ប៉ៃលិន៖ ក្រុមគ្រួសារសពស្ត្រីចំណាស់ម្នាក់ ដែលត្រូវពល់វែកខាំដៃទុករហូតពិសជ្រាបចូលពេញខ្លួនប្រាណ និងបេះដូងបានស្លាប់ក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បានរៀបរាប់ថា "លោកគ្រូពេទ្យម្នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ពិតជាព្យាយចំឡែកណាស់ដោយឱ្យពួកគាត់ជាកូនចៅ ត្រូវទៅស្វែងរកសត្វពោះដែលខាំឱ្យឃើញ ដើម្បីដាក់ថ្នាំបន្សាបពិស"។
ក្រុមគ្រួសារស្ត្រីរងគ្រោះដោយសារពស់វែកចឹកស្លាប់ បានរៀបរាប់ដំណើររឿងហេតុ ប្រាប់ក្រុមអ្នកសារព័ត៌មាន ឱ្យដឹងថា កាលពីរសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ នៅចំណុចប្រឡយ ស្ថិតក្នុងភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជនរងគ្រោះ និងកូនស្រី០២នាក់ទៀត រកចាប់ត្រី រាវរកក្តាម ខ្យង នៅតាមប្រឡាយដែលរីងទឹក ដើម្បីសម្រាប់ធ្វើម្ហូបដោយបានកូនត្រី និងកង្កែបមួយក្បាល។ កូនស្រីស្ត្រីរងគ្រោះបន្តថា ពេលកំពុងរកចាប់កូនត្រីសត្វកង្កែបបានលោតចូលទៅក្នុងរន្ធហើយម្តាយរបស់នាងក៏លូកដៃទៅចាប់កង្កែបត្រូវពស់ខាំដៃឆ្វេង បណ្តាលឱ្យឈាមហូរជោកដៃ និងសន្លប់ ទើបពួកគាត់ជាកូនៗនាំគ្នារឹតគក់ច្របាច់ក៏ដឹងខ្លួនវិគប្រញាប់ប្រញាល់មកផ្ទះ និងដឹកយកទៅព្យាបាលនៅមណ្ឌលសុខភាពភ្នំស្ពង់ ប៉ុន្តែគ្រូពេទ្យគ្មានថ្នាំដើម្បីបន្សាបជាតិពិសនោះទេ។
ដោយនៅមណ្ឌលគ្មានថ្នាំបន្សាបពិស ក៏បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន លោកគ្រូពេទ្យឱ្យលើកដាក់លើគ្រែសម្រាកព្យាបាលរួចរាល់នាងប្រាប់ថា ម្តាយរបស់ខ្លួនត្រូវពស់ពិសខាំ តែមិនស្គាល់ពស់អ្វីនោះទេ ហើយគ្រូពេទ្យក៏សួរនាំមានប័ណ្ណក្រីក្រឬទេ? ឆ្លើយប្រាប់គ្រូពេទ្យថា "ម្តាយរបស់ខ្លួនមានប័ណ្ណក្រីក្រ" ក្រោយមកគ្រូពេទ្យក៏សរសេរចុះក្នុងបញ្ជី និងបូមឈាម ប៉ុន្តែមិនទាន់ដាក់ថ្នាំទេ ស្រាប់តែពេលនោះមានគ្រូពេទ្យឱ្យទៅស្វែងរកសត្វពស់ដែលខាំម្តាយរបស់ខ្លួនទៅវិញ។
បន្ទាប់ពីគ្រូពេទ្យប្រាប់បែបនេះ បានទៅជីករន្ធរដើម្បីស្វែងកពស់ រហូតដល់ល្ងាចទើបជីករកពស់ឃើញពោះវែកមួយក្បាល យករូបភាពពស់ទៅឱ្យគ្រូពេទ្យមើល ប៉ុន្តែម៉ូតូបែកកង់លុះរហូតដល់ល្ងាចបានដល់មន្ទីរពេទ្យ ទើបគ្រូពេទ្យដាក់ថ្នាំបន្សាបជាតិពិសពស់វែកឱ្យ។
ក្រុមគ្រួសារស្ត្រីរងគ្រោះ បាននិយាយាទៀតថា ការសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន អស់រយៈពេល០២យប់ រហូតដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ អាការៈកាន់តែធ្ងន់ធ្ងរក៏បញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបង លុះវេលាម៉ោង ៣និង០០នាទីទាបភ្លឺថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានស្លាប់បាត់បង់ជីវិតតែម្តង។
ស្ត្រីវ័យចំណាស់រងគ្រោះស្លាប់ដោយសារពស់វែកដំបូកខាំដៃមានឈ្មោះ រុន ម៉ាប់ អាយុ ៦០ឆ្នាំ និងមានប្តីឈ្មោះ មួង កុយ មានកូនស្រី ចំនួន០៤នាក់ រស់នៅក្នុងភូមិកោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
កូនស្រីរបស់ស្ត្រីរងគ្រោះ បានសំដែងការហួសចិត្តជាខ្លាំង ដែលក្រុមគ្រូពេទ្យបង្អែកខេត្តប៉ៃលិនមិនព្រមព្យាបាលអ្នកជំងឺបែរជាឱ្យទៅស្វែងរកសត្វពស់ដែលខាំសិន ទើបអាចដាក់ថ្នាំបន្សាបជាតិពិសបាន ចុះបើរកពស់មិនឃើញ តើគ្រូពេទ្យជំនាញអាចដាក់ថ្នាំបន្សាបដែរឬទេ?
ស្ត្រីឈ្មោះ វែន ណូន កូនរបស់ស្ត្រីរងគ្រោះ ឱ្យដឹងដែរថា ពេលម្តាយនាងធ្វើទុកខ្លាំងគ្រូពេទ្យបានសរសេរវេជ្ជបញ្ជាឱ្យទៅដើររកទិញថ្នាំ នៅគ្លីនិកខាងក្រៅដោយខ្លួនឯង ដើម្បីមកចាក់បំបាត់ការឈឺចាប់ ដោយប្រាប់ថា ក្នុងមន្ទីរពេទ្យនេះ អត់មានថ្នាំប្រភេទនេះទេ។ គ្រូពេទ្យចាក់ដែលបានទិញពីខាងក្រៅមកចាកបញ្ចូលក្នុងសេរ៉ូមបាន ០២ដងគ្មានមិនធូរស្បើយឡើយ។
លោក មួង កុយ ត្រូវជាប្តីស្ត្រីរងគ្រោះ បាននិយាយថ លោកពិតជាមានការសោកស្តាយយ៉ាងខ្លាំងណាស់ដែលការបាត់បង់ជីវិតប្រពន្ធដោយសារត្រូវពស់វែកដំបូកខាំដៃ ខុសពីអ្នករស់នៅក្បែរផ្ទះរបស់ខ្លួនត្រូវពស់ស្រកាចាស់ខាំបញ្ជូនទៅមន្ទីរពេទ្យត្រូវគ្រូពេទ្យដាក់ថ្នាំបន្សាបជាតិពិសព្យាបាលទាន់ពេល ហើយត្រឹមរយៈពេល៣ថ្ងៃប៉ុណ្ណោះ ក៏ជាសះស្បើយត្រឡប់មកផ្ទះវិញ។ រីឯប្រពន្ធរបស់គាត់ត្រូវពិសជ្រាបចូលពេញក្នុងខ្លួនបណ្តាលឱ្យស្លាប់លោកអន់ចិត្តនឹងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនយ៉ាងខ្លាំង។
លោក ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន ប្រាប់កាសែតថា "ករណីនេះ សូមខាងសារព័ត៌មាន ទាក់ទងទៅលោកប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីសួរនាំបញ្ជាក់ឱ្យបានច្បាស់លាស់ ព្រោះសព្វថ្ងៃនេះ គ្រូពេទ្យហត់នឿយខ្លាំងណាស់"។
លោកវេជ្ជបណ្ឌិត គឹម សំណាង ប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានបកស្រាយប្រាប់កាសែតថា "ករណីស្ត្រីវ័យចំណាស់រងគ្រោះដោយសារពស់ខាំនេះ ត្រូវសាច់ញាតិបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តយឺតពេលបន្តិច'។ លោកសូមបដិសេធចំពោះការលើកឡើងរបស់គ្រួសារគាត់ដែលថា មានការរើសអើងចំពោះអ្នកជំងឺមានប័ណ្ណក្រីក្រ ព្រោះពេទ្យត្រូវតែសួរនាំ បើមានប័ណ្ណក្រីក្រ គ្រូពេទ្យមិនយកថវិកាទេ ហើយធ្វើការព្យាបាលដូចគ្នានឹងអ្នកជំងឺទូទៅដែរ។
លោកប្រធានមន្ទីរពេទ្យ បន្ថែមទៀតថា "ការចោទប្រកាន់គ្រូពេទ្យមិនយកចិត្តទុកដាក់នោះមិនពិតទេ គឺគ្រូពេទ្យបានខិតខំប្រឹងប្រែងពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ហើយចំពោះការដែលឱ្យកូនចៅទៅរកសត្វពស់ គឺគ្រូពេទ្យមិនអាចចាក់ថ្នាំផ្តេសផ្តាសដល់អ្នកជំងឺបានឡើយ ព្រោះថ្នាំបន្សាបពិសពស់ មានប្រភេទផ្សេងៗពីគ្នា។ ចំពោះការបូមឈាមមើល ស្ត្រីរងគ្រោះនេះ មានឈាមកកធម្មតា មិនមានអ្វីប្លែកនោះទេ ដោយខុសពីអ្នកជំងឺដទៃ ក្រោយពេលពស់ពិសខាំ គឺឈា.មគាត់ក្លាយជារាវគ្រូពេទ្យក៏ដាក់ថ្នាំបន្សាបជាសះស្បើយឡើងវិញ។
លោកវេជ្ជបណ្ឌិត គឹម សំណាង បញ្ជាក់ថា "ការដែលគ្រូពេទ្យឱ្យក្រុមគ្រួសារជនរងគ្រោះទៅរកទិញថ្នាំបំបាត់ហើមនៅខាងក្រៅ ដោយសារក្នុងមន្ទីរពេទ្យដាច់ស្តុកហើយខាងពេទ្យជាអ្នកចេញថវិកាជំនួសហើយស្ត្រីរងគ្រោះគាត់មានអាការៈរាករុស និងមានជំងឺផ្សេងៗទៀតប្រចាំកាយទើបក្រោយមកក៏ប្រញាប់បញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង គាត់មិនមានបញ្ហាអ្វីកើតឡើងនៅមន្ទីរពេទ្យខេត្តប៉ៃលិនទេ៕
Comment