នៅព្រឹកថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពីវិទ្យាស្ថានជាតិអប់រំ។ ពិធីប្រគល់សញ្ញាបត្រនេះ នឹងត្រូវធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។
គរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំ ដែលទទួលបានជ័យលាភីនេះ មានចំនួនសរុប ២,៣៨៤នាក់ នារី ១,០៦៧នាក់ បានបញ្ចប់ការសិក្សាកាលពីឆ្នាំសិក្សា២០២០, ២០២១ និង២០២២កន្លងទៅនេះ។ ជ័យលាភីនេះរួមមាន៖ អធិការអប់រំ ៦៦នាក់ នារី ១២នាក់, និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១៨១នាក់ នារី ៦៥នាក់, គ្រូបង្រៀនកម្រិតឧត្តម បណ្តុះបណ្តាលតាមរូបមន្តបរិញ្ញាបត្របូក១ ចំនួន ២,០០៥នាក់ នារី ៩៣៧នាក់, គ្រូបង្រៀនកម្រិតមូលដ្ឋានបណ្តុះបណ្តាលតាមរូបមន្ត ១២បូក២ ចំនួន ៥០នាក់ នារី ៣៦នាក់ និងនិស្សិតឯកទេសវិជ្ជាជីវៈនាយកសាលាមធ្យមសិក្សាទុតិយភូមិ ៨២ នាក់ នារី ១៧នាក់។
សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់លោកគ្រូ អ្នកគ្រូ ទាំងអស់ ដែលបានប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពបង្រៀនរហូតពីកម្រិតបឋម កម្រិតអនុវិទ្យាល័យ រហូតដល់វិទ្យាល័យ។ នៅថ្ងៃនេះ សម្តេចតេជោបានណែនាំដល់នាយកវិទ្យាស្ថានជាតិអប់រំ អោយពិនិត្យរៀបចំកន្លែងអង្គុយសម្រាប់ជ័យលាភីនៅក្រៅសាលឱ្យបានសមរម្យជាងពេលបច្ចុប្បន្ន។
សម្តេចតេជោ បានមានប្រសាសន៍រំលឹកថា ពីអតីតកាលការកសាងគ្រូបង្រៀនលំបាកណាស់ ក្នុងនោះសម្តេចតែងតែធ្វើបទឧទ្ទេសនាមនានា ដើម្បីរៀបចំគ្រូបង្រៀនមុនចេញទៅបង្រៀនសិស្ស តាមសាលារៀននានា។សម្តេចតេជោ បានមានប្រសាសន៍ថា បន្ទាប់ពីជម្នះនូវការលំបាកទាំងឡាយកាលពីអតីតកាល ពេលនេះស្ថានភាពគ្រូបង្រៀន និងការបណ្តុះបណ្តាលគ្រូមានភាពល្អប្រសើរច្រើន យើងទទួលបាននូវគ្រូបង្រៀនច្រើនសម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្ស។
សម្តេចតេជោបានមានប្រសាសន៍ថា ស្ថានភាពដ៏ប្រសើរនេះ មិនមែនដោយសារតែរាជរដ្ឋាភិបាល ឬក្រសួងអប់រំនោះទេ តែជារួមគ្នាដើម្បីការរីកចម្រើននៃប្រព័ន្ធអប់រំនៅកម្ពុជាទាំងអស់គ្នា។
សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកជាថ្មីសូមប្រទេសតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យកុំសាងកំហុសទី៣។ កំហុសពីរដែលពួកគេបានធ្វើលើកម្ពុជា រួចមកហើយនោះ ទី១ តាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ តែគាំទ្ររដ្ឋប្រហារ លន់ នល់ ទម្លាក់សម្តេច នរោត្តម សីហនុ, ទី២ តាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ តែគាំទ្ររបបខ្មែរក្រហម ដែលជារបបកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ។
សម្តេចតេជោបានមានប្រសាសន៍ទៀតថា ក្រុមប្រទេសសាងកំហុសលើកម្ពុជា មិនដែលសម្តែងការសោកស្តាយ ឬសូមទោសចំពោះកំហុសរបស់ពួកគេនោះឡើយ។ ប្រជាពលរដ្ឋខ្មែរមិនងាយបំភ្លេចនូវកំហុស ដែលប្រទេសប្រជាធិបតេយ្យបានធ្វើមកលើកម្ពុជានោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា លទ្ធផលនៃការអប់រំនៅកម្ពុជានាពេលនេះ គឺជាលទ្ធផលប្រកបដោយអត្ថន័យ ព្រោះជាលទ្ធផលបានមកដោយការប្រឹងប្រែងរបស់ពលរដ្ឋខ្មែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលបច្ចុប្បន្នសាលារត់រកសិស្ស មិនមែនសិស្សរត់រកសាលាដូចពេលមុននោះទេ។ សម្តេចតេជោមានប្រសាសន៍ បង្ហាញការរំពឹងថា នឹងមានការរួមគ្នាលើការងារអប់រំ ដើម្បីកម្ពុជាឆ្ពោះទៅរកអនាគតមួយកាន់តែរុងរឿងនាពេលខាងមុខ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អ្នកជួយកសាងសាលា សូមបន្តជួយកសាងផ្ទះគ្រូនៅតាមសាលារៀននានាផង សម្រាប់គ្រូនិងសិស្សដែលមកពីឆ្ងាយបានស្នាក់នៅបន្តការសិក្សា។សម្តេចតេជោក៏បានលើកទឹកចិត្តឱ្យមេឃុំនៅតាមឃុំនានា ជួយរៀបចំជាផ្ទះសម្បែងសម្រាប់គ្រូស្នាក់នៅផងដែរ បើសិនជាអាចធ្វើទៅបាន។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងជីវិតនយោបាយរបស់សម្តេច សម្តេចបានបំបែកឯកទគ្គកម្មចំនួន៣សំខាន់ៗរួមមាន៖ ទី១ ជារដ្ឋមន្ត្រីការបរទេសក្មេងជាងគេ, ទី២ នាយករដ្ឋមន្ត្រីក្មេងជាងគេ និង ទី៣ ជានាយករដ្ឋមន្ត្រីដែលធ្វើយូរជាងគេលើពិភពលោក។ សម្តេចតេជោបានថ្លែងបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧មក មិនមាននរណាជាមេរបស់សម្តេចនោះឡើយ មានតែសម្ដេចធ្វើជាមេគេរហូតមក។ សម្តេចតេជោបានថ្លែងថា ដើម្បីការវិភាគបានត្រឹមត្រូវ សម្តេចផ្អែកលើទស្សនៈចំនួន៣ រួមមាន៖ សម្ភារៈនិយមវីចារវិទ្យា ,ប្រវត្តិសាស្ត្រ និងតក្កវិទ្យា។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្រុមហ៊ុនប៊ូយ៉ុង របស់កូរ៉េបានសម្រេចផ្ដល់ជាថវិកា សម្រាប់ទិញរថយន្តក្រុងចំនួន១ពាន់គ្រឿង សម្រាប់បម្រើក្នុងទីក្រុងភ្នំពេញ។ សម្ដេចក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមហ៊ុនដែលបានផ្ដល់រថយន្តក្រុងក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងទៅនេះ ក្នុងការដឹកបងប្អូនប្រជាពលរដ្ឋបានទៅលេងស្រុកដោយមិនមានការគិតថ្លៃ។
ទាក់ទងទៅនឹងព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខនេះ សម្តេចតេជោបានថ្លែងថា ការយកលុយពីគណៈប្រតិភូកីឡាស៊ីហ្គេម មិនធ្វើឱ្យកម្ពុជាមានបាននោះទេ តែការមិនយកលុយនេះ នឹងធ្វើឱ្យមនុស្សចូលមកកម្ពុជាកាន់តែច្រើន ហើយប្រទេសដទៃពេលធ្វើម្ចាស់ផ្ទះស៊ីហ្គេម អាចនឹងមិនយកពីកម្ពុជាផងដែរនាពេលខាងមុខ។ សម្ដេចតេជោក៏បានបន្តឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមគាំទ្រស៊ីហ្គេមទាំងអស់គ្នា ជាពិសេសជំរុញឲ្យព្រឹត្តិការណ៍ស៊ីហ្គេមទទួលបាននូវភាពជោគជ័យ នាពេលដ៏ខ្លីខាងមុខនេះ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរឱ្យគរុសិស្ស គរុនិស្សិត ទាំងអស់ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ទទួលបាននូវភាពជោគជ័យក្នុងការងារ និងការសិក្សានាពេលបន្តបន្ទាប់ទៀត៕
Comment