ខេត្តកំពង់ឆ្នាំង ៖ យ៉ាងហោចណាស់មនុស្ស៤នាក់បានស្លាប់នៅនឹងកន្លែង និង ៨ នាក់ទៀតរងរបួសធ្ងន់និងស្រាលនៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៃវេលាម៉ោង ៤ និង ៣០នាទីទៀតភ្លឺ ឈានចូលថ្ងៃទី ៣ ខែឧសភាឆ្នាំ ២០២៣ លើកំណាត់ផ្លូវជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រលេខ ៤០និងលេខ ៤១ ស្ថិតនៅក្នុងភូមិជន្លាត់ដៃ ឃុំស្វាយស្រុកសាមគ្គីមានជ័យ។ខណៈដែលរថយន្តសណ្ដោងបុករុឺម៉កម៉ូតូពីក្រោយ។
ប្រភពពីសមត្ថកិច្ចនគរបាលបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង ១២ នាក់ ដែលមានទីលំនៅភូមិបឹងកក់ ឃុំលង្វែកស្រុកកំពង់ត្រឡាច បានជិះរ៉ឺមកម៉ូតូមួយគ្រឿង ដើម្បីយកក្រឡានទៅលក់ដូចសព្វដង ។
លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខភ្នំពេញ 3G.21 03 សណ្ដោងរ៉ឺម៉កពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ 4B.2068 បើកពីជើងទៅត្បូងហើយក៏បានបុកនឹងរ៉ឺម៉កម៉ូតូជនរងគ្រោះពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់និង ៨ នាក់បានរងរបួស ។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។
សមត្ថកិច្ចបានទៅពិនិត្យនិងវាស់វែងនៅកន្លែងកើតហេតុ ហើយបាន ប្រគល់សពទៅក្រុមគ្រួសារជនរងគ្រោះដើម្បីធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តបង្កនិងរុឺម៉កម៉ូតូត្រូវបានយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕
Comment