• Today: November 21, 2024

ចាប់បានហើយជនសង្ស័យជួញដូរសត្វព្រៃយ៉ាងសកម្មចំនួន២នាក់ដែលធ្វើសកម្មភាពនៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យជួញដូរសត្វព្រៃពីរនាក់ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបានបង្ក្រាបនិងឃាត់ខ្លួននៅរសៀលថ្ងៃទី០២ ខែមីនាឆ្នាំ២០២៣ នៅចំណុចផ្ទះក្រហម ក្នុងភូមិអូរអាម ឃុំស្រែកខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី លោកឧត្ដមសេនីយ៍ត្រី ហែម បូណារ៉ែល បានឱ្យដឹងថា កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី ស្ទាក់ចាប់រថយន្តម៉ាកកាមរីហើម០១គ្រឿង ពណ៌សំបកឪឡឹកស្លាកលេខ ភ្នំពេញ 2G 9297 ដែលធ្វើសកម្មភាពដឹកសត្វព្រៃជាប្រចាំជាយូរមកហើយ សមត្ថកិច្ចបានដាក់បណ្ដាញស្រាវជ្រាវឃ្លាំមើលជាច្រើនថ្ងៃ ទើបចាប់បាននៅរសៀលថ្ងៃទី ២ ខែមីនា ឆ្នាំ២០២៣។ ប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញសត្វ សំពោចចំនួន០៥ក្បាល ឃាត់បានមេខ្លោងជួញដូរសត្វព្រៃបានចំនួន២នាក់ ក្នុងនោះមានស្រ្តីជនជាតិវៀតណាមម្នាក់ និងបុរសជនជាតិខ្មែរម្នាក់។

ជនសង្ស័យមាន ឈ្មោះ ភាព ម៉េងលី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរបើកបររថយន្ត ទីលំនៅបច្ចុប្បន្ន ភូមិអន្រ្ទង់ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី និង មេខ្លោងឈ្មួញសត្វជនជាតិវៀតណាម ឈ្មោះ ធី វេ ភេទស្រី អាយុ៤៦ឆ្នាំ ។ វត្ថុតាងរួមមាន៖ ម៉ូតូ០១គ្រឿង ម៉ាកសង់កូរ៉េ ពណ៌ខ្មៅ ពាក់ស្លាកលេខវៀតណាម,សត្វសំពោចចំនួន០៥ក្បាល និងរថយន្ត០១គ្រឿង។

បច្ចុប្បន្នវត្ថុតាង និងមនុស្ស បានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីដើម្បីបន្តនីតិវិធី៕

Tags

Comment