• Today: December 03, 2024

យុវជនម្នាក់ជាអ្នកដឹកជញ្ជូនម្ហូបតាមអនឡាញបេីកម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តពីក្រោយបណ្តាលឱ្យបែកក្បាលស្លាប់ក្នុងថ្លុកឈាម


ភ្នំពេញ ៖ យុវជនម្នាក់ជាអ្នកដឹកជញ្ជូនម្ហូបតាមអនឡាញឈ្មោះ Food pandaបានស្លាប់ បន្ទាប់ពីបេីកម៉ូតូក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តពីក្រោយយ៉ាងពេញទំហឹង បណ្តាលឱ្យបោកផ្ទប់នឹងរថយន្ត បែកក្បាល កាលពីវេលាម៉ោង២និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យទី០២ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់ចំណុចច្រកចូលឃ្លាំងអង្ករ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។


   ជនរងគ្រោះមានឈ្មោះ សុខ ឡាយលឹមស្រេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកដឹកម្ហូបតាមអនឡាញ Food panda រស់នៅគីឡូម៉ែត្រលេខ៧ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
   តាមប្រភពពីកន្លែងកេីតហេតុបានឱ្យដឹងថា ដំបូងឡើយគេបានឃើញយុវជនម្នាក់ជិះម៉ូតូម៉ាក ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1HQ.8686 ដែលបេីកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជេីង លុះមកដល់ចំណុចកើតហេតុខាងលើ ដោយទីតាំងនោះងងឹតផងនោះ ហើយម៉ូតូបេីកក្នុងល្បឿនលឿនផងក៏ជ្រុលទៅបុករថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3D.9398 បណ្តាលឱ្យម៉ូតូចូលក្រោមរថយន្ត ឯម្ចាស់ម៉ូតូបោកក្បាលផ្ទប់ នឹងរថយន្តបែកក្បាលស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ។ 
    ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកវាស់វែង រួចយកម៉ូតូនិងរថយន្តទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកឯសពបានប្រគល់ជូន សាច់ញាតិយកទៅបុណ្យតាមប្រពៃណី៕


Tags

Comment