• Today: November 21, 2024

ស្ថានភាពទឹកជំនន់ដោយទឹកភ្លៀង បានលិចលេីកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦

 

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ស្ថានភាពទឹកជំនន់ដោយទឹកភ្លៀង បានលិចលេីកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ 


ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងទៀតថា កំពស់ទឹក ០៨តឹក ទឹកលិចហូរកាត់បណ្តោយផ្លូវ ប្រវែង ៦០០ម៉ែត្រ ចំពោះចរាចរណ៍គឺត្រូវបានបិទទាំងស្រុង គណៈពេលនោះ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី យី ជូន ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សីលា បានចុះដល់ផ្ទាល់នៅទីតាំងទឹកជំនន់ដោយទឹកភ្លៀង។ 
សូមជម្រាបជូនថា ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សីលា បានចុះជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង នៅក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ 
ជាមួយគ្នានេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នផ្លូវជាតិលេខ៤ ផងដែរ។ 
ជាក់ស្ដែងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានបញ្ជាក់ថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ លោកឧកញ៉ា លោក លោកស្រី សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែល ធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ ទាំងអស់មេត្តាជ្រាបថា៖ ស្ថានភាពផ្លូវជាតិលេខ៤ ដោយរយៈពេល២-៣ថ្ងៃ កន្លងមក មានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ បានធ្វើឱ្យមានការជន់លិចផ្លូវជាតិលេខ៤ ត្រង់ស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥ ដល់គីឡូម៉ែត្រលេខ ១១៦ និងត្រង់ស្ពានអូរគគីរ ចន្លោះគីឡូម៉ែត្រលេខ ១០៦ ដល់គីឡូម៉ែត្រលេខ ១០៨ ដូចនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ សូមធ្វើការផ្អាកជា បណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះទៅ រហូតមានការជូនដំណឹងសារជាថ្មី។ដើម្បីធានាដល់សុវត្ថិភាពក្នុងការធ្វើដំណើរ សូម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកសី សាធារណជន និងបងប្អូនប្រជាពលរដ្ឋ សូមរកផ្លូវវៀងជាបណ្តោះអាសន្នសិន ឬអាចប្រើប្រាស់ផ្លូវល្បឿនលឿន។
អាស្រ័យហេតុនេះ សូមអស់លោក លោកស្រី សាធារណជន និង បងប្អូនប្រជាពលរដ្ឋ ទាំងអស់ជ្រាបជាព័ត៌មាន មេត្តាយោគយល់ អធ្យាស្រ័យក្នុងកាធ្វើដំណើរទៅមក៕

Tags

Comment