• Today: November 21, 2024

បើគ្រាន់តែអំពៅមួយដើម ម្ចាស់ចម្ការវ៉ៃធ្វើបាបក្មេងប្រុសអាយុ១៣ ឆ្នាំ ដល់សន្លប់ចូលពេទ្យនោះ សូមសមត្ថកិច្ចស្រាវជ្រាវ តើទំហំបទល្មើសនេះ ត្រូវតែសងសឹកឬ ?

 

ខេត្តព្រៃវែង ៖ ប្រសិនបើក្នុងករណី បើគ្រាន់តែក្មេងលួចកាច់អំពៅមួយដើម ឃ្លានពេកដើម្បីក្រពះ ហើយម្ចាស់ចម្ការឃើញទាន់ វ៉ៃធ្វើបាបក្មេងប្រុស អាយុ១៣ឆ្នាំ ដល់សន្លប់ចូលពេទ្យ នោះជាបទល្មើសព្រហ្មទណ្ឌហើយ ព្រោះច្បាប់មិនមានចែងអោយមានការសងសឹកទេ ! គាត់អាចឃាត់អោយសមត្ថកិច្ច ចាត់វិធានការ អប់រំ ឬធ្វើតាមនីតិវិធី។

ពាក់ព័ន្ធក្នុងករណីនេះ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានប្រាប់ អង្គភាពព័ត៌មានថា ខ្ញុំកំពុងឱ្យចុះអង្កេតស្រាវជ្រាវក្នុងករណីនេះហើយ ។ 

សូមបញ្ជាក់ថា មានគណនី facebook មួយមានឈ្មោះថា (បេះដូង មនុស្សធម៌) នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ បានបង្ហោះថា គ្រាន់តែអំពៅមួយដើម ហេតុអ្វីអ្នកវ៉ៃធ្វើបាបក្មេងដល់ថ្នាក់ ចូលពេទ្យ យ៉ាងនេះ ស្នងការខេត្ត ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ព្រមទាំងលោកអភិបាលខេត្ត Chea Somethy ជា សុមេធី មេត្តាចុះពិនិត្យបញ្ហានេះផង ។  

facebook ដដែលបន្តថា ករណីក្មេងប្រុស អាយុ 13 ឆ្នាំម្នាក់ ត្រូវបានម្ចាស់ចំការអំពៅ វ៉ៃធ្វើបាបនឹងអំពៅ រហូតដល់សន្លប់ចូលមន្ទីពេទ្យ បន្ទាប់ពីចូលទៅកាច់អំពៅគេមួយដើម ចំអែតក្រពះ ។ ករណីនេះ កើតឡើងនៅថ្ងៃទី 15 ខែ សីហា ឆ្នាំ 2023 ស្ថិតនៅក្នុង ភូមិ ដូង ឃុំ បាបោង ស្រុក ពាមរក៏ ខេត្ត ព្រៃវែង ។ ក្មេងប្រុសជនរងគ្រោះឈ្មោះ ជឿន ជន អាយុ13 ឆ្នាំ ជាសិស្ស ។ ចំណែកឯ ម្ចាស់ចំការដែលវ៉ៃធ្វើបាបក្មេងនោះ ឈ្មោះ វាសនា រស់នៅភូមិឃុំ ជាមួយក្មេងរងគ្រោះ  ។

 បើតាមសំដីក្មេងរងគ្រោះបានអោយដឹងថា ដំបូងឡើយ គេនិងក្មេងប្រុសម្នាក់ទៀត បានទៅដើរលេង នៅក្បែរចំការអំពៅនោះ ហើយក៏ស្រេកទឹក ក៏ឃើញអំពៅក៏ចូលទៅកាច់មួយដើមដើម្បីហូបបំបាត់ស្រេកទឹក ស្រាប់តែពេលនោះម្ចាស់ចំការមកទាន់ក៏ចាប់វ៉ៃ ក្មេងរងគ្រោះនោះនឹងអំពៅ វ៉ៃអស់អំពៅមួយដើមក៏កាច់អំពៅមួយដើមទៀតវ៉ៃរហូតឡើងទ្រោមខ្លួន សន្លប់បាត់ស្មារតី ចំណែកក្មេងម្នាក់ទៀតក៏រត់ទៅប្រាប់ឪពុកក្មេងរងគ្រោះ ក៏បញ្ជូន ជនរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាម ។ គ្រួសារក្មេងរងគ្រោះ ក៏ដូចជា ប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន សូមអំពាវនាវដល់សមត្ថកិច្ច ជាពិសេស លោកអភិបាលខេត្ត នឹង លោកស្នងការខេត្ត មេត្តាជួយរកយុត្តិធម៌ ដល់ជនរងគ្រោះផង ។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានប្រាប់ថា ខ្ញុំអោយមន្ត្រីជំនាញចុះទៅអង្កេតស្រាវជ្រាវហើយ ។ 

សូមបញ្ជាក់ថា ការវ៉ៃ ប្រើហិង្សាលើកុមារ អាយុ ១៣ឆ្នាំ ដែលខ្លួនយល់ថា ជាក្មេងល្មើស លួចកាច់អំពៅគាត់ ដោយសារស្រេកទឹកពេក ម្ចាស់ចំការអាចក្លាយជាជនល្មើសវិញ ខណៈច្បាប់គ្មានចែង អោយមានការសងសឹក ហើយសូម្បីតែមន្ត្រីនគរបាលយុត្តិធម៌ ចាប់ឃាត់ខ្លួន ជនសង្ស័យក្នុងបទល្មើសជាក់ស្តែង ក៏ការពារ ជនសង្ស័យតាមផ្លូវច្បាប់ដែរ។ ត្រឹមនាំខ្លួនធ្វើការសាកសួរ តាមនីតិវិធី បើមានពិរុទ្ធភាព នៃបទល្មើស កសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

 ក្នុងន័យនេះ មិនមែនយើង លើកទឹកចិត្តឱ្យកុមារ ឬនរណាម្នាក់ ប្រព្រឹត្តបទល្មើសនោះឡើយ ប៉ុន្តែទំហំ នៃការប្រព្រឹត្តបទល្មើស  តើមាន ទោសទណ្ឌកម្រិតណា ? ៕

Tags

Comment