហើយបានប្រេីកូនស្រីឱ្យទៅទិញថ្នាំពេទ្យមកលេប តែពេលកូនស្រីត្រឡប់មកវិញស្រាប់តែម្ដាយដាច់ខ្យល់ស្លាប់ក្នុងបន្ទប់ជួលបាត់ទៅហើយ។
សពជនរងគ្រោះមានឈ្មោះ សុង ចំរើន ភេទស្រី អាយុ៥៥ឆ្នាំ មុខរបររេីសអេតចាយ ស្នាក់នៅបន្ទប់ជួល ម្តុំក្រោយអតីតស៊ីឡាំងហ៊ួ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
បេីតាមការរៀបរាប់របស់អ្នកជិតខាងក៏ដូចជាកូនស្រីវ័យ១០ឆ្នាំរបស់សពរងគ្រោះបានឱ្យដឹងថា ស្ត្រីខាងលើគឺជាស្ត្រីមេម៉ាយមានកូន២នាក់ ដោយប្តីទេីបតែស្លាប់ចោលប៉ុន្មានខែមុននេះ ដោយជនរងគ្រោះប្រកបមុខរបររេីសអេតចាយដេីម្បីចិញ្ចើមជីវិត និងមានជំងឺប្រចាំកាយ ដូចជាជំងឺបេះដូងនិងជំងឺផ្សេងៗទៀត ហេីយប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ត្រីរងគ្រោះចេះតែត្អូញត្អែរពីជំងឺ តែមិនហ៊ានទៅមន្ទីរពេទ្យទេដោយសារតែអត់លុយ សុខចិត្តឱ្យកូនទៅទិញថ្នាំឱ្យលេប តែលុយដែលគាត់មានតិចតួចក្នុងខ្លួនប៉ុណ្ណោះ។
ប្រភពដដែលបានបន្តទៀតថា លុះមកដល់យប់ថ្ងៃកេីតហេតុ ស្ត្រីរងគ្រោះលែងឃើញដេីរចេញពីបន្ទប់ជួល រហូតទាល់តែដល់ម៉ោងកេីតហេតុ អ្នកជិតខាងទៅមេីលឃើញស្ត្រីរងគ្រោះដេកស្លាប់បាត់ទៅហើយ។
ដោយឡែកតាមសម្តីកូនស្រីអាយុ១០ឆ្នាំវិញបាននិយាយទាំងទឹកភ្នែកថា មុនពេលម្ដាយរបស់នាងស្លាប់ម្តាយរបស់នាងបានប្រាប់ឱ្យទៅទិញថ្នាំឈឺធ្មេញឱ្យលេប លុះត្រលប់មកវិញក៍ឃេីញម្តាយរបស់ខ្លូនស្លាប់បាត់ទៅហើយ ។
បន្ទាប់ពីពិនិត្យរួចរាល់ហើយ សមត្ថកិច្ចក៏បានធ្វើលិខិតប្រគល់សពឱ្យសាច់ញាតិរាប់រៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និងសូមអំពាវនាវដល់សប្បុរសជននានាឱ្យជួយ ដល់គ្រួសារសពជាពិសេសកូនស្រីអាយុ១០ឆ្នាំដែលរស់នៅកំព្រានេះផងដែរ ៕
Comment