• Today: November 21, 2024

រថយន្តពីរគ្រឿងបុកគ្នាបណ្តាលឱ្យរថយន្តមួយគ្រឿងជ្រុលចង្កូតទៅបុកទម្លុះចូលផ្ទះប្រជាពលរដ្ឋ

 

ភ្នំពេញ ៖    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៤៣កែងផ្លូវលេខ៣១០ ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង ។


បុរសម្នាក់បានបើករថយន្តយ៉ាងលឿនដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតដែលបើកឆ្លងផ្លូវចំពាក់កណ្តាលពេញទំហឹង បណ្តាលឱ្យរថយន្តជ្រុលចង្កូតទៅបុកទម្លុះចូលផ្ទះប្រជាពលរដ្ឋ តែសំណាងល្អមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកស្តារិច ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AX-2353 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនឹងមនុស្សប្រុសស្រីជាច្រើននាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣១០ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុដែលជាផ្លូវបែកជាបួន ពេលបើកឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកតូយូ៉តាព្រូស ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2BS-6916 បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវលេខ១៤៣ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនមិនបង្អង់ក៏ជ្រុលទៅបុករថយន្តម៉ាកស្តារិចចំពាក់កណ្ដាលចំហៀងខាងស្តាំយ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្តស្តារិចទប់ចង្កូតមិនទាន់ក៏ជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋរងការខូចខាតសម្ភារមួយចំនួន ចំណែករថយន្តទាំង២គ្រឿងវិញរងការខូចខាតទាំងសងខាង តែសំណាងល្អមិនបង្កឱ្យមានគ្រោះថ្នាក់ទៅលើអ្នកដទៃឡើយ ហើយភ្លាមៗនោះដែរ ម្ចាស់រថយន្តតូយូ៉តាព្រូសបានបើកទ្វារគេចចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូឡាំពិក បានចុះមកដល់រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឱ្យភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ៕

Tags

Comment