• Today: November 21, 2024

ភ្នាក់ងារក្រុមហ៊ុន Wing ឬ Wing Bank ដែលរងគ្រោះដោយសារក្រុមហ៊ុនបង្កក និងរឹបអូសប្រាក់ឆៅៗប​ន្តប្រតិកម្ម និងរិះគន់ជាបន្តបន្ទាប់

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នេះ គណនីហ្វេសប៊ុកមួយមានឈ្មោះថា «Ah Ton» បានធ្វើការចោទប្រកាន់លើក្រុមហ៊ុន Wing ឬ Wing Bank ធ្វើស៊ីប្អូនស្រីរបស់គាត់ដែលជាភ្នាក់ងារប្រចាំក្រុងបាវិតឆៅៗតែម្តង ដោយមានបុគ្គលិក Wing មកបន្លំធ្វើជាអតិថិជនសុំអង្វរឱ្យជួយវេរលុយចូល​កុង ABA ចំនួន២០ដុល្លារ រួចលួចថតសម្លេងដោយគ្មានការអនុញ្ញាត និងបានបិទកុងធនាគារគ្មានជូនដំណឹងអីបន្តិចឡើយ។ 

ខាងក្រោមនេះ ជាសំណេរទាំងស្រុងរបស់គណនីហ្វេសប៊ុក Ah Ton ដោយរៀបរាប់ថា «ក្រុមហ៊ុន​វីង រឺ​ ធនាគាវីងណឹង​ បានធ្វើស៊ីប្អូនស្រីខ្ញុំដែលជាភ្នាក់ងារប្រចាំក្រុងបាវិត​ ខេត្តស្វាយរៀង​ ឈរឈ្មោះជាភ្នាក់ងារ វីង ដោយស្វាម៉ីរបស់គេ​ឈ្មោះ​ នី​ សុវណ្ណ​។  បុគ្គលិកវីង​ បានមកអោយគ្នាផ្តិតមេដៃលើកិច្ចសន្យាបន្ថែមដែលមានលក្ខខណ្ឌដូចបងប្រុស​ ដែលមានគណនីឈ្មោះ​ TaTa បង្ហោះអញ្ចឹង​ ហើយប្រាប់ថា បើមានភ្នាក់ងារណាជំទាស់មិនព្រមផ្តិតមេដៃត្រូវបិទភ្លាមៗ​»។ 

គណនីហ្វេងប៊ុកដដែល បានសរសេរទៀតថា «ពេលគ្នាផ្តិតឱ្យបានប្រហែលពីរសប្តាហ៏​ ត្រូវបុគ្គលិក វីង មកបន្លំធ្វើជាអតិថិជនសុំវេរលុយចូល​កុង ABA ចំនួន២០ដុល្លារថ្ងៃនោះប្អូនថ្លៃដែលជាអ្នកឈរឈ្មោះជាភ្នាក់ងារវីងឆ្លើយថា​ គាត់អត់មានកុង​ ABA ទេ​ មានតែម៉ាក់ម៉ីជី​ ក៏ទទូចឱ្យប្អូនស្រីខ្ញុំជួយវេរឱ្យគ្នាជាអ្នកលក់ដូរ​ ធម្មតាមានអ្នកលក់ដូរដូចគ្នាមកសុំបាញ់ចូលកុងធនាគាម្តងម្កាល​ក៏យល់ព្រមបាញ់។ ការពិតបុគ្គលិក វីង មកបន្លំហើយលួចថតសំលេងដោយមិនឱ្យសាម៉ីខ្លួនដឹង។​ ទង្វើរលួចថតសំលេងខុសច្បាប់ទៅហើយ​ នៅហ៊ានបំពានមកបិទកុងប្អូនខ្ញុំដោយមិនប្រាប់ដំណឹងមួយមាត់។  ពេលគ្នាខលសួរ​ ក៏ប្រាប់ថា​ ប្អូនខ្ញុំធ្វើប្រតិបត្តិការខុស និងច្បាប់ក្រុមហ៊ុនត្រូវបានក្រុមហ៊ុនបិទមិនឱ្យបន្ត​ថែមទាំងរឹបអូសលុយគ្នាក្នុងកុង​ជិត៤ ០០០$ ថែមទៀត»។ 

គណនីហ្វេសប៊ុកខាងលើ បានបន្តសរសេរថា «ក្នុងករណីភ្នាក់ងារធ្វើខុសក៏មិនត្រួវមករឹបអូសលុយផ្ទាល់ខ្លួនរបស់គេដែរ​ ព្រោះមិនមែនកំហុសអីធ្ងន់ធ្ងរដល់ថ្នាក់រឹបយកលុយផ្ទាល់ខ្លួនឯកជនគ្នា​ ដែលជាលុយកម្លាំងញើសឈាមសន្សំកាក់សេន​ទំរាំបានមកធ្វើជាភ្នាក់ងារក្រុមហ៊ុន វីង​ រឺ ធនាគាវីង។ តែនេះគ្នាអត់មានកំហុសទេ​ ជាក់ស្តែងគីមកធ្វើស៊ីលុយតែម្តង​ ព្រោះប្អូនខ្ញុំមិនមែនជាភ្នាក់ងារ​ដែលឈរឈ្មោះទេ កុង ABA ក៏មិនមែនកុងរបស់បុគ្គលដែរឈរឈ្មោះជាភ្នាក់ងារ​ វីង រឺ ធនាគាវីងដែរ​ និយាយទៅ គឺពួកគេរំលោភលើសេចក្តីទុកចិត្ត​ និងរឹបអូសលុយផ្ទាល់ខ្លួនឯកជនរបស់ភ្នាក់ងារដោយខុសច្បាប់»។ 

ក្នុងនាមខ្ញុំជាបងស្រីជំនួសប្អូនស្រី​ ដែរជាប្រជាលរដ្ធស្លូតត្រង់​ រកស៊ីផ្លូវត្រង់​ និងភ្នាក់វីងទាំងអស់សូមសំនូមពរ​ សម្តេចពុកសម្តេចតេជោ​  ហ៊ុនសែន​ ជួយផ្តល់ភាពយុត្តិធម៏ដល់ប្អូនខ្ញុំនិងប្រជាជនស្លូតត្រង់ជាភ្នាក់ងារវីងទាំងអស់គ្នាផង។ សូមបងប្អូនជួយស៊ែរម្នាក់មួយបានលឺដល់សម្តេចពុក សម្តេចសន្តិភាព​  ជួយរកយុតុតិធម៏អោយភ្នាក់ងារជាប្រជាជនរកស៊ីស្កូតត្រង់​ បានទទួលលុយដែលក្រុមហ៊ុន វីង បង្កកកាត់ទុកលុយឯកជនគ្នាមកវិញផង។

ពាក់ព័ន្ធករណីកំពុងល្បីល្បាញក្រុមហ៊ុន Wing ឬ Wing Bank ធ្វើស៊ីដោយបង្កក និងរឹបអូលលុយពីអតិថិជនជាភ្នាក់ងាររបស់ខ្លួន អ្នកលេងហ្វេសប៊ុក បានបញ្ចេញមតិថា «ក្រុមហ៊ុនយក្សនៅស្រុកខ្មែរផង គ្មានអ្នកណាហ៊ានប៉ះទេ ស្រួលមិនស្រួលផុសរួចគេហៅទៅបំភ្លឺនៅប៉ុស្តិ៍ទៀត»។ អ្នកនិយមលេងបណ្តាញងសង្គមហ្វេសម្នាក់ទៀត បានបញ្ចេញមតិដែរថា «គ្មានគោលណារឹបអូសលុយគេទេ ល្បិចប្លន់គេទាំងរស់កុំចុះចាញ់ត្រូវតែរកហេតុផលឱ្យដល់ទីបំផុត ក្រុមហ៊ុនបញ្ញើរដែលអតិថិជនជឿទុកចិត្ត និងប្រើសេវា វីង នេះច្រើនបំផុតហេតុអ្វីក៏អញ្ចឹង?»។

អ្នកលេងបណ្តាញងសង្គមផ្សេងទៀត ក៏ចូលរួមបញ្ចេញយោបលថា «គ្មាននរណាមិនចេះខុសទេ ការភាន់ច្រឡំ កំហុសតែងតែមាន ធនាគារ វីង គួរលើកលែងអធ្យាស្រ័យដល់ភ្នាក់ងារដែលអង្គុយក្នុងទ្រុងដែកស្ទើរពេញ១ថ្ងៃ រៀងរាល់ថ្ងៃប្រឈមហានិភ័យគ្រប់បែបយ៉ាង (ការឆ្លងមេរោគពីលុយកខ្វក់ ការឆបោក លុយក្លែងក្លាយ លុយចាស់/ទក់/ប្រឡាក់/រហែក ធនាគារមិនទទួលនាំឱ្យអស់ដើមវេរ ចំណាយដើមខ្ពស់ និងមានហានិភ័យផ្សេងៗទៀតជាច្រើន) សន្សំថ្លៃសេវា 500រ  1000រ, យូរៗទើបបាន1800៛, បាន 4000៛ ម្តងម្កាល។ សូមអាណិតភ្នាក់ងារផង ករុណាដល់ជនរួមជាតិដូចគ្នាចម្រើនចិត្តមេត្តា»។

ករណីនេះ «ខ្ញុំសង្ឃឹមថាក្រុមហ៊ុននឹងយល់ដល់ផលលំបាករបស់ភ្នាក់ងារផងដែរ ខំសន្សំ 500៛ 1,000៛ 1,800៛ 4,000៛ មួយថ្ងៃៗអង្គុយ សន្សំណាស់ដើម្បីយកលុយទៅបង់លុយធានាគារព្រោះភ្នាក់ងារខ្លះគាត់ទៅខ្ចីលុយធានាគារមកទេដើម្បីយកមកបើកវីង ព្រោះតែចង់បានចំណូលបន្តិចបន្តួចផ្សំគ្នាដោះស្រាលជីវីភាពរាល់ថ្ងៃដូចច្នោះហើយសុំកុំអោយក្រុមហ៊ុនកាត់លុយពិន័យអី 4,000$ នឹងគឺច្រើនណាស់សំរាប់គ្នាអ្នកទៅចង់ការធានាគារយកមករកណា! សូមអោយក្រុមហ៊ុនអាណិតនឹងយល់អារម្មណ៍របស់ភ្នាក់ងារទូរទាំងប្រទេសផង»។

សូមរំឭកផងដែរថា ភ្នាក់ងារក្រុមហ៊ុន Wing និង Wing Bank ជាច្រើននាក់ទូទាំងប្រទេសនាំគ្នាប្រតិកម្មករណីក្រុមហ៊ុនបង្កក់ប្រាក់ ឬរឹបអូសពីភ្នាក់ងាររបស់ខ្លួនចាប់ចំនួន៤ ០០០ដុល្លារឡើងដោយមិនបានជួនដំណឹងជាមុននោះឡើយ។ ចំពោះករណីមិនប្រក្រតីនេះ ភ្ញាក់ងារទូទាំងប្រទេសមានគម្រោងជួបជុំគ្នាដើម្បីពិក្សាររកដំណោះស្រាយជាក្រុមហ៊ុន ប៉ុន្តែត្រូវបានក្រុមហ៊ុនចេញលិខិត ស្តីពី ការហាមឃាត់ការញុះញ៉ុង និងការប្រមូលផ្ដុំគ្នាខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ធនាគារវីង ព្រមទាំងរំខានដល់ភ្នាក់ងារវីងផ្សេងទៀត។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន Wing បានបញ្ជាក់ថា «នាពេលថ្មីៗនេះ ធនាគារ វីង បានទទួលការរាយការណ៍ពី ភ្នាក់ងារវីងមួយចំនួនដែលបានសម្ដែងពីការមិនពេញចិត្តចំពោះភ្នាក់ងារវីងមួយចំនួនតូច (ភ្នាក់ងារដែលប្រព្រឹត្ត ខុសគោលការណ៍ និងកិច្ចព្រមព្រៀងភ្នាក់ងារវីង ដូចមានយោងខាងលើ) បានផ្តើមគំនិត និងបង្កើតជាក្រុមដាច់ដោយឡែកនៅក្នុងបណ្តាញសង្គម ក្នុងគោលបំណងញុះញ៉ង និងបំផុសបំផុលឲ្យមានការជួបជុំដើម្បីតវ៉ានានា ពាក់ព័ន្ធនឹងការផាកពិន័យ និងការបញ្ឈប់ជាភ្នាក់ងារវីង ដោយសារមូលហេតុនៃការប្រព្រឹត្តខុសពីគោលការណ៍ និងកិច្ចព្រមព្រៀងភ្នាក់ងារវីង»

សូមបញ្ជាក់ដែរថា ក្រុមហ៊ុន Wing ឬ Wing Bank ជារបស់អ្នកឧកញ៉ា គិត ម៉េង អ្នកជំនួញដ៏ល្បីល្បាញ និងសេដ្ឋីប្រាក់ពាន់លាន់ដុល្លារនៅកម្ពុជា ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០០៩ ប៉ុន្តែមួយរយៈចុងក្រោយនេះហាក់មានបញ្ហាជាមួយភ្នាក់ងារច្រើនបំផុត ជាពិសេសការបង្កក និងរឹបអូសប្រាក់ដោយមិនបានជួនដំណឹងដល់ភ្នាក់ងារឡើយ។

ពាក់ព័ន្ធករណីខាងលើនេះ អង្គ្ភភាព MSJTV មិនអាចសុំការបកស្រាយណាមួយពីភាគីតំណាងក្រុមហ៊ុន Wing  ឬ Wing Bank បានឡើយនៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នេះ៕

Tags

Comment