• Today: December 03, 2024

ករណីម្ចាស់ដេប៉ូលក់ប្រេងឥន្ធនៈ «សូគីមិច» ស្រុកគិរីវង្ស ផ្សារទម្ពរ អាចប្រឈមមុខផ្លូវច្បាប់

ភ្នំពេញ៖ ករណីម្ចាស់ដេប៉ូប្រេងឥន្ធនៈ ក្រុមហ៊ុន សូគីមិច ផ្សារទម្ពរ ស្រុកគិរីវង្ស អាចនឹងប្រឈមចំពោះផ្លូវច្បាប់ពីបទៈ បំផ្លាញស្លាកដែលបោះត្រា និងមាត្រា ៥៣៦ និងជេប្រមាថចំពោះអ្នករាជការសាធារណៈ ខណៈមន្ត្រីជំនាញសាខា ក.ប.ប ខេត្តតាកែវ ជាសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធីច្បាប់។ 

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា នៅពេលថ្មីៗនេះ មានបុគ្គល និងសារព័ត៌មានក្នុងស្រុកមួយចំនួន បានចុះផ្សាយក្នុងប្រព័ន្ធទំនាក់ទំនងសង្គម (Facebook) ដោយចោទប្រកាន់ថា «មានមន្ត្រីស្លៀកពាក់ឯកសណ្ឋានបន្លំមួយក្រុម ចុះអនុវត្តភារកិច្ចដោយគ្មានលិខិតបញ្ហាបេសកកម្ម និងមិនសហការជាមួយអាជ្ញាធរមូលដ្ឋាន បានបិទសៀលឬស្កុតប្លាស្ទិកយ៉ាងគឃ្លីន មិនសួរនាំដល់ម្ចាស់ដេប៉ូ និងប្រើប្រាស់ ឈ្មោះអភិបាលខេត្ត និងព្រះរាជអាជ្ញា សំឡុតគំរាមទារប្រាក់ខុសច្បាប់ ដោយគ្មានមូលហេតុ»។ 

ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ  អគ្គនាយកដ្ឋាន ក.ប.ប. សូមធ្វើការបំភ្លឺជូនសាធារណ ជនឱ្យបានជ្រាបថា៖ 

១- កាលពីវេលាម៉ោង១៥និង០០នាទី នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ មន្ត្រីស៊ើបអង្កេតនៃ សាខា ក.ប.ប. ខេត្តតាកែវ ដោយមានកិច្ចសហការពីមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យដេប៉ូលក់ ប្រេងឥន្ធនៈមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ក្នុងគោលបំណងចុះត្រួតពិនិត្យ ទប់ស្កាត់នូវអំពើនិងការអនុវត្តមិនសុចរិត ក្នុងធុរកិច្ចវិស័យប្រេងឥន្ធនៈ។ 

២- ក្នុងកំឡុងពេលចុះអនុវត្តភារកិច្ច មន្ត្រីសាខា ក.ប.ប. មានស្លៀកពាក់ឯកសណ្ឋានការងារ មានស្លាកឈ្មោះ និងអត្តលេខនៅជាប់អាវ និងបានជម្រាបជូនតំណាងម្ចាស់ដេប៉ូ អំពីគោលបំណងនៃការ ចុះត្រួតពិនិត្យរបស់មន្ត្រីមានសមត្ថកិច្ចដោយអនុលោមតាមមាត្រា៤ នៃអនុក្រឹត្យលេខ១០៤ អនក្របក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ស្តីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងសញ្ញាសក្តិរបស់ មន្ត្រីរាជការ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) សូមភ្ជាប់ជូនក្នុងឧបសម្ព័ន្ធទី១ នៃសេចក្តីបំភ្លឺព័ត៌មាននេះ។ 

៣- យោងតាមប្រការ៧ កថាខណ្ឌទី១ នៃប្រកាសលេខ ១៨៣ ពណ អកបបប្រក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ស្តីពីបែបបទនិងនីតិវិធីនៃការត្រួតពិនិត្យ និងស៊ើបអង្កេត ក្រោមច្បាប់ ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ បានកំណត់ថា «មន្ត្រីស៊ើបអង្កេតអាចចូលទៅកាន់ទីតាំងណា មួយ ក្នុងម៉ោងធ្វើធុរកិច្ចធម្មតា ដើម្បីត្រួតពិនិត្យនិងស៊ើបអង្កេតបទល្មើសក្រោមច្បាប់ស្ដីពី កិច្ចការពារ អ្នកប្រើប្រាស់» សូមភ្ជាប់ជូនក្នុងឧបសម្ព័ន្ធទី២ នៃសេចក្តីបំភ្លឺព័ត៌មាននេះ។ ដោយអនុវត្តតាម ខ្លឹមសារនៃប្រកាសនេះ មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. មានសិទ្ធិពេញលេញ ក្នុង ការចូលទៅកាន់ទីតាំងណាមួយដែលកំពុងបើកធ្វើអាជីវកម្ម ដើម្បីធ្វើការត្រួតពិនិត្យបឋម។ 

៤- ដោយទទួលបានការឯកភាពពីម្ចាស់ដេប៉ូ មន្ត្រីស៊ើបអង្កេតសាខា ក.ប.ប. ខេត្តតាកែវ បានធ្វើការ ត្រួតពិនិត្យ និងបានរកឃើញថា ដេប៉ូលក់ប្រេងដែលមានទីតាំងស្ថិតនៅភូមិពោធិ៍ ឃុំព្រះបាទ ជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បានលក់ប្រេងជូនអតិថិជនមានកម្រិតលំអៀង (មិនគ្រប់លីត្រ) ក្នុងបរិមាណ ៧,៤៥ លីត្រ ក្នុង ១០០លីត្រ សម្រាប់ប្រេងម៉ាស៊ូត និង ៦,៥៥លីត្រ ក្នុង១០០លីត្រ សម្រាប់ប្រេងសាំង។ 

ករណីជាអំពើកេងបន្លំបរិមាណនេះ ត្រូវបានចាត់ ទុកថាជាអំពើនិងការអនុវត្តមិនសុចរិត ក្នុងធុរកិច្ច ដែលបំពានទៅនឹងច្បាប់ស្ដីពីកិច្ចការពារ អ្នកប្រើប្រាស់ និងត្រូវទទួលរងការពិន័យ អន្តរការណ៍ពីមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលទទួលនីតិសម្បទាជានគរបាលយុត្តិធម៌។ ដោយមិនទទួលបានកិច្ចសហការពីម្ចាស់ ដេប៉ូ មន្ត្រីមានសមត្ថកិច្ចបានស្នើសុំការអនុញ្ញាតពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ ដើម្បីបិទសៀលជាបណ្តោះអាសន្ន និងតម្រូវឱ្យម្ចាស់ដេប៉ូចូលខ្លួនមក ដោះស្រាយតាម នីតិវិធី។ 

៥- ក្រោយការបិទសៀល ម្ចាស់ដេប៉ូមិនត្រឹមតែមិនបានផ្ដល់កិច្ចសហការជាមួយមន្ត្រីមាន សមត្ថកិច្ច ប៉ុណ្ណោះទេ ប៉ុន្តែនៅបានកាត់ផ្តាច់សៀលដោយឯកឯង ដែលនេះជាអំពើបំផ្លិច បំផ្លាញ ឬគៃបំបាត់ វត្ថុដែលមានបិទស្លាកបោះត្រា ដោយអាជ្ញាធរមានសមត្ថកិច្ច និងត្រូវបានបញ្ញត្តិនៅក្នុងមាត្រា៥៣៥ (បទបំផ្លាញស្លាកដែលបោះត្រា និងមាត្រា៥៣៦ (បទបំផ្លិចបំផ្លាញ ឬគៃបំបាត់វត្ថុដែលមាន បិទស្លាកបោះត្រា) ព្រមទាំងបានធ្វើការប្រមាថ ចំពោះអ្នករាជការសាធារណៈដែលបញ្ញត្តិនៅក្នុង មាត្រា៥០២ (បទប្រមាថ) នៃក្រមព្រហ្មទណ្ឌ (សូមភ្ជាប់ជូនក្នុងឧបសម្ព័ន្ធទី៣ នៃសេចក្តីបំភ្លឺ ព័ត៌មាននេះ)។ 

សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ កន្លងមក មន្ត្រីជំនាញ ក.ប.ប សាខាខេត្តតាកែវ រកឃើញថា ម្ចាស់ស្ថានីយប្រេងឥន្ធនៈ សូគីមិច ផ្សារដើមទម្ពរ លក់សាំងមិនគ្រប់លីត្រ និងកន្លែងបន្លំប្រភេទប្រភេទ ខណៈម្ចាស់ចោទប្រកាន់ថា «មន្ត្រីខ្វះវិជ្ជាជីវ»។ 

ករណខាងលើនេះ ក្រុមមន្ត្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងក្លែងបន្លំ (ក.ប.ប) សាខាខេត្តតាកែវ អះអាងថា បានរកឃើញថា ម្ចាស់ទីតាំងស្ថានីយ៍ប្រេងឥន្ធនៈ សូគីមិច ផ្សារដើមទម្ពរ ដែលមានម្ចាស់ឈ្មោះ ឡឹក ច័ន្ទរស្មី ស្ថិតនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ត្រូវបានមន្រ្តីជំនាញ ក.ប.ប សាខាខេត្តតាកែវ រកឃើញលក់ប្រេងសាំងមិនគ្រប់លីត្រ និងក្លែងបន្លំប្រេងសាំងលក់ជូនអតិថិជន ប៉ុន្តែម្ចាស់ស្ថានីយ៍ថា “មន្ត្រីខ្វះវិជ្ជាជីវៈមួយក្រុម ប្រើឯកសណ្ឋានបន្លំចុះអនុវត្ត ភារកិច្ច ដោយគ្មានលិខិតបញ្ជាបេសកម្ម ថែមទាំងមិនបានជំរាបជូនអាជ្ញាធរមូលដ្ឋានដើម្បីសុំការសហការផងនោះ”។ 

ពាក់ព័ន្ធករណីមន្ត្រី ក.ប.ប សាខាខេត្តតាកែវ ចុះបង្ក្រាបស្ថានីយ៍ប្រេងឥន្ធនៈ សូគីមិន របស់ឈ្មោះ ឡឹក ច័ន្ទរស្មី មានគណនីហ្វេសប៊ុកឈ្មោះ Reaksmey Long បានសរសេររៀបរាប់ថា “ភូមិពោធិ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ មន្ត្រីខ្វះវិជ្ជាជីវៈមួយក្រុម ប្រើឯកសណ្ឋានបន្លំចុះអនុវត្តភារកិច្ច ដោយគ្មានលិខិតបញ្ជាបេសកម្ម ថែមទាំងមិនបានជំរាបជូនអាជ្ញាធរមូលដ្ឋាន ដើម្បីសុំការសហការផងនោះ”។ 

គណនីខាងលើបានសរសេរទៀតថា ក្រុមមន្ត្រីទាំងនោះ បានមកធ្វើសកម្មភាពបិតសៀល (ស្កត់ផ្លាសស្ទិច) យ៉ាងគឃ្លើន គ្មានការសួរនាំជាមួយម្ចាស់សហគ្រាសឡើយ យកឈ្មោះអភិបាលខេត្ត និងព្រះរាជអាជ្ញា មកគំរាមយកប្រាក់ ដោយប្រើពាក្យអសុរសបិទសិទ្ធមិនអោយម្ចាស់សហគ្រាសសួររកហេតុផល។ 

ហ្វេសប៊ុក Reaksmey Long បានសរសេរទៀតថា “ដោយឃើញសកម្មភាព អយុត្តិធម៌ពេក ក្នុងនាមប្រជាពលរដ្ឋ បានខលឆ្លងយោបលលោកអភិបាលស្រុក គ្រាន់តែឃើញខ្ញុំខលជួបអភិបាល ស្រាប់តែរុះរើដកសៀលនាំគ្នារត់ឡើងឡានទៅវិញអស់តែម្តង។ (បញ្ចាក់សុំជួយអានលិខិតបេសកម្មរបស់មន្ត្រីទាំងនេះផង) ជាលើកទីប្រាំហើយ*ជាចុងក្រោយសូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយត្ន័ជាមួយមន្ត្រីខិលខូចទាំងនេះ សូមអរគុណ”។ 

លោក លៀង សុខភា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តតាកែវ  (ក.ប.ប) ប្រាប់កាសែតថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ កន្លងមក លោកបានសហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្តតាកែវ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ ស្ថានីយ៍ប្រេងឥន្ធនៈ ផ្សារដើមទម្ពរ មានម្ចាស់ឈ្មោះ ឡឹក ច័ន្ទរស្មី ស្ថិតនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ បានដំណើរការអាជីវកម្ម លក់ប្រេងសាំងធម្មតា ប្រេងសាំងស៊ូពែរ និងម៉ាសូត។ 

លោកបន្តទៀតថា ខាងមន្រ្តីជំនាញ ក.ប.ប បានចុះត្រួតពិនិត្យរកឃើញថា “បានដាក់លក់ប្រេងសាំង ជូនអតិថិជនមិនគ្រប់លីត្រ គឺ ១០០លីត្រ បាត់អស់ ៦.៥៥លីត្រ និងប្រេងម៉ាស៊ូត ១០០លីត្រ បាត់អស់ ៧.៤៥លីត្រ និងគ្មានលក់ប្រេងសាំងស៊ូពែរ ជូនអតិថិជននោះទេ”។ 

ក្រោយពិនិត្យរកឃើញការដាក់លក់របស់ស្ថានីយ៍ប្រេងសាំងរបស់ស្ថានីយ៍ ខាងលើនេះ មិនប្រក្រតីខាងមន្រ្តីជំនាញ ក៏បានធ្វើការបិទសៀលលើដៃបាញ់ប្រេង ផ្អាកការលក់ជាប៉ុណ្ដោះអាសន្ន និងធ្វើរបាយការណ៍ ផាកពិន័យតាមនីតិវិធី ប៉ុន្តែសុំការសហការជាមួយម្ចាស់ស្ថានីយ៍ តែគាត់មិនសហការ ខាងមន្ត្រីជំនាញ ក៏ទុករយះពេល ០៣ថ្ងៃ ដើម្បីធ្វើការផាកពិន័យ។ 

លុះដល់នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ មន្រ្តីជំនាញ បានចុះដល់ទីតាំងស្ថានីយ៍ ស្រាប់តែខាងម្ចាស់ស្ថានីយ៍ បានកាត់សៀលដែលមន្រ្តីជំនាញ ក.ប.ប ចោលដោយគ្មានការអនុញ្ញាតអ្វីសោះឡើយ។ 

ចំពោះករណីនេះ មន្ត្រីមានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ មានសមត្ថកិច្ច ដើម្បីអនុវត្តនីតិវិធីបន្ត៕
 

Tags

Comment