នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៣ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីការព្យាករអាកាសធាតុលើកទី ២ សម្រាប់ឆ្នាំ ២០២៣។
តាមរយៈការព្យាករ ក្រសួងបានបញ្ជាក់ឱ្យដឹងថា រដូវវស្សាឆ្នាំ ២០២៣ នឹងចូលមកដល់នៅសប្តាហ៍ទី ២ នៃខែឧសភា យឺតជាងឆ្នាំ ២០២២ ជាមួយនឹងបរិមាណទឹកភ្លៀងពីតិចទៅមធ្យម និងរបាយទឹកភ្លៀង ធ្លាក់មិនបានរាយប៉ាយបានល្អ យោងតាមស្ថានភាពជាក់ស្តែងនៃចលនាខ្យល់ និង កំដៅ (Thermal Low) និងលក្ខណៈភ្លៀងភាគច្រើនធ្លាក់តាមកន្លែង និងដោយផ្ទាល់ (Localize rain)។
ទន្ទឹមនោះ ក្រសួង ក៏បានបញ្ជាក់ពីកូនរដូវប្រាំងផងដែរ ដោយនៅក្នុងរដូវវស្សាឆ្នាំ ២០២៣ នេះ ព្រះរាជាណាចក្រកម្ពុជា នឹងប្រឈមខ្លាំងនូវកូនរដូវប្រាំង ដែលអាចកើតឡើង នឹងអូសបន្លាយចាប់ពីដើមខែកក្កដា រហូតដល់ដើមខែសីហា។
ដោយឡែក ចំពោះស្ថានភាពព្យុះ នៅក្នុងឆ្នាំ ២០២៣ នេះ ចំនួនព្យុះអាចនឹងកើតឡើងក្នុងរង្វង់ពី ២៤-២៦ ព្យុះ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនឹងអាចមានព្យុះខ្លះកើតឡើងផ្ទាល់នៅក្នុងសមុទ្រចិនខាងត្បូង៕
Comment