ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តយ៉ាងលឿនបានបួងចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវ បណ្តាលឲ្យបាក់ចំនួន៣កង់ ចំណែករថយន្តកល់ជាប់លើទ្រូងផ្លូវទៅមុខលែងរួច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីម៉ោង ៣ទៀបភ្លឺឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ ចំណុចស្តុបពេទ្យចិន ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានី ភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកLexusGS300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AA-6864 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ភ្លើងស្តុបពេទ្យចិន បាន បួងចង្កូតបត់ឆ្វេងតាមបណ្តោយផ្លូវព្រះសីហុន ស្រាប់តែបួងជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវ ចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យបាក់ចំនួន៣កង់ ចំណែករថយន្តបង្កវិញ ខូចខាតផ្នែកខាងមុខកល់ជាប់លើរបាំងថ្មទៅមុខលែងរួច សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។ ចំណែកអ្នកបើកបររថយន្ត បានបើកទ្វារគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងព្រលឹត បានចុះមកដល់ទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកធ្វើកំណត់ហេតុយករថយន្ត ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីម្ចាស់រថយន្តចូលខ្លួន មកដោះស្រាយនៅពេលក្រោយ៕
Comment