កាលពីល្ងាចថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២៣ មានភ្លៀងលាយឡំជាមួយនឹងខ្យល់កន្ទ្រាក់បានបោកបក់ មកលើឃុំចំនួន៤ នៅក្នុងស្រុកទឹកឈូ ខេត្តកំពត បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន៤១១គ្រួសារ បានធ្វើឱ្យរងការខូចខាត់មធ្យម និងធ្ងន់ធ្ងរ។
បន្ទាប់ពីបានទទួលដំណឹងខាងលើ កាកបាទក្រហមកម្ពុជាបាននាំយកអំណោយមនុស្សធម៌មួយចំនួនទចែកជូនគ្រួសារពលរដ្ឋរងគ្រោះភ្លាមៗ។
កាលពីរសៀលថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពត បានអញ្ជើញចូលរួមដំណើរដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋងាយរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៤១១គ្រួសារ(និងមានរងគ្រោះមធ្យម ៤០៩គ្រួសារ និងរងគ្រោះធ្ងន់ធ្ងរមានចំនួន ២គ្រួសារ) មកពីឃុំចំនួន៤ ក្នុងស្រុកទឹកឈូ។
ពិធីនេះបានរៀបចំធ្វើឡើងនៅក្នុងបរិវេណវត្តពោធិ៍ ដែលស្ថិតនៅភូមិវត្តពោធិ៍ ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។
នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ជាប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋដោយក្តីនឹករឭកបំផុត ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
ឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង ហើយសូមបង្កើនការប្រុងប្រយ័ត្ននៅពេលមេឃភ្លៀង កុំឱ្យក្មេងតូចៗចេញពីផ្ទះ ហើយលុបបំបាត់ថ្លុកជ្រាំនៅក្បែរផ្ទះ ត្រូវគេងក្នុងមុង ចូលរួមគោរពច្បាប់ចរាចរណ៍ និងជាពិសេស ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តរួមដំណើរជាមួយរាជរដ្ឋាភិបាល ការពារសមិទ្ធិផល ការពារសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើនបន្តទៅមុខ។
ឯកឧត្តមអភិបាលខេត្តក៏បានជូនអំណោយសម្រាប់គ្រួសាររងគ្រោះមធ្យមចំនួន៤០៩គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖អង្ករ២៥គីឡូក្រាម ត្រីខ១០កំប៉ុង ទឹកត្រី១យួរ មី១កេស ឆៃប៉ូវផ្អែម១កញ្ចប់ និងថវិកា៥ម៉ឺនរៀល ខណៈដែលគ្រួសាររងគ្រោះធ្ងន់ធ្ងរ២គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ឆៃប៉ូវផ្អែម១កញ្ចប់ កៅស៊ូតង់១ដុំ និងថវិកា១លានរៀល។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃ រួមមាន អង្ករ៥០គីឡូក្រាម ទឹកត្រី២យួរ ត្រីខ២០កំប៉ុង មី២កេស ទឹកសុទ្ធ២កេស និងថវិកា៥០ម៉ឺនរៀល។
Comment