• Today: November 21, 2024

បេីករថយន្តចុះពីលើស្ពានព្រះមុនីវង្សយ៉ាងលឿនរេចង្កូតទៅបុកខឿនក្រឡាប់ប៉ះឡំប្រឺតាបណ្តាលឱ្យឆេះរថយន្ត ភ្ញាក់ផ្អេីលជាខ្លាំង


ភ្នំពេញ ៖ រថយន្តម៉ាកកាមរីឆ្លាមមួយគ្រឿងបើកបរដោយបុរសម្នាក់និងមានបុរស៣នាក់ទៀតរួមដំណេីរជាមួយបានបើកចុះពីលើស្ពានព្រះមុនីវង្សយ៉ាងលឿនហើយបានរេចង្កូតទៅបុកខឿនផ្លូវពេញទំហឹងបណ្តាលឱ្យរថយន្តក្រឡាប់ទៅប៉ះនឹងឡំប្រឺតាមួយគ្រឿង រួចរថយន្តបង្កបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ភ្លាមៗនោះប្រជាពលរដ្ឋជិតខាងនិងអាជ្ញាធរមូលដ្ឋានបានជួយពន្លត់និងយកមនុស្សចេញពីក្នុងរថយន្តទាន់ពេលវេលា ។ 


    គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤៨នាទីទៀបភ្លឺឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅចំណុចគល់ស្ពានព្រះមុនីវង្សខាងកើត (ហៅស្ពានច្បារអំពៅ) ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ។ 
   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកកាមរីឆ្លាម ពណ៌ស្ករមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2D-6222បើកបរដោយបុរសម្នាក់ និងមានបុរស៣នាក់ទៀតរួមដំណេីរជាមួយចេញពីផ្លូវជាតិលេខ២រួចឡើងលើស្ពានព្រះមុនីវង្សបំណងឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើតដោយល្បឿនយ៉ាងលឿន ខណៈដែលបើកចុះជិតដល់គល់ស្ពានស្រាប់តែរេចង្កូតទៅបុកខឿនផ្លូវយ៉ាងពេញទំហឹងបណ្តាលឱ្យបាក់ខឿនមួយកង់ខ្ទាតចេញពីកន្លែងដើម រីឯរថយន្តបង្កបានក្រឡាប់ទៅប៉ះឡំប្រឺតាមួយគ្រឿងទៀត ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2HX-7204បើកដោយបុរសម្នាក់ស្របទិសគ្នានៅពីមុខបណ្តាលឱ្យរងការខូចខាត ។  
    ក្រោយកើតហេតុភ្លាមៗរថយន្តបង្កបានឆេះចេញជាអណ្តាតភ្លើង តែត្រូវបានប្រជាពលរដ្ឋជិតខាងនាំគ្នាជួយទាញទុយយោទឹកបាញ់ពន្លត់និងជួយសង្រ្គោះបុរស៤នាក់ចេញពីក្នុងរថយន្តមកខាងក្រៅទាន់ពេលវេលា ដោយមិនបង្កឱ្យមាននរណាម្នាក់រងរបួសនោះទេ ។ 
   ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចេញរថយន្តពន្លត់អគ្គិភ័យចំនួនមួយគ្រឿងមកធ្វើការបាញ់ទឹកពន្លត់ ដើម្បីឱ្យរលត់ទាំងស្រុង និងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ដើម្បីឱ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំឱ្យភាគីរថយន្តបង្កចូលខ្លួនមកដោះស្រាយតាមនីតិវិធី ៕

Tags

Comment